បញ្ហា​តែងតាំង​ស្នងការ​ខេត្តសៀមរាប​ថ្មី​មានការ​រិះគន់​,​ផ្កាយ​១​អង្គុយ​ក្រោម ស័ក្តិ​៥​អង្គុយ​លើ​

5372

(​ភ្នំពេញ​) ៖ អតីត​អធិការ​ក្រុង​សៀមរាប ដែល​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ថា​ត្រូវ​លោក​អភិបាលខេត្ត​សៀមរាប​ស្នើ​ក្រសួង​​អោយ​តែងតាំង​ជា​ស្នងការ​ខេត្តសៀមរាប​ថ្មី​ជំនួស​លោក​ឧត្ដមសេនីយ៍ ហូ វ៉ាន់​នី គឺ​លោក​វរៈសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង​នោះ បាន​ដឹកនាំ​​ប្រជុំ​ជា​លើកដំបូង​នៅ​ព្រឹក​ថ្ងៃទី ១១ កក្កដា​២០១៧ តែ​រូបភាព​មើលទៅ​ហាក់​សោះកក្រោះ​ដោយ​មន្ត្រីប៉ូលិស​ភាគច្រើន​មាន​ទឹកមុខ​មិន​​រីករាយ និង​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​នោះ គឺ​ស្នងការរង​ពាក់​ផ្កាយ​១​អង្គុយ​ក្រោម​ ​ឯ​ស្នង​ការឡើង​ថ្មី​ពាក់​ស័ក្តិ​៥​អង្គុយ​ជា​អធិបតី​។​

​ចំពោះ​បញ្ហា​នេះ មានការ​រិះគន់​ពី​សំណាក់​មហាជន ដែលថា “​តាមរយៈ​រូបភាព​មន្ត្រី​ដែល​ចូលប្រជុំ​ព្រឹក​នេះ​ហាក់ដូច​បង្ហាញ​ការមិន​សប្បាយចិត្ត​និង​មិនបាន​យកចិត្តទុកដាក់​ស្ដាប់​មតិ​លោកស្នងការ​ថ្មី​នេះ​ទេ​។ មន្ត្រី​ខ្លះ​ឱន​ឈ្ងោក​មុខមន្ត្រី​ខ្លះ​អោន​មើល​ទូរស័ព្ទ​និង​​មន្ត្រី​ខ្លះទៀត​ងាក​ជជែក​គ្នា​។ ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កា​រៀបចំ​របៀប​ប្រជុំ​ក្នុង​ស្នងការដ្ឋាន​ខុសពី​ការប្រជុំ​នៅ​ស្នងការ​រាជ​​ធានី​-​ខេត្ត​ដទៃ លោកស្នងការ​ថ្មី​អង្គុយ​ខាងលើ​តែម្នាក់ឯង​ដោយ​មិន​អោយមាន​ស្នងការរង​នៅ​អង្គុយ​អម​ដូច​រាជធានី​-​ខេត្ត​ដ៏​ទៃ​ឡើយ​។ មាន​ស្នងការរង​ខ្លះ​ពាក់​ស័ក្តិ​ឧត្ដមសេនីយ៍ ក៏ត្រូវ​ចុះទៅ​អង្គុយ​ខាងក្រោម​ដែរ​”​។​
​ ​
​យ៉ាងណាក្ដី បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​កន្លងមក រដ្ឋបាល​ខេត្តសៀមរាប​ក៏​បានចេញ​សេចក្ដីបំភ្លឺ​ចំពោះ​ការតែងតាំង​ផ្លាស់ប្ដូរ​ស្នង​​ការ​នគរបាល​ខេត្ត​ថ្មី​នេះ ថា “​ជាការ​ធម្មតា​សម្រាប់​ការបំពេញ​តួនាទី​ភារកិច្ច​របស់​មន្ដ្រីរាជកា​រ ហើយ​ការតែងតាំង​សម្រេច​នេះ​គឺជា​​សិទ្ធិ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ និង​ក្រសួងមហាផ្ទៃ​ដោយមាន​ហេតុផល​សមរម្យ​។ ម្យ៉ាងទៀត លោក​ទិ​ត្យ ណា​រ៉ុង​ស្នងការ​នគរបាល​​ខេត្ត ដែល​ទើប​តែងតាំង ពុំមាន​ជាប់សាច់​ញាតិ ឬ​ខ្សែលោហិត​របស់​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប​ឡើយ​”៕