បញ្ញវ័ន្ត​សង្ឃៈ បរាភវ​សូត្រ មិនមែនជា​ធម៌​ហៅ​ប្រេត​ទេ គឺជា​ធម៌​សម្រាប់​មនុស្ស​នៅរស់​

2140
ចែករម្លែក

​ភ្នំពេញ​៖ ជា​រៀងរាល់ឆ្នាំ ឱ្យតែ​រដូវ​កាល​ភ្ជុំបិណ្ឌ ចូល​មកដល់​ភ្លាម គេ​តែងតែ​បានឮ​សំឡេង ព្រះធម៌​បរាភវ​សូត្រ ត្រូវបាន​ព្រះសង្ឃ សូត្រ ឬ ចាក់​តាម​ឧបករណ៍​បំពង​សំឡេង យ៉ាង​ពីរោះ​រងំ គ្រប់​វត្ត​អារាម ។ លុះ​គ្រាន់តែ ចប់​រដូវ​កាល​ភ្ជុំបិណ្ឌ​ភ្លាម បរាភវ​សូត្រ ក៏​បាត់​សំឡេង លែង​ឮ​ព្រះសង្ឃ​សូត្រ ឬ លែង​ត្រូវបាន​គេ​ចាក់​ភ្លាម​ដែរ​។ ចំណែក​អ្នកខ្លះ យល់ថា ធម៌​បរាភវ​សូត្រ ថា​ជា​ធម៌​សម្រាប់​សូត្រ ហៅ​ប្រេត ទើប​ធម៌​នេះ ត្រូវបាន​សូត្រ ឬ ចាក់​តែ​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដូច្នេះ ។ ប្រការនេះ ញ៉ាំងឱ្យ​មនុស្ស​មួយចំនួន ឆ្ងល់​ថា ហេតុអ្វី​បានជា​ដូច្នោះ តើ​ធម៌​នេះ សម្រាប់តែ​សូត្រ ឬ ចាក់​ក្នុងពេល​ភ្ជុំបិណ្ឌ ឬ​យ៉ាងណា ហើយ​បើ​សូត្រ ឬ ចាក់​ក្នុងឱកាស ឬ​ពិធីបុណ្យ​ផ្សេង​បានដែរ ឬទេ ? ។

​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងលើនេះ បញ្ញវ័ន្ត​សង្ឃ សាន ភា​រ៉េត គង់នៅ​វត្ត​បទុម​វ​តី បាន​ពន្យល់ថា ” ទី​១ ដោយសារ​ធ្វើតាម​ទម្លាប់​ចាស់ទុំ ពីមុនមក ធម៌​នេះ សូត្រ ឬ ចាក់​នៅពេលណា ក៏បាន គ្មាន​ទាស់ខុស​អ្វី​ទេ ។ មូល​ហេតុដែល​ព្រះសង្ឃ​សូត្រ ក្នុងពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នោះ មិនមែន​សូត្រ​ហៅ​ប្រេត​ទេ ប៉ុន្តែ​គឺ​ដោយសារ ធម៌​បរាភវ​សូត្រ​នេះ ជា​ធម៌​វែង​។ ចំណែក​ពិធីបុណ្យ​ផ្សេងៗ មិនមាន​ពេល​គ្រប់គ្រាន់ ក្នុងការ​សូត្រ ឬ ចាក់​ធម៌​នេះ ។ មួយទៀត​សោត អំឡុងពេល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ មាន​ពុទ្ធបរិស័ទ​ចេញចូល​វត្ត​ច្រើន អំណោយផល ដល់​ការសូត្រ ឬ ចាក់​ធម៌​នេះ ព្រោះ​មាន​អ្នក​ស្តាប់​ច្រើន​។ ចំណែក​ក្នុង​ថ្ងៃ​ធម្មតា មិនសូវមាន​ពុទ្ធបរិស័ទ ទៅ​វត្ត​ច្រើន ក៏​មិនសូវមាន​អ្នក​ស្តាប់ ទើប​ព្រះសង្ឃ មិន​សូត្រ ឬ មិន​ចាក់ ។ ទោះយ៉ាងណា ជា​ញឹកញាប់ ព្រះសង្ឃ ក៏បាន​ដកស្រង់​ផ្នែក​ណាមួយ នៃ​បរាភវ​សូត្រ​នេះ លើក​យកទៅ​វែកញែក ក្នុងពេល​ទេសនា ជាដើម​ដែរ ” ។​
​ ​
​គួរ​បញ្ជាក់ថា ធម៌​បរាភវ​សូត្រ ក៏​ជា​ធម៌ ដូចជា ព្រះ​សូត្រ​ដទៃ​ដែរ ពោលគឺ​ដើមឡើយ​ធម៌​នេះ គឺ​នៅ​ជា​ភាសាបាលី ប៉ុន្តែ​ត្រូវបាន​ប្រែ​សម្រួល ជា​កំណាព្យ​ខ្មែរ នៅ​ឆ្នាំ ១៩៥៤ ដោយ​ព្រះគ្រូ ឯក ញឹម ខេត្តបាត់ដំបង ។​
​ ​
​បរាភវ​សូត្រ ជា​ធម៌​បរិយាយ អំពី​វិថី​នាំទៅ​រកក្តី​វិនាស ក្នុង​លោក​មាន ១២ កង​គឺ​៖ ទី​១. អ្នក​ស្អប់​ធម៌ ទ្រូ​ស្ត​ធម៌ ពោលគឺ​ឱវាទ​ដំបូន្មាន បង្ហាញផ្លូវ​ល្អ ផ្លូវ​អាក្រក់ , ទី​២. មិន​សេពគប់​លោកអ្នក​ចេះដឹង លោកអ្នក​សប្បុរស បែរ​ទៅ​សេពគប់​បុគ្គល​ពាល​ល្ងង់ខ្លៅ ជន​អសប្បុរស​, ទី​៣.​អ្នកណា​ដេក​ច្រើន និយាយ​ច្រើន ខ្ជិលច្រអូស មិន​ធ្វើការ មិនចេះ​ទប់ ពេល​ខឹង​បន្តិចបន្តួច​កំហឹង ក៏​បង្ហាញ​ឱ្យ​អ្នកដទៃ​ដឹងបាន​, ទី​៤. អ្នកមាន​ទ្រព្យ​ច្រើន មិន​ផ្គត់ផ្គង់​មាតាបិតា​, ទី​៥. ការ​កុហក​បោកប្រាស ,​ទី​៦. មានទ្រព្យ​ច្រើន មិន​ចែករំលែក យកអាសារ​ញាតិផង , ទី​៧.​បុគ្គល​មាន​ឋានៈ បុណ្យ កិត្តិយស ទ្រព្យសម្បត្តិ ចំណេះវិជ្ជា​ជាដើម ក៏​ប្រកាន់ ឫកពារ​ក្រអឺតក្រទម​ឆ្មើងឆ្មៃ , ទី​៨. អ្នកប្រព្រឹត្ត​ល្បែង​ស្រី ល្បែង​ស្រា ល្បែង​ពាលា និង ល្បែងភ្នាល់​ទាំងពួង , ទី​៩. បុគ្គល​មិន​ត្រេកអរ​នឹង​ប្រពន្ធ ឬ​ប្តី​របស់ខ្លួន ហើយ​ទៅ​ត្រេកអរ​នឹង​ស្ត្រី ឬ​បុរស​ផ្សេង មាន​ពេស្យាចា​ជាដើម , ទី​១០. មនុស្ស​ចាស់​ជ្រុល​ពេក ហើយ​ទៅយក​មនុស្ស វ័យក្មេង ធ្វើជា​ប្រពន្ធ ឬ​ធ្វើជា​ប្តី , ទី​១១. តាំង​មនុស្ស​ខុស​ជំនាញ ឬ មិនមាន​ជំនាញ ល្ងង់ខ្លៅ​ជាដើម និង​ទី ១២. ជន​ដែល​មិនមាន​សមត្ថភាព លក្ខណៈ​គ្រប់គ្រាន់ ប៉ុន្តែ​មានចិត្ត​លោភ ចង់​ធ្វើ​ធំ បង្ក​ប្រមូលផ្តុំ ផ្គុំ​បានជា​បក្ខពួក បង្កើត​ចលាចល​ឧបាយកល​ទុច្ចរិត ។​
​ក្តី​វិនាស​ទាំងនេះ គឺ​វិនាស​ក្តី​សុខ វិនាស​កិត្តិយស វិនាស​ទ្រព្យសម្បត្តិ វិនាស​ញាតិ និង​វិនាស​សុខភាព​ជាដើម ហើយ​ការវិនាស​ទាំងនេះ គឺជា​អ្វីដែល​គេ​មើលឃើញ នៅក្នុង​លោក​នេះ គឺ​មិនមែន​រង់ចាំ ដល់​ជាតិ​ខាងមុខ​ឡើយ ៕ ដោយ​: មេសា​

បរាភវ​សូត្រ មិនមែន​ព្រះសង្ឃ​សូត្រ​ដើម្បី​ហៅ​ប្រេត​ទេ ប៉ុន្តែ​គឺ​សូត្រ​ឱ្យ​មនុស្ស​នៅរស់​ស្តាប់ ( សូត្រធម៌​បរា )
​ព្រះ​ភិក្ខុ សាន ភា​រ៉េត ( សា​នភា​រ៉េត​)