ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ បញ្ហាដោះស្រាយបាននិងបញ្ហាប្រឈមដែលដោះស្រាយមិនទាន់បានក្នុងវេទិការពិគ្រោះយោបល់ និងការចុះប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ។
អ្នករៀបចំឲ្យដឹងថា គោលបំណងនៃវេទិកាសារធារណៈនេះគឺបានផ្ដល់ ១.ព័ត៌មានដល់ប្រជាពលរដ្ឋអំពីកម្មវិធី និងយុទ្ធសាស្ត្រដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ។
២.ដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានខេត្តរបស់មន្ត្រីក្រុមការងារថ្នាក់ជាតិ។
៣.លើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។
៤.បញ្ហាប្រឈមដែលមិនអាចដោះស្រាយបានដោយក្រុមការងារក្រោមជាតិចុះមូលដ្ឋានខេត្ត ត្រូវជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់លើដោះស្រាយ ជាដើម ។
ចំណែកប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាមួយចំនួន ដូចជាបង្គោលភ្លើងនិងការតភ្ជាប់ចរន្តអគ្គីសនី បញ្ហាទំនាស់ដីភូមិ៣ បញ្ហាទឹកមិនស្អាតនៃក្រុមហ៊ុនរោងចក្រទឹកស្អាតបន្ទាយមានជ័យនិងមិនទាន់ចុះថ្លៃដូចអគ្គីសនី បញ្ហារំលោភយកដីកំពុងទឹកស្ទឹងនិងដីចំណីស្ទឹង ផ្លូវធ្វើហើយឥតមានប្រព័ន្ធលូ និងសុំផ្លូវថ្មីៗ …ដែលដោះស្រាយមិនបាន ។
បញ្ហាសេវាសាធារណ: បញ្ហាបង់ពន្ធដារនិងសេវាសុរិយោដីយឺតយ៉ាវហើយស្មុគ្រស្មាញ បញ្ហាភូមិឃុំមានសុវត្ថិភាព និងសំណូមពរជួយរកទីផ្សារនិងលំនឹងតម្លៃកសិផលជាដើម ដែលដោះស្រាយបានមួយចំនួនធំ នៅសល់មួយចំនួនតូច ។ល។
លោក អ៊ុ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថា: រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន មាយករដ្ឋមន្ត្រូីក្នុងនីតិកាលទី៦នៃរដ្ឋសភា ក៏ដូចក្រសួងស្ថាប័ន ក៏អាជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តនូវគោនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបង្ខិតសេវាសាធារណៈឲ្យនៅកៀកជិតប្រជាពលរដ្ឋ ហើយកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធភាព។
បញ្ហាដូចខាងលើ លោក អ៊ុ រាត្រី និងប្រធាន អនុប្រធាននិងតំណាងមន្ទីរ អង្គភាពនានាបានឆ្លើយបកស្រាយបំភ្លឺ និងរកដំណោះស្រាយផ្នែកខ្លឹមសារជូនប្រជាពលរដ្ឋវិញភ្លាមៗ តែការអនុវត្តជាក់ស្តែងនឹងមាននៅតាមក្រោយ ។
ចំពោះ បញ្ហាដោះស្រាយមិនបាន ត្រូវបញ្ជូនទៅថ្នាក់ជាតិអោយដោះស្រាយ ៕B/