បញ្ញវន្ត​សង្ឃ​បិណ្ឌ​បាត្រ​កុំ​សង់រោង​រំខាន​ចរាចរ ហើយ​ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ

1378
ចែករម្លែក

​​ដោយៈ មេសា​/ភ្នំពេញៈ ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង ព្រះ​ភិក្ខុ សឿ ហេង​បាន​ក្រើនរំឭក​ដល់​អ្នក​ធ្វើបុណ្យ​កឋិន អំពី​ការសាងសង់​រោងបុណ្យ​ថា  យើង​ធ្វើបុណ្យ គឺ​យើង​ចង់បាន​បុណ្យ​កុសល ហើយ​អត្ថន័យ​ដ៏​សាមញ្ញ និង ងាយ​យល់ នៃ ពាក្យ​ថា បុណ្យ គឺ​ភាពសប្បាយ ភាព​រីករាយ ឬ អ្វី​ដែលជា​ភាព​ទីទៃ​ពី​ការ​មាន​ទុក្ខលំបាក ដែល​បានសេចក្តីថា សប្បាយ​ទាំង​ម្ចាស់​ទាន ឬ អ្នកធ្វើ​បុណ្យ​ផង អ្នកដទៃ​ក៏​សុខ​សប្បាយ​ផង ។ ប្រសិនបើ​លោកអ្នក​ធ្វើ​រោងបុណ្យ ឬ រោង​ពិធី​ផ្សេងៗ នៅលើ​ផ្លូវ ធ្វើឱ្យ​អ្នកដទៃ​ធ្វើដំណើរ​មិនកើត ឬ ធ្វើដំណើរ​ដោយ​លំបាក ពោលគឺ​ធ្វើឱ្យ​អ្នកដទៃ​លំបាក​ដោយសារ​រោងបុណ្យ​នោះ បុណ្យ​របស់​យើង​នោះ ក៏​មិនសូវ​បាន​បុណ្យ​កុសល​ដែរ ហើយក៏​មិន​ស័ក​សមជា​ពុទ្ធបរិស័ទ​ដ៏ ជា​អ្នកមាន​ស្មារតី និង មានចិត្ត​បុណ្យ​ផង ។

ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង ជា​ព្រះ​ចោ​អធិការ​វត្ត​ធុតង្គ​ចំការ​ដូង ( រូបៈ មេសា )

​ការលើកឡើង​របស់​ព្រះ​ភិក្ខុ សឿ ហេង បែបនេះ ដោយសារ​ជា​ញឹកញាប់​ត្រូវបាន​គេ​ឃើញថា មាន​រោងបុណ្យ ឬ រោង​ពិធី​ផ្សេងៗ បាន​សាសង់​នៅលើ​ដងផ្លូវ ឬ បិទផ្លូវ បង្ក​កា​រក​ស្ទះ ឬ រំខាន​ដល់​ការធ្វើដំណើរ​របស់​ជនានុជន ហើយក៏​ត្រូវបាន​រអ៊ូរ​ទាំ ធុញទ្រាន់ និង រិះគន់​ដោយ​ប្រការ​ផ្សេងៗ ។ ពេលខ្លះ​រោង​នោះ គឺ​ពិធី​មង្គល ដូចជា​រោង​អាពាហ៍ពិពាហ៍​ជាដើម ប៉ុន្តែ​នៅពេលដែល​មានការ​រំខាន​បែប​នោះ ក៏មាន​អ្នកខ្លះ​ជេរ​ស្តី ដែល​បានសេចក្តីថា មិនទាន់​ទទួលបាន​មង្គល​ផង ក៏ត្រូវ​គេ​ដាក់​បណ្តាសា​រួចទៅហើយ​ដោយសារតែ​ការ​សង់រោង​រំខាន​ដល់​ការធ្វើដំណើរ​បស់​សាធារណជន ។​

​ហេតុនេះ ព្រះមហា​សមណៈ សឿ ហេង បាន​បិណ្ឌ​បាត្រ​ដល់​លោក​អ្នកធ្វើ​រោងបុណ្យ ឬ រោង​ពិធី​ផ្សេងៗ ត្រូវ​ចេះ​លៃលក​មើល​ស្ថានភាព​ផ្លូវ ទុកឱ្យ​ជនានុជន អាចធ្វើ​ដំណើរ​ទៅមក​បាន​ដោយ​ងាយ ចៀសវាង​ឱ្យបាន​នូវ​ការរំខាន​ដល់​ការធ្វើដំណើរ​របស់​សាធារណជន ឬ អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ ដោយសារតែ​ការសាងសង់​រោងបុណ្យ ឬ រោង​ពិធី​របស់ខ្លួន​ឡើយ ។ ប្រសិនបើ​ចាំបាច់ ក៏​គប្បី​លៃលក​រក​អ្នក​ស​ម្រូ​ល​ចរាចរ ឱ្យបាន​ស្រួលបួល ។

ដ​ល់​ពេល​រឹតបន្តឹង​ការសង់​រោង​នៅលើ​ផ្លូវ​ហើយ ( រូបៈ ឯកសារ )

​មួយទៀត​សោត ព្រះ​ភិក្ខុ សឿ ហេង បន្ថែមថា លោកអ្នក​ដែលជា​អ្នកធ្វើ​បុណ្យ ឬ ម្ចាស់​ពិធី​ផ្សេងៗ​ក្តី លោកអ្នក​ដែលជា​អ្នក​ទៅ​ចូលរួម​បុណ្យ ឬ ពិធី​នោះៗ​ក្តី ត្រូវ​គិតគូរ​យកចិត្តទុកដាក់​អំពី​បញ្ហា​សំរាម​ឱ្យ​មែនទែន ។ បើ​និយាយ​អំពី​បុណ្យ​កុសល​វិញ ប្រសិនបើ​លោកអ្នក​ទៅ​បុណ្យ ឬ ធ្វើ​ពិធី​ផ្សេងៗ​ហើយ បោះចោល​សំរាម​ពាសវាល​ពាសកាល បង្កក្តី​លំបាក​ដល់​អ្នកដទៃ ធ្វើឱ្យ​អ្នកដទៃ​ពិបាក ឬ មិន​សប្បាយចិត្ត​ដោយសារ​សំរាម​របស់​យើង​នោះ បុណ្យ ឬ ពិធី​មង្គល​របស់​យើង ក៏​មិនសូវ​បាន​កុសល ឬ មិនសូវមាន​មង្គល​សិរី​សួស្តី​ដែរ ។​

​ហេតុនេះ ត្រូវ​ចេះ​វិច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ល្អ ឱ្យមាន​សណ្តាប់ធ្នាប់​របៀប​រប​រយ ទុកដាក់​ក្នុង​ធុងសំរាម កុំ​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល ។ ទោះបី​មិនបាន​យកទៅ​ចោល​នៅ​ធុងសំរាម​ទេ ក៏​គប្បី​វិច​ខ្ចប់​ហើយ ត្រូវ​គរ​ទុកដាក់​នៅ​កន្លែង​ណាមួយ​ឱ្យបាន​សមរម្យ ដើម្បី ឱ្យ​ក្រោយពេល​ចប់​បុណ្យ ឬ ពិធី​នានា​នោះ​ទៅ ងាយ​នឹង​ប្រមូល​យកទៅ​ចោល ងាយ​នឹង​សម្អាត ។​

​ធ្វើបែបនេះ គឺជា​កា​រង​បង្ហាញឱ្យឃើញ​អំពី​ភាព​ចេះដឹង ភាពចាស់ទុំ ភាព​មាន​ម្ចាស់ការ ភាព​មាន​ទំនួល​ខុសត្រូវ ភាព​ស្អាតបាត ភាព​មាន​អនាម័យ គឺជា​កិត្តិយស និង ជា​សេចក្តីថ្លៃថ្នូរ​របស់​យើង​ជា​ខ្មែរ​ផង និង ជា​ពុទ្ធសាសនិក​ផង ៕ Kh

ការបោះ​សំរាម​ចោល​ពាសវាល​ពាសកាល ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ផង ប៉ះពាល់​ដល់​សុខភាព​ផង ( រូបៈ ឯកសារ )

#