បញ្ញាវន្ត​សង្ឃៈ ពិធី​ស្រង់​ព្រះ​បង្កប់​អត្ថន័យ​២​យ៉ាង​ដ៏​ល្អ​ប្រពៃ​

1906
ចែករម្លែក
  • 24
    Shares

ដោយៈ មេសា​/​ភ្នំពេញៈ ពិធី​ស្រង់​ព្រះ​គឺជា​កិច្ច​មួយ ដែល​ខេ​មរ​ពុទ្ធសាសនិក​តែងតែ​ធ្វើ នៅ​ថ្ងៃទី ៣ ន័យ​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ។ ពាក្យ​ថា​ស្រង់​នៅទីនេះ បានន័យថា លាង​សម្អាត​ដោយ​ទឹក សំដៅ​ដល់​ការ​បោស និង លាង​សម្អាត​វត្ថុ​ជាទី​សក្ការៈ​ទាំងឡាយ ដូចជា ព្រះពុទ្ធ​បដិមា ទេវ​បដិមា ព្រះសង្ឃ មាតាបិតា និង ចាស់ព្រឹទ្ធាចារ្យ ជាដើម ដែលជា​បុគ្គល​ខ្ពង់ខ្ពស់​ទៅដោយ​គុណ មាន​សីលគុណ​ជាដើម ។ ចំណែក​អ្នក​ដែល​ស្លាប់​ទៅហើយ គេ​ក៏​អាច បោសសម្អាត​អដ្ឋិធាតុ​របស់លោក​ទាំង​នោះបាន​ដែរ ។ តាម​ការបង្រៀន​របស់​ព្រះពុទ្ធ បុគ្គល​ដែល​ស្រង់​ព្រះ​ដូច​បាន​រៀបរាប់​មកនេះ នឹង​បាន​អាស​ង្ស ដូចជា​រូប​កាយ​ស្រស់ស្អាត និង គ្មាន​រោគ ជាដើម ។​

ព្រះភិក្ខុ សឿ ហេង ព្រះគ្រូចៅអធិការវត្តធុតង្គចំការដូង ( រូបៈ មេសា)

​ព្រះ​ភិក្ខុ សឿ ហេង ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង អះអាងថា ពិធី​ស្រង់​ព្រះ​បង្កប់​ទៅដោយ​អត្ថន័យ​សំខាន់ៗ​២​យ៉ាង​គឺ​៖

១. ចំពោះ​ស្រង់​ព្រ​ពុទ្ធបដិមា គឺជា​ការលាង និង បោសសម្អាត ព្រះពុទ្ធ​បដិមា និង អាសនៈ​ព្រះ​ពុទ្ធបដិមា​ជាដើម ឱ្យបាន​ស្អាត​ល្អ ។ ចំពោះ​ការ​ស្រង់​ព្រះសង្ឃ ជាពិសេស ការ​ស្រង់​មាតាបិតា និង ចាស់​ព្រឹទ្ធ​ចា​រ្យ​នោះ​គឺ ដោយសារ​ដោយសារ​រដូវ​កាល​នេះ ( អំឡុងពេល មុន និង ក្រោយ​បុណ្យចូលឆ្នាំថ្មី ) គឹជា​រដូវ​កាល​ដែលមាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាង​ពេលណា​ណា នៃ ឆ្នាំ និង មាន​ធុ​លី​ដី​ច្រើន ។ អំឡុង​ពេលនេះ មនុស្ស​គ្រប់គ្នា ជាពិសេស​មនុស្ស​ចាស់ទុំ ក្តៅស្អុះ​ស្អាប់ ត្រូវការ​ទឹក​ប្រើប្រាស់​ច្រើនជាង​ពេលណា​ណា​ទាំងអស់ នៃ ឆ្នាំ ។ ប៉ុន្តែ​ពួកគាត់​ដែលជា​មនុស្ស​ចាស់ ពិបាកទៅ​ដងទឹក​ពី​ស្រះ ពី​អណ្តូង​ដោយ​ខ្លួន​គាត់ ។ ដូច្នេះ ពិធី​ស្រង់​ព្រះ គឹជា​ការ​ក្រើនរំឭក​ដល់​កូន ចៅ ឱ្យ​យកចិត្តទុកដាក់​ផ្គត់ផ្គង់​ទឹក​ដល់​មាតាបិតា និង ចាស់ព្រឹទ្ធាចារ្យ ជន​ចាស់ជរា​ក្រីក្រ​ឥត​ទីពឹង​ពំនាក់​ជាដើម ពោលគឺ​មិនមែន​តែ​ឳ​ពុក​ម្តាយ​របស់ខ្លួន​ឡើយ ឱ្យបាន​គ្រប់គ្រាន់ ។​

​ពេលដែល​ព្រះពុទ្ធ​បដិមា​ត្រូវបាន​សម្អាត ព្រះសង្ឃ មាតាបិតា និង មនុស្ស​ចាស់ព្រឹទ្ធាចារ្យ មនុស្ស​ចាស់ជរា​ក្រីក្រ ឥត​ទីពឹង​ពំនាក់ បាន​ប្រើប្រាស់​ទឹក​ដែល​កូនចៅ​ផ្គត់ផ្គង់​នោះ​ហើយ ក៏បាន​ត្រជាក់​ក្សាន្ត សុខសាន្ត​ក្នុង​ខ្លួន នោះ​ហើយ​គឺជា​ប្រភព​នៃ​បុណ្យ​កុសល ។​

​អត្ថន័យ​ទី ២ ដែលជា​អត្ថន័យ​ដ៏​សំខាន់ និង ស៊ីជម្រៅ​ល្អ​ប្រពៃ​ជាងនេះទៅទៀត​នោះ​ព្រះ​ភិក្ខុ សឿ ហេង ពន្យល់ថា ” បុ​រា​ណា​ចា​រ្យ​ខ្មែរ​ដែល​បង្កើត​ពិធី​ស្រង់​ព្រះ​នេះ គឺ​លោក​ប្រៀប​ប្រ​ដូ​ក​ទឹក ដែលជា​វត្ថុ​ត្រជាក់​ក្ខេ​ម​ក្សាន្ត​នោះ ទៅនឹង​ចិត្តមេត្តា គឺ​លោក​ឱ្យ​យក​ទឹកចិត្ត​មេត្តា ទៅ​លាងជម្រះ ចិត្ត អាក្រក់ ចិត្ត​គំនុំ​គុំ​គួ​ន ចិត្ត​ចងអាឃាត​ព្យាបាទ ចិត្ត​កំណាញ់ ឈ្នា​និ​ស ចិត្ត​កំហឹង ចិត្ត​ក្តៅ​រោលរាល​នោះ​ចេញ​ឱ្យអស់ ហើយ​ជំនួស​ដោយ​ទឹកចិត្ត​មេត្តា ប្រណី​សន្តោស អាណិតអាសូរ ករុណា ចិត្ត​ស្រឡាញ់​រាប់អាន​គ្នា អនុគ្រោះ​អត់ឱន​ដល់​គ្នា អភ័យទោស​ដល់​គ្នា ចេះ​យកអាសារ​គ្នា​ទៅវិញទៅមក បង្កើត​ក្តី​សុខ ចម្រុងចម្រើន​ដល់​គ្នា​ទៅវិញទៅមក ” ។​

​ដោយហេតុនេះ ព្រះមហា​សមណៈ​ខេ​មរ​បញ្ជ​វន្ត​សង្ឃ សឿ ហេង បានផ្តល់​ឱវាទ​២ យ៉ាង​ថា ទី ១. ចូរ​ធ្វើឱ្យ​ប្រាកដថា មាតាបិតា ចាស់ព្រឹទ្ធាចារ្យ និង ជន​ចាស់ជរា​ក្រី​ក្រី​ឥត​ទីពឹង​ពំនាក់ មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ , ទី ២. ចូល​យក​ទឹកចិត្ត គឺ​មេត្តា ទៅ​សម្អាតចិត្ត​អកុសល​ទាំងឡាយ​ឱ្យ​ពី​ខ្លួន ដើម្បី ទទួលយក​ពរជ័យ​ឆ្នាំ​ថ្មី ហើយ​ធ្វើខ្លួន​ជា​កូន​ល្អ​សម្រាប់​គ្រួសារ ជា​ពលរដ្ឋ​ល្អ ជា​មន្ត្រី​ល្អ ជា​បុគ្គលិក​ល្អ និង ជា​អ្នកដឹកនាំ​ល្អ​សម្រាប់​ស្ថាប័ន និង ប្រទេសជាតិ ។​

​សូម​ជម្រាប​ពិធី​ស្រង់​ព្រះ មិន​មែ​នេះ​ជា​ពិធី​ដែល​ចែង​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ​ទេ ប៉ុន្តែ​គឺជា​ពិធី​ដែល​បង្កើតឡើង​ដោយ​បុ​រា​ណា​ចា​រ្យ​ខ្មែរ​សុទ្ធសាធ ហេតុនេះ ពិធី​ស្រង់​ព្រះ ក៏​ពុំមាន​ធ្វើ​នៅ​បណ្តា​ប្រទេស​ណា​ផ្សេង​ដែរ ៕ Kh


អត្ថន័យសំខាន់ នៃ ពិធីស្រង់ព្រះ មាន២ យ៉ាងគឺ ១. ជាការំឭកឱ្យផ្គត់ផ្គង់ទឹកដល់មនុស្សចាស់ និង ទី ២. ឱ្យយកចិត្តមេត្តាជំនួសចិត្តអកុសល ( រូបៈ ឯកសារ)