បញ្ញវន្ត ៖ ចិន​គួរ​តាមដាន​ផែនការ​យោធា​របស់​អាមេរិក​និង​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាងកើត

248

​បញ្ញវន្ត​ចិន​ម្នាក់​ឈ្មោះ តា ជី​កាង បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​ថា ចិន​និង​ជប៉ុន​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​ជួសជុល​របង​ព្រំដែន ខណៈដែល​ការមិនជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ទាក់ទង​ទៅនឹង​ជម្លោះ​សមុទ្រ​និង​ដែនដី​មិនអាច​ដោះស្រាយ​ចប់​ក្នុងពេល​តែមួយ​យប់នោះ​ឡើយ​។ យោងតាម​លោកតា ជី​កាង បានឱ្យដឹងថា ដំណោះស្រាយ​បញ្ហា​រសើប​បំផុត​ចាំបាច់​ត្រូវតែ​ពន្យារពេល​។​

​ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​តូ​ក្យូ​បាន​សន្យា​បើក​ទំព័រ​ថ្មី​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជំរុញ​ប្រទេស​ជប៉ុន​ឱ្យ​ពង្រឹង​នូវ​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន ដែលមាន​គោលបំណង​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​។​

​និយាយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​នៅ​ចិន លោក តា ជី​កាង នាយក​វិទ្យាស្ថាន​អាស៊ី​ឦសាន​នៅក្រោម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ហី​ឡុង​ជាំ​ង បានធ្វើការ​ពន្យល់ថា ខណៈដែល​ចិន​និង​ជប៉ុន​កំពុង​ស្វែងរក​ភាព​ធូរស្រាល​ខាង​ទំនាក់ទំនង​ទ្វេភាគី របាយការណ៍​ស្តីពី​ផែនការ​យោធា​អាមេរិក​-​ជប៉ុន​បាន​ជះ​ស្រមោល​មកលើ​ទស្សនវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​។​

​លោក​ជី​កាង​និយាយថា “​សហរដ្ឋអាមេរិក​និង​ជប៉ុន​កំពុង​រៀបចំ​ផែនការ​សកម្មភាព​រួម​គ្នា​មួយ​ប្រឆាំងនឹង​សត្រូវ​តូចតាច នោះ​គឺ​អ្នកនេសាទ​ចិន​ប្រដាប់អាវុធ​។ តំបន់​ដែល​ជប៉ុន​មាន​ផែនការ​ផ្តល់នូវ​សន្តិសុខ គឺពាក់ព័ន្ធ​នឹង​តំបន់​មួយ​នៃ​ជម្លោះទឹកដី​ជាមួយ​ចិន​។ ជប៉ុន​បានធ្វើ​ពិពិធ​កម្ម​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​និង​ស្វែងរក​ការពង្រឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការយោគយល់​គ្នា​ទៅវិញទៅមក បង្កើត​យន្តការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ចិន ខណៈ​ក្នុងពេល​ជាមួយគ្នា​នោះដែរ​បាន​យកចិត្តទុកដាក់​យ៉ាង​ជិតស្និទ្ធ​ទៅលើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​”​។​

​លោក​បាន​សង្កត់ធ្ងន់ថា ចិន​មានការ​បារម្ភ​អំពី​សកម្មភាព​របស់​ជ​ប៉ុន​និង​អាមេរិក​។ ទោះយ៉ាងណា បញ្ញវន្ត​ចិន​រូបនេះ​បាន​បន្ថែមថា “​វា​ជាការ​ចាំបាច់​ណាស់​ដែល​ត្រូវ​យល់ថា បញ្ហា​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាច្រើន​មិនអាច​ដោះស្រាយបាន​ក្នុងពេល​តែមួយ​យប់នោះ​ឡើយ​”​។​

​លោក​ជី​កាង​និយាយថា “​យើង​សង្ឃឹមថា​អ្នកនយោបាយ​ជប៉ុន​នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ចិន​-​ជប៉ុន​។ ជប៉ុន​គួរតែ​ផ្តោត​សំខាន់​ទៅលើ​ស្ថានភាព​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ចំណងមិត្តភាព​រវាង​ចិន​-​ជប៉ុន​ក៏ដូចជា​ដើម្បី​សន្តិភាព​និង​ស្ថិរ​ភាពមិន​ត្រឹមតែ​នៅ​តំបន់​អាស៊ី​ភាគ​ឦសាន​និង​អាស៊ី​បូព៌ា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​ផងដែរ​”​។​

​លោក​ជី​កាង​ជឿជាក់ថា​ជម្លោះ​ដែនដី​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​មិនគួរ​គ្របដណ្ដប់​លើ​និន្នាការ​វិជ្ជមាន​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ទំនាក់ទំនង​រវាង​ទីក្រុង​តូ​ក្យូ​និង​ប៉េកាំង​នោះទេ​។​

​លោក​បានចង្អុលបង្ហាញ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ខែតុលា​របស់លោក​អា​បេ​ទៅកាន់​ប្រទេស​ចិន ក្តីសង្ឃឹម​មួយ​បាន​លេច​រូបរាង​ឡើង​សម្រាប់​ទំនាក់ទំនង​ល្អប្រសើរ​ឡើង​រវាង​ចិន និង ជប៉ុន​។ លោក​ជី​កាង​បាន​ដកស្រង់​របាយការណ៍​មួយ​ដោយ​និយាយថា លោក​ស៊ី​រំពឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ជប៉ុន​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨-២៩ មិថុនា ឆ្នាំ ២០១៩​។​

​បញ្ញវន្ត​រូបនេះ​បាន​និយាយថា “​យើង​ត្រូវតែ​ដឹងថា ទំនាក់ទំនង​ចិន​-​ជប៉ុន​ឥឡូវនេះ​កំពុង​ឈានដល់​ដំណាក់កាល​ថ្មី​។ ចិន​និង​ជប៉ុន​នៅតែមាន​ការខ្វែងគំនិត​គ្នា​និង​ទំនាស់​ខ្លះ​ទាក់ទង​នឹង​តំបន់​សមុទ្រ ការកំណត់​ព្រំដែន ការអភិវឌ្ឍ​រួមគ្នា​និង​សន្តិសុខ​នៃ​ទឹកដី​ជម្លោះ​”​។​

​ដូច្នេះ​សំណួរ​នឹង​សួរថា​តើ​ជម្លោះ​ទាំងនេះ​អាច​នឹង​កើតឡើង​រួមគ្នា​ជាមួយ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​សេដ្ឋកិច្ច​រវាង​មហាអំណាច​យក្ស​អាស៊ី​ទាំង​២​ដែរ​ឬ​អត់​ទេ​។​

​យោងតាម​លោក​ជី​កាង បញ្ហា​ដែនដី​និង​សន្តិសុខ​ជាច្រើន​មិនអាច​ដោះស្រាយបាន​ក្នុងពេល​តែមួយ​យប់​នោះទេ​។ “​ដំណោះស្រាយ​បញ្ហា​ទាំងនេះ​ត្រូវ​ពន្យារពេល ហើយ​បញ្ញា​ទាំងនេះ​ត្រូវតែ​ដោះស្រាយ​ក្នុងអំឡុង​រយៈពេល​យូរ​”​។​

​កាលពី​ថ្ងៃទី ២៦ ខែតុលា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ិន​ហ្សូ អា​បេ បានប្រកាសថា ពួកគេ​ត្រៀមខ្លួន​ដើម្បី “​បង្កើត​យុគសម័យ​ថ្មី​សម្រាប់​ចិន​និង​ជប៉ុន​”​។​

​លោក​អា​បេ​បាន​និយាយថា “​រាប់​ចាប់ពី​ការប្រកួតប្រជែង​រហូត​ដល់​ការរួមរស់​ជាមួយគ្នា ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​និង​ចិន​បាន​ឈានដល់​ដំណាក់កាល​ថ្មី​”​។​

​ទោះយ៉ាងណា​នៅក្នុង​ខែ​ដដែល​នោះ​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​បាន​រាយការណ៍​ថា​ក្រុម​អ្នកឯកទេស​គោលនយោបាយ​អាមេរិក​មួយក្រុម​បានផ្តល់​អនុសាសន៍​ថា កងកម្លាំង​ស្វ័យការពារ​ជប៉ុន​និង​មន្ទីរ​បញ្ច​កោណ​បង្កើតជា “​កម្លាំង​ភារកិច្ច​រួមគ្នា​មួយ​” ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ដែល​ចិន​បានដាក់​មកលើ​តៃវ៉ាន់​ក៏ដូចជា​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​។​

​លើសពីនេះ​ទៀត​ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន​នេះ​បានកត់សម្គាល់​ថាស​ហរ​ដ្ឋ​អាមេរិក​និង​ជប៉ុន​នឹង​បង្កើត​ផែនការ​យោធា​រួម​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ប៉េកាំង​មកលើ​ប្រជុំ​កោះទាវ​យូ​/​ស៊ិន​កា​គុ នៅ​សមុទ្រ​ចិន​ខាងកើត​នៅត្រឹម​ខែមីនា​ឆ្នាំ ២០១៩​។ កាលពីដើម​ខែមករា​ឆ្នាំ ២០១៨ ជប៉ុន​និង សហរដ្ឋអាមេរិក​បាន​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​តាម​កុំព្យូទ័រ​លើ​ការការពារ​រួមគ្នា​នៃ​ប្រជុំ​កោះទាវ​យូ​ពី​ការ​លុកលុយ​របស់​ចិន​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Sputniknews របស់​រុស្ស៊ី​