បញ្ហា​ប្រឈម​នឹង​ក្លាយជា​បំណុល​បើ​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​មិន​រក​ដំណោះស្រាយ​

1025
ចែករម្លែក

(​កំពត​)៖ បញ្ហា​នឹង​ក្លាយជា​បំណុល ខណៈដែល​ចំណង​ទាំងនោះ បានកើត​ឡើង​ហើយ បែរជា​អាជ្ញាធរ ស្រុក ឃុំ ភូមិ មិន​ជួបជុំ​ពិភាក្សា​ជាមួយ​គ្រប់ភាគី ដើម្បី​រក​ដំណោះស្រាយ​។ នេះ​ជា​ប្រសាសន៍​របស់​អភិបាល​ខេត្តកំពត ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ​មកពី​ទូទាំង​ស្រុក​បន្ទាយមាស​។

​ថ្លែង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា បញ្ហា​នឹង​ក្លាយជា​បំណុល​ដែល​នាំ​ដល់​ការពិបាក ខណៈដែល​ចំណង​ទាំងនោះ បានកើត​ឡើង​ហើយ​បែរជា​អាជ្ញាធរ ស្រុក ឃុំ ភូមិ មិន​ជួបជុំ​ពិភាក្សា​រក​ដំណោះស្រាយ​។ ជាធម្មតា​នៅទីណា​ក៏​ដូច​ទីណា​ដែរ បញ្ហា​ប្រឈម​កើតមានឡើង​ដូចៗ​គ្នា​។ ដើម្បី​បញ្ចៀស និង​កាត់បន្ថយ​បាន គ្រប់​មន្ត្រី នៃ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ត្រូវ​រួមគ្នា​ប្រមូល​បញ្ហា​ប្រឈម​នានា ក្នុង​មូលដ្ឋាន​របស់ខ្លួន​ធ្វើការ​ដោះស្រាយ​កុំឱ្យ​វិវត្តន៍​កាន់តែ​ធំ​ឡើង​។ ក្នុងករណី​លើសពី​ដែន សមត្ថភាព​ដែល​មិនអាច​ដោះស្រាយបាន រដ្ឋបាល​ស្រុក​ត្រូវដាក់​ចូលទៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​មាន​ចំណាត់​ការបន្ត​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​របស់​ខេត្តកំពត បញ្ហា​ប្រឈម​នានា​ក៏បាន​កើត​ឡើងជា​បន្តបន្ទាប់ ដែល​តម្រូវឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​អន្តរាគមន៍ ប្រកបដោយ​ប្រសិទ្ធភាព​។ ដំណោះស្រាយ​នៅ​ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត មិនមែន ដើម្បី​ឈានទៅ​កំណត់ថា ភាគី​ណាមួយ​ឈ្នះ ហើយ​ភាគី​ណាមួយ​ត្រូវ​ចាញ់ នោះដែរ ពោល​គឺជា​ស្ពាន​ចម្លង​រក​ភាព​ចំណេញ​ទាំងសងខាង​។ ប៉ុន្តែ​បើ​ភាគី​នីមួយៗ​ដាច់ខាត​ត្រូវការ​ឈ្នះ​ជា​ចាំបាច់ នោះ​ត្រូវ​ទុក​តួនាទី​ឱ្យ​ស្ថាប័ន​តុលាការ​ជា​អ្នកសម្រេច​សេចក្តី​។​

​សូមបញ្ជាក់ថា ការជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ស្រុក​បន្ទាយ មាស​នៅ​ត​រសៀល​ថ្ងៃទី​១២ ខែមីនា​នេះ ជា​លើក​ទី​ពីរ​បន្ទាប់ពី​ស្រុក​ជុំ​គិរី​។ ក្រោយពី​ទទួល​តំណែង​ជា​អភិបាល​ខេត្តកំពត កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨ លោក​ជាវ តា​យ​បាន​បញ្ជាក់ថា លោក​នឹង​បន្ត​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ក្រុង​ស្រុក មន្តីរ អង្គភាព​ដើម្បី រួម​កាយ​ចិត្ត​ឈានទៅ​អភិវឌ្ឍ​ខេត្ត​ឱ្យ​កាន់តែ​រីកចម្រើន​៕L ដោយ​៖ បូកគោ​

#