បញ្ហា​អាទិភាព​របស់​កុមារ​ត្រូវបាន​លើក​ជូន​អ្នកធ្វើ​គោលនយោបាយ​

493
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​តំណាង​កុមារ ៦ ក្រុម មកពី​អង្គការ អេស អូ អេស​, អង្គការ​ទស្សន​ពិភពលោក​, សម្ពន្ធ​អង្គការ ដើម្បី សិទ្ធិ​កុមារ​កម្ពុជា​, អង្គការ​ឆាល​ហ្វា​ន់​កម្ពុជា​, អង្គការ​គ្រួសារ​ថ្មី និង​ក្រុម​កុមារ​មកពី​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​នៅក្នុង​វេទិកា​កុមារ និង អ្នក​កសាង​គោលនយោបាយ នៅឯ​ក្រសួង​សង្គមកិច្ច ហើយ​តំណាង​កុមារ​បាន​លើក​បញ្ហា​ចំបង​របស់​ពួកគេ​ប្រាប់​ដល់​វាគ្មិន​ដែលជា​តំណាង​របស់ ៦ ក្រសួង ស្ថាប័ន គឺ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី កុមារ ក្រសួងមហាផ្ទៃ ក្រសួង​អប់រំ ក្រសួង​កិច្ចការនារី ក្រសួង​ការងារ និង ក្រសួង​សង្គមកិច្ច ។


​បញ្ហា​អាទិភាព​ដែល​កុមារ​លើកឡើង​នាពេលនោះ ពាក់ព័ន្ធ​ទៅនឹង​យន្តការ​ច្បាប់ យន្តការ​ដោះស្រាយ គម្រោង​កម្មវិធី យុទ្ធសាស្ត្រ និង បញ្ហា​ប្រឈម​ពាក់ព័ន្ធ ដូចជា​អំពើហិង្សា​លើ​កុមារ ពលកម្ម​កុមារ ការជួញដូរ វិស័យ​អប់រំ និង ការចូលរួម​របស់​កុមារ ក្នុង​ការកសាង​គោលនយោបាយ និង វឌ្ឍនភាព នៃ កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​កុមារ ។​


​លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី កុមារ បាន​ពោល​សរសើរ​ដល់​ភាព​ក្លៀវក្លា នៃ កុមារ​ទាំងនេះ​ថា ” ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ដោយសារ​ក្មួយៗ​កុមារ​ទាំងនេះ មាន​ភាពក្លាហាន វៃឆ្លាត ហើយ​សំណួរ និង សំណូមពរ​របស់​ពួកគេ សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី​បច្ចុប្បន្នភាព និង តម្រូវការ​អាទិភាពរ​បស់​កុមារ​នៅ​ទូទាំងប្រទេស ” ។​


​លោកស្រី ញ៉េប សុភាព បន្ថែម រាល់​ការលើកឡើង​របស់​កុមារ​នាពេលនេះ នឹង​ត្រូវបាន​ពិនិត្យ កែសម្រួល និង ដាក់​ជា​ធាតុ​ចូល​សម្រាប់​កសាង​គោលនយោបាយ និង សេចក្តីថ្លែងការណ៍​រប​ស់​កុមារ ដែល​នឹង​ដាក់ជូន​អ្នកពាក់ព័ន្ធ​នៅក្នុង​ទិវា​កុមារ ១ មិថុនា ឆ្នាំ ២០១៩​នេះ ។


​ជា​កាត​កត់សម្គាល់ រាល់​សំណួរ និង សំណូមពរ​ដែល​លើកឡើង​ដោយ​កុមា​រនាព​លេ​នេះ ត្រូវបាន​ដោះស្រាយ និង ឆ្លើយតប​ដោយ​វាគ្មិន មកពី​ក្រសួង​ស្ថាប័ន​ទាំង ៦ អនុលោម​ទៅតាម​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង កម្មវិធី​របស់​រាជរ​ដ្ឋា​ភិ​បាល និង​សាមីក្រសួង​ស្ថាប័ន ។​


​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច ជម្រាបជូន​អង្គពិធី​ថា ថ្មីៗ​នេះ កម្ពុជា ត្រូវបាន​ដាក់បញ្ចូល​ជា​សមាជិក​ទី ២៦ របស់​ពិភពលោក ក្នុងចំណោម​ប្រទេស​ឈានមុខ​គេ ក្នុង​ភាពជា​ដៃគូ ក្នុងការ​ប្រឆាំងនឹង​អំពើហិង្សា​លើ​កុមារ ដែល​នេះ​គឺជា​វឌ្ឍនភាព និង ក្តីសង្ឃឹម​ថ្មី​មួយទៀត​សម្រាប់​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​កុមារ​នៅ​កម្ពុជា ។ ក្នុងនាម​ជា​ជន​បង្គោល ឯកឧត្តម តូច ចាន់នី សន្យាថា នឹងធ្វើ​ការងារ​នោះ​ឱ្យ​បានល្អ​បំផុត ដើម្បី ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ និង ដើម្បី ឱ្យ​ស្ថានភាព​កុមារ​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ​ថែមទៀត ៕ Kh

លោកស្រី ញ៉េប សុភាព ថ្លែង​សរសើរ​ដល់​ភាព​ក្លៀវក្លា​របស់​កុមារ ( រូបៈ មេសា )