បញ្ញវន្ត​សង្ឃ : ប្រវត្តិ​និង​អត្ថន័យ​សំខាន់នៃបុណ្យមាឃបូជា ​គឺ​សាង​ក្តី​ល្អ​

751
ចែករម្លែក
  • 73
    Shares

ដោយ:មេសា​/ភ្នំពេញ ៖ ពិធីបុណ្យ​មាឃបូជា ត្រូវបានធ្វើ​នៅ​ថ្ងៃ ១៥ កើត ខែ មាឃ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ កុម្ភៈ គឺជា​បុណ្យ​សំខាន់​លំដាប់​លេខ២ ក្នុង​ព្រះពុទ្ធ​សាសនា បន្ទាប់ពី បុណ្យពិសាខបូជា ។ ទោះយ៉ាងណា បុណ្យមាឃបូជា (និងបុណ្យ​ពិសាខបូជា) គឺជា​បុណ្យ​បវេណី​របស់​ពុទ្ធសាសនិក គឺ​មិនមែនជា​បុណ្យ​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ ពោល​គឺជា​បុណ្យ​ដែល​ត្រូវបាន​តាក់តែងឡើង​ដោយ​ពុទ្ធបរិស័ទ ហើយ​មិនមែន​ត្រូវបាន​បញ្ញត្តិ​ឡើង​ដោយ​ព្រះសម្មាសម្ពុទ្ធ​ឡើយ ។​

ប្រវត្តិ​សង្ខេប​នាំឲ្យមាន​បុណ្យមាឃបូជា​គម្ពីរ​ក្នុង​ពុទ្ធសាសនា ហើយ​ដែល​ត្រូវបាន​គេ​បង្កើតជា​ផ្ទាំងគំនូរ​ជាច្រើន បាន​ចែងថា នៅ​ថ្ងៃ១៥កើត ខែមាឃ មុន​ព​ទ្ធ​សករាជ ៣ខែ បន្ទាប់ពី​ព្រះ​សិទ្ធត្ថ​គោត្ត​ម បាន​ត្រាស់ដឹង​ជា​ព្រះ​សម្ម​សម្ពុទ្ធ និងបាន​បំពេញ​ពុទ្ធ​កិច្ច​អស់​រយៈ៤៥ព្រះវស្សា ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ជន្ម​ជិត​គម្រប់៨០ព្រះវស្សា ព្រះ​ពុទ្ធអង្គ​បាន​ប្រកាសថា ព្រះអង្គ​នឹង​យាង​ចូល​បរិនិព្វាន​ក្នុង​រយៈពេល៣ខែទៀត ហើយ​ព្រឹត្តិការណ៍​នោះ ត្រូវបាន​ហៅថា ការប្រកាស​ដាក់​អាយុសង្ខារ។

មួយទៀត​គឺ​នៅ​ប្រទេស​ឥណ្ឌា នា៥៨៨ឆ្នាំ មុន​គ្រិស្តសករាជនា ថៃ្ង​ទី១៥ កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះពុទ្ធ​អង្គ​ចំនួន៩ខែ មាន​សមាជិក​សង្ឃ ចំនួន១.២៥០ អង្គ​គត់ ដែល​សុទ្ធតែជា​ព្រះអរហន្តបាន​ហោះ​ពី​ទី​រៀងៗ​អង្គ​ទៅ​គាល់​ព្រះ​សម្ម​សម្ពុទ្ធ​នៅក្នុង​ព្រៃ​ឬ​ស្សី បង្កើតបានជា​មហាសន្និបាត​មួយ។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ បានប្រកាស​គោលការណ៍ ចំនួន១១ប្រការ ដែល​ត្រូវបាន​ហៅថា ឱវាទ​បាដិមោក្ខ ។ ឱវាទ​បាដិមោក្ខ គឺជា​មាគ៌ា​គោល​សម្រាប់​មនុស្ស​គ្រប់រូប​ប្រព្រឹត្ត​កាន់ និង យកទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នកដទៃ​ឱ្យ​ប្រព្រឹត្ត​កាន់​ដែរ។ ព្រះ​សារីបុត្រ ត្រូវបាន​ប្រកាស​ជា​អគ្គសាវ័ក​ស្តាំ រីឯ​ព្រះ​មោគល្លាន ត្រូវបាន​ប្រកាស​ជា​អគ្គសាវ័ក​ឆ្វេង​នៅក្នុង​មហាសន្និបាត​នោះដែរ។ ពុទ្ធសាសនិក​ទូទាំង​ពិភពលោក រៀបចំ​ពិធីបុណ្យ​មាឃបូជា ដើម្បី​រម្លឹក​ព្រឹត្តិការណ៍​ទាំង​នោះឯង​។​

​ទស្សនវិជ្ជា​បង្កប់​នៅក្នុង​បុណ្យមាឃបូជា​ ៖

ដោយហេតុថា ខ្លឹមសារ​រួម នៃ ឱវាទបាតិ​មោក្ខ គឺ​ក​រិ​យា​ជម្រះ នូវ​រាល់​អកុសល ហើយ​សាង​នូវ​អំពើ​ជា​កុសល ទើប​ព្រះ​ភិក្ខុ សឿ ហេង នៃ កម្មវិធី​សំឡេង​ព្រះធម៌​វត្ត​ចំការ​ដូង បាន​ពន្យល់ថា ខ្លឹមសារ​សំខាន់ នៃ ពិធី​បុណ្យ​មាឃបូជា គឺ​ការ​សាង​សេចក្តី​ល្អ ហើយ​ការកសាង​ក្តី​ល្អ​នោះ​ទៀតសោត គឺជា​ទង្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ នៅក្នុង​សង្គម និង គ្រួសារ។ ហេតុនេះ គេ​គប្បី​ធ្វើអំពើ​សប្បុរស​​នានា ដូចជា​រៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន ដាំ​ដើមឈើ​ម បិ​រ​ច្ចាគ​ទាន​ដល់​កុមារកំព្រា ដល់​ទុរគតជន ជន​ចាស់ជរា និង អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ជាដើម ដើម្បី បង្ហាញ​នូវ​មេត្តាធម៌​ចំពោះ​គ្នា​នឹង​គ្នា ។​

​ពុំមាន​ឯកសារ​បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ ការបង្កើត​ពិធីបុណ្យ​មាឃបូជា​នេះឡើយ ប៉ុន្តែ​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ភាគ ២ បាន​កត់ត្រា​ថា ប្រទេស​កម្ពុជា បានចាប់​ផ្តើម​​ប្រារព្ធ​ពិធីបុណ្យ ពិសាខបូជា នៅ​ពុទ្ធ​សក​រា ២.៣៩៧ ត្រូវ​នឹង​គ្រិស្តសករាជ ១៩៨៥។​

​សេចក្តី​នេះ​ត្រូវបាន​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​សន្និដ្ឋានថា បុណ្យមាឃបូជា ក៏​ប្រហែលជា​ត្រូវ ធ្វើ​នា​អំឡុងពេល​នឹង​បុណ្យពិសាខបូជា​នោះដែរ ដ្បិត បុណ្យពិសាខបូជា និង មាឃបូជា​​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ។​

ប្រការ​គួរឲ្យកត់សម្គាល់​មួយ​ដែរនោះ​គឺថា ពិធីបុណ្យ​ទាន​នានា​ក្នុង​ព្រះពុទ្ធសាសនា ដូចជា​ពិធីបុណ្យ​មាឃបូជា នេះ​ជាដើម ត្រូវបាន​កត់សម្គាល់ថា ភាគច្រើន​មានតែ​វត្តមាន​មនុស្ស​ចាស់ ពោលគឺ​ពុំ​សូវ​ឃើញ​មាន​វត្តមាន​របស់​កុមារ និងយុវជន​ឡើយ ដែល​ប្រការនេះ​មើលទៅ​ហាក់ដូចជា​ថា ពិធីបុណ្យ​ទាំងនោះ គឺជា​បុណ្យ​របស់​ព្រះសង្ឃ និង មនុស្ស​ចាស់​តែប៉ុណ្ណោះ ។​

ចំណុច​នេះ​ព្រះមហា​សមណៈ ​សឿ ហេង បាន​សង្កត់ធ្ងន់ថា វត្តមាន​របស់​កុមារ និង យុវជន គឺជា​រឿង​ដ៏​សំខាន់​ណាស់ ដែល​គេ​មិន​គប្បី​បំភ្លេច​ឡើយ ដោយ​ព្រះអង្គ​ពន្យល់​ថា ” ចំពោះ​កុមារ និង យុវជន ហាក់ដូចជា​រញ៉េរញ៉ៃ ឬ មិនសូវមាន​សណ្តាប់​ធ្នាប់​បន្តិច​ក៏ពិតមែន ប៉ុន្តែ ប្រសិនបើ​យើង​មិន​រៀបចំ​ឱ្យមាន​ពួកគាត់​ទេ នៅពេល​ផុតពី​មនុស្ស​ចាស់​ទៅ តើ​បាន​អ្នកណា ជា​អ្នក​បន្តវេន ? ។ មួយសោត យើង​ជា​មនុស្ស​ចាស់​បាន​ចេះដឹង​ខុសត្រូវ ស្គាល់​ប្រពៃណី​ទំនៀមទម្លាប់ ចំណែក​កុមារ និង យុវជន ភាគច្រើន​មិនទាន់​ចេះ​ទេ ហេតុនេះ ត្រូវតែ​នាំ​ពួកគាត់ ឱ្យបាន​ស្គាល់ បាន​ចេះ​ដឹងផង ព្រោះថា ប្រទេសជាតិ ឬ ប្រព​ណៃ​វប្បធម៌ និង សាសនា សុទ្ធតែ​ត្រូវការ​អ្នក​បន្តវេន អ្នក​បន្តវេន​នោះ គឺ​កុមារ និង យុវជន​នោះឯង គ្មាន​អ្នកណា​ទីទៃ​ពីនេះ​ឡើយ ហើយ​អ្នក​បន្តវេន ត្រូវតែ​ជា​អ្នក​ដែលមាន​គុណភាព ប្រសិនបើ​អ្នក​បន្តវេន​គ្មាន​គុណភាព​ទេនោះ ប្រទេស​ជាតិ ប្រពៃណី​វប្បធម៌ និង សាសនា ក៏​នឹង​ទៅតាម​នោះដែរ ” ។

របៀប​ប្រារព្ធ​បុណ្យមាឃបូជា​ ៖
​បុណ្យមាឃបូជា គឺជា​បុណ្យប្រពៃណី​របស់​អ្នក​កាន់​ពុទ្ធសាសនា គឺ​មិនមែនជា​បុណ្យ​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ ឡើយ។ ដូច្នេះ​បុណ្យ​នេះ ត្រូវបាន​គេ​ធ្វើតាម​ទម្លាប់​ពី​បុរាណ។​
​តាម​​​​ទំនៀម នៅ​ថ្ងៃពេញបូណ៌មី ខែ មាឃ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ កុម្ភៈ ព្រះសង្ឃ និង ពុទ្ធបរិស័ទ​សម្អាត​ទី​វត្ត​អារាម​នីមួយៗ​គួរ​ជាទី​ជ្រះថ្លា ។ លុះ​ពេល​រសៀល ព្រះសង្ឃ និង ពុទ្ធបរិស័ទ​ជួបជុំគ្នា​នៅក្នុង​វត្ត​អារាម ដើរ​ប្រទក្សិណ​ព្រះវិហារ បី ជុំ ។ វត្ត​ខ្លះ​រៀបចំ​ពិធី​ដង្ហែ​ជុំវិញ​វត្ត ខណៈ​វត្ត​ខ្លះ​រៀប​ក្បួន​ដង្ហែ ចេញពី​ទី​សក្ការបូជា​សាធារណៈ​ឆ្ពោះទៅកាន់​ទីវ​ត្ត ហើយក៏​ឃើញ​មាន​បុគ្គល​សំខាន់ៗ​នៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ជាតិ​ចូលរួម​ផងដែរ ។

លុះ​ជួបជុំគ្នា​នៅក្នុង​ព្រះវិហារ​ហើយ ព្រះសង្ឃ​មួយអង្គ សូត្រ​សិក្ខាបទ។ បន្ទាប់មក​ព្រះសង្ឃ ពីរ​អង្គ សូត្រ​សរសើរ​ព្រះ​ពុទ្ធគុណ លុះ​ចប់ ព្រះសង្ឃ​សម្តែង​ទេសនា អំពី​ប្រវត្តិ​របស់​ព្រះពុទ្ធ ឆ្លាស់គ្នា​រហូតដល់​អា​ធ្រា​ត្រ។ លុះ​ព្រឹក​ឡើង​គេ​ប្រគេន​ចង្ហាន់​ពេលព្រឹក ដល់​ព្រះសង្ឃ​ជា​កិច្ចបញ្ចប់​ពិធីបុណ្យ។ ចំណែក​នៅ​ទី​សក្ការបូជា​ខ្លះ មាន​ប្រារព្ធ​ពិធីរាប់បាត្រ​ព្រះសង្ឃ​យ៉ាង​ឱឡារិក៕B/

ចំណងជើង​រូបៈ ព្រះ​ភិក្ខុ សឿ ហេង នៃ កម្មវិធី​សំឡេង​ព្រះធម៌ វត្ត​ចំការ​ដូង (រូបថត ៖ សឿ ហេង​)