បញ្ហា​សុខភាព ៦ យ៉ាង ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​

541
ចែករម្លែក

យោងតាម​ការសិក្សា​មួយ​ដោយ​អ្នកស្រាវជ្រាវ​អូស្ត្រាលី​ពីរ​នាក់​បានឱ្យដឹងថា អ្នកញៀន​ស្មា​ត​ហ្វូ​ន​វ័យក្មេងៗ​អាច​នឹង​វិ​វត្ត​ឆ្អឹង​ដូច​ស្នែង​នៅ​ខ្នង​លលាដ៍ក្បាល​របស់​ពួកគេ​។

​អស់​ជាច្រើន​ឆ្នាំ​មកហើយ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​អំពី​បញ្ហា​សុខភាព​ជាច្រើន​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិជ្ជា​ដូចជា “​ការឈឺ​ក​ដោយសារ​ចុច​អក្សរ​លើ​អេក្រង់​” និង “​ការឈឺ​មេដៃ​ដោយសារ​ចុច​អក្សរ​លើ​អេក្រង់​”​។

​ខាងក្រោម​នេះ​ជា​បញ្ហា​សុខភាព​៦​យ៉ាង​ដែល​កើតចេញពី​ការប្រើ​ស្មា​ត​ហ្វូ​ន និង​វិធី​បញ្ចៀស​បញ្ហា​ទាំងនេះ​។

១. ពក​ឆ្អឹង​លលា​ដ៏​ក្បាល​ដូច​ដុះ​ស្នែង​
​ក្រុម​អ្នកស្រាវជ្រាវ ដែល​សិក្សា​អំពី​កាំរស្មីអ៊ិច​លើ​មនុស្សពេញវ័យ​ចំនួន ១.២០០ នាក់​ដែលមាន​អាយុ ១៨​ដល់​៣០​ឆ្នាំ បាន​រកឃើញ​ទម្រង់​ឆ្អឹង​ដូច​ទ​ម្ព​ក់ ឬ ស្នែង លៀន​ចេញពី​លលាដ៍ក្បាល​ខាងក្រោយ​នៃ​ក្រុមមនុស្ស​ទាំងនេះ​ចំនួន​២​ភាគ​៣​។

​ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ការ​លេច​រូបរាង​ឆ្អឹង​បែបនេះ​ឡើង​ក្នុងចំណោម​មនុស្ស​ក្មេងៗ​ប្រហែល​បង្កឡើង​ដោយសារ​ឱនក្បាល​ឈ្ងោក​ទៅមុខ​ពេក នៅពេល​ប្រើ​ស្មា​ត​ហ្វូ​ន ឬ ឧបករណ៍​កាន់​នឹង​ដៃ​ផ្សេងទៀត​។

​សកម្មភាព​នេះ​បាន​ផ្លាស់ប្តូរ​ទម្ងន់​ពី​ឆ្អឹងខ្នង​ទៅ​សាច់ដុំ​នៅ​ផ្នែក​ខាងក្រោយ​នៃ​លលាដ៍ក្បាល ដោយ​បង្កឱ្យមាន​ការលូតលាស់​ឆ្អឹង​នៅក្នុង​សរសៃពួរ​និង​សរសៃ​ចង​។​

​ដើម្បី​បំបាត់​បញ្ហា​នេះ គឺ​ត្រូវ​រក្សា​ទម្រង់​អង្គុយ​ឱ្យ​ល្អ និង កុំ​ឱន​ប្រើ​ទូរស័ព្ទ​យូរៗ​ពេក​។ ត្រូវ​ឧស្សាហ៍​សម្រាក​ឱ្យបាន​ច្រើន​។

២. ឈឺ​ក
​ការប្រើ​ទូរស័ព្ទ​ច្រើន​ម៉ោង​ពេក​អាចធ្វើឱ្យ​រោយ​ស្រពន់​ម្តុំ​កញ្ចឹងក ហើយ​អា​ការៈឈឺ​ក​ពី​ការ​ចុច​ទូរស័ព្ទ​ជា​រោគសញ្ញា​ឧស្សាហ៍​កើតឡើង​ជាងគេ​។ អា​ការៈឈឺ​ក​ពី​ការ​ចុច​ទូរស័ព្ទ​ប៉ះពាល់​ដល់​ក្បាល ស្មា និង​ខ្នង​។

​ដើម្បី​លុបបំបាត់​បញ្ហា​នេះ គឺ​ត្រូវ​កាន់​ទូរស័ព្ទ​ចុច​ឱ្យ​ស្មើ​កម្រិត​ភ្នែក​របស់​អ្នក​។ ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​រក្សា​លំហូរ​ឈាម​នៅ​កញ្ចឹងក​។

៣. ឈឺ​មេដៃ​
​គ្មាន​ការពិនិត្យ​ផ្លូវការ​នោះទេ​អំពី​អា​ការៈឈឺ​មេដៃ​ពី​ការ​ចុច​ទូរស័ព្ទ ប៉ុន្តែ​វា​ជា​អាកា​រៈ​មួយ​ឧស្សាហ៍​កើតឡើង​ផងដែរ​។ ឈឺ​មេដៃ​កើតឡើង​ដោយសារ​ប្រើ​មេដៃ​ចុច​អូសៗ​ដដែលៗ​ពេក​នៅលើ​អេក្រង់​។

​ដើម្បី​លុបបំបាត់​បញ្ហា​នេះ គឺ​ត្រូវ​ឧស្សាហ៍​សម្រាក​និង​ដាក់​ទូរស័ព្ទ​ចុះ ដើម្បី​ទុកពេល​ឱ្យ​សាច់ដុំ​សម្រាក​ខ្លះ​។ រួច​សន្ធឹង​ម្រាមដៃ​ឱ្យបាន​ធូរស្រាល​។

៤. អា​ការៈឈឺ​ភ្នែក​
​មិន​ថា​ចុច​ទូរស័ព្ទ កុំព្យូទ័រ ថេ​ប្លេ​ត ឬ មើល​ទូរទស្សន៍​នោះទេ ឱ្យតែ​ចំណាយពេល​យូ​រលើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់នេះ គឺ​ច្បាស់​ជា​នាំឱ្យ​ឈឺភ្នែក​និង​ហត់​គ្រាប់ភ្នែក​ហើយ​។​

​ដើម្បី​ការពារ​ភ្នែក ត្រូវ​រក​វ៉ែនតា​ការពារ​ពន្លឺ ឬ បន្ថយ​ពេលវេលា​លើ​អេក្រង់ ឬ​បន្ថយ​ពន្លឺ​កុំឱ្យ​ភ្លឺ​ខ្លាំងពេក​។

៥. អាកា​រៈ​ញ័រ​លើ​ភ្លៅ​
​អាកា​រៈ​ញ័រ​បែបនេះ​កើតឡើង​នៅពេល​មនុស្ស​ស្មានតែ​ទូរស័ព្ទ​របស់​ពួកគេ​កំពុងរោទិ៍ តែ​តាម​ការពិត​ពុំមែន​នោះទេ​។ នេះ​គឺ​ដោយសារ​ចូលចិត្ត​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ ដែល​គ្រាន់តែ​កន្ត្រាក់​សាច់ដុំ​តែ​បន្តិច ក៏​ធ្វើឱ្យមាន​អារម្មណ៍​ថា​ទូរស័ព្ទ​រោទិ៍​ដែរ​។

​វិធី​បំបាត់ គឺ ចុច​បិទ​មុខងារ “​ញ័រ​” នៅលើ​ទូរស័ព្ទ​របស់​អ្នក​។ កុំ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ ឬ កៀក​នឹង​ភ្លៅ​ខ្លាំងពេក​។

៦. មហារីក​
​តើ​ដុំ​សាច់​នៅក្នុង​ខួរក្បាល ក្បាល ឬ ក អាច​កើតចេញពី​ការប្រើ​ស្មា​ត​ហ្វូ​ន​ដែរ​ទេ​? សារធាតុ​វិទ្យុសកម្ម RF ពី​ទូរស័ព្ទ ជា​ប្រភេទ​វិទ្យុសកម្ម​ដែល​បង្កើន​ហានិភ័យ​មហារីក​ចំពោះ​មនុស្ស​ដូច​កាំរស្មីអ៊ិច​និង​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​ឡេ​ផងដែរ​។

​សព្វថ្ងៃ​ពុំមាន​ភស្តុតាង​ថា វិទ្យុសកម្ម RF បង្កើន​ហានិភ័យ​មហារីក​ចំពោះ​មនុស្ស​ទេ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​ជឿថា យ៉ាងហោចណាស់​វា​ក៏មាន​សមត្ថភាព​ជំរុញ​ការលូតលាស់​មហារីក​បាន​ផងដែរ​។

​វិធី​ទប់ស្កាត់ ៖ ដេក​ឱ្យ​ឆ្ងាយ​ពី​ទូរស័ព្ទ​រាល់​យប់ បន្ថយ​ពេលវេលា​ប្រើ​ទូរស័ព្ទ ឬ ទុក​ទូរស័ព្ទ​ឱ្យនៅ​ឆ្ងាយ​ពី​ក្បាល​៕ ដោយ៖ កញ្ញាដាលីស