បញ្ហា​យន្តហោះ 737 Max របស់​ក្រុមហ៊ុន Boeing ធ្វើឱ្យ​ការបញ្ជាទិញ​ក្នុងតម្លៃ ៦០០ ពាន់​លាន​ដុល្លារ​ស្ថិតក្នុង​ហានិភ័យ​

159
ចែករម្លែក
  • 209
    Shares

​សៀវភៅ​បញ្ជា​ទិញ​ទុក​មុន​តម្លៃ ៦០០ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Boeing Co. សម្រាប់​យន្តហោះ​ធុន 737 Max របស់ខ្លួន​បានចាប់ផ្តើម​រង្គោះរង្គើ បន្ទាប់ពី​អតិថិជន​ធំៗ​ជាច្រើន​បាន​គំរាម​ពិចារណា​ឡើងវិញ​នូវ​ការបញ្ជាទិញ​របស់​ពួកគេ​បន្ទាប់ពី​មានការ​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី ដែលជា​ឧបទ្ទវហេតុ​ទី​ពីរ​ពាក់ព័ន្ធ​នឹង​ការធ្លាក់​យន្ដហោះ​ចាប់តាំងពី​ខែតុលា​។​

​ក្រុមហ៊ុន VietJet Aviation JSC ដែល​បង្កើន​ការបញ្ជាទិញ​ទ្វេដង​រហូតដល់​ប្រហែល ២៥ ពាន់​លាន​ដុល្លារ​កាលពី​ខែ​មុន​បាន​និយាយថា ខ្លួន​នឹង​សម្រេចចិត្ត​លើ​ផែនការ​អនាគត​របស់ខ្លួន នៅពេលដែល​មូលហេតុ​នៃ​សោកនាដកម្ម​ត្រូវបាន​រកឃើញ​។ ក្រុមហ៊ុន Kenya Airways Plc កំពុង​ពិនិត្យ​សំណើ​ទិញ​យន្តហោះ Max និង​អាច​ប្តូរ​ទៅរក​យន្តហោះ​គូប្រជែង A320 របស់​ក្រុមហ៊ុន Airbus SE​។ ក្រុមហ៊ុន Utair Aviation PJSC របស់​រុស្ស៊ី​កំពុង​ស្វែងរក​ការធានា មុនពេល​ទទួលយក​យន្តហោះ​ដំបូង​ចំនួន ៣០ គ្រឿង​។​

​យោងតាម​អ្នក​ដែល​ដឹង​អំពី​ផែនការ​នេះ​បានឱ្យដឹងថា ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូនេស៊ី​មានបំណង​ទម្លាក់ចោល​ការបញ្ជាទិញ​តម្លៃ ២២ ពាន់​លាន​ដុល្លារ​សម្រាប់​យន្តហោះ Boeing 737 ដើម្បី​ងាក​ទៅរក​យន្តហោះ Airbus​។ ដោយឡែក ការបញ្ជាទិញ​តម្លៃ ៥,៩ ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន Saudi Arabian Airlines កំពុង​ស្រពិចស្រពិល​ដូចគ្នា​។​

​យន្ដហោះ 737 ដែល​បាន​ចូល​បម្រើ​ទីផ្សារ​លើកដំបូង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ គឺជា​ម៉ូ​ដែល​លក់ដាច់​បំផុត និង​ជា​អ្នក​រកចំណូលបាន​ច្រើន​បំផុត​របស់​ក្រុមហ៊ុន Boeing ។ យន្តហោះ Max ដែល​កែ​វិស្វកម្ម​ឡើងវិញ​យ៉ាង​ល្អប្រសើរ បាន​បង្កើន​នូវ​ការបញ្ជាទិញ​ច្រើនជាង ៥.០០០ គ្រឿង​ដែលមាន​តម្លៃ​លើសពី ៦០០ ពាន់​លាន​ដុល្លារ រាប់បញ្ចូល​ទាំង​យន្តហោះ​ដែល​បាន​ដឹក​ដល់ដៃ​អតិថិជន​រួចរាល់​។​

​ក្រុមហ៊ុន Boeing ដែល​ភាគហ៊ុន​របស់​ពួកគេ​បាន​បាត់បង់​តម្លៃ ១១ ភាគរយ​នៅ​សប្តាហ៍​នេះ កំពុង​ប្រឈម​នឹង​ហានិភ័យ​ហិរញ្ញវត្ថុ បន្ទាប់ពី​គ្រោះមហន្តរាយ​ពីរ​ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ថ្មី​ចុងក្រោយ​បំផុត​ពីរ​គ្រឿង​របស់ខ្លួន​ក្នុង​រយៈពេល​៥​ខែ​កន្លងមកនេះ​។ ភាគហ៊ុន​បាន​កើន​ឡើងវិញ​បន្តិច​គឺ ០,៥​ភាគរយ​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ញូវយ៉ក បន្ទាប់ពី​ឃើញ​ការធ្លាក់ចុះ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ​។​

​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​អេ​ត្យូ​ពី​បាន​កើតឡើង​ប្រហែល​៥​ខែ​បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ម៉ូ​ដែល Boeing 737 Max មួយទៀត​កាលពី​ថ្ងៃទី ២៩ ខែតុលា ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូនេស៊ី​។​

​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​នានា និង​ក្រុមហ៊ុន Boeing ចាប់ផ្តើម​មាន​ភាពជូរចត់ បន្ទាប់ពី​ក្រុមហ៊ុន Boeing បានចង្អុលបង្ហាញ​អំពី​បញ្ហា​ថែទាំ​មិន​ដិតដល់​និង​កំហុស​របស់​មនុស្ស​នៅ​ក្រុមហ៊ុន Lion Air ជា​មូលហេតុ​បង្ក​ឱ្យ​ធ្លាក់​យន្តហោះ ទោះបីជា​អ្នកបើក​យន្តហោះ​បាន​ប្រឹងប្រែង​ជម្នះ​ជាមួយ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ដណ្តើម​ការគ្រប់គ្រង​ពី​មនុស្ស បន្ទាប់​មាន​បញ្ហា​ជាមួយ​ឧបករណ៍​ចាប់​សញ្ញា (Sensor)៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ 737 Max របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា​កំពុង​ចត​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ