បដិមា​អ្នកតា​ព្រះ​ភក្ត្រ​ប្រាំបី​

456
ចែករម្លែក

ដោយៈ​ផេង ពង្ស​រ៉ាស៊ី​នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈ​សៀវភៅ​មាន​ចំណងជើង «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​» ជា​ភាសា​ខ្មែរ បាន​បញ្ជូន​ចូល​រោង​ពុម្ព​ដើម្បី​បោះពុម្ព​នៅក្នុង​សប្តាហ៍​នេះហើយ បន្ទាប់ពី​បាន​ចំណាយ​រយៈពេល​៤​ឆ្នាំ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ រវាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ សៀវភៅ​នេះ រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រទេស​ចំនួន​ប្រាំ​គឺ ប្រទេស​អា​មេ​នី​, អាល្លឺម៉ង់​, កម្ពុជា​, បូ​ស្នី​-​ហឺ​ហ្សឺ​ហ្គោ​វីន និងរ​វ៉ាន់ដា ដែល​ត្រូវបាន​ចាត់ថ្នាក់​ជា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​សន្តិភាព ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភបំពាន​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩​។

ការ​ចងក្រង​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​៥​ខាងលើ គឺជា​ឧទាហរណ៍​នៃ​ការសិក្សា​ប្រៀបធៀប​នៅក្នុង​ថ្នាក់រៀន កម្ពុជា​ស្តីអំពី​ប្រវត្តិសាស្ត្រ​ជាតិ តំបន់ និង​ពិភពលោក ដើម្បី​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​សិស្សានុសិស្ស​ពី​ព្រឹត្តិការណ៍​ពិភពលោក​នាពេល​អតីត​កាល ក្នុងការ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រទេសជាតិ​ចៀស​ផុតពី​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​។ សៀវភៅ​នេះ នឹងធ្វើ​ការចែក​ចាយ​ដោយ​ឥតគិតថ្លៃ​ជា​លើកដំបូង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ សម្រាប់​សិស្សានុសិស្ស​កម្រិត​វិទ្យាល័យ​ចំនួន​ប្រមាណ​៥០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ និង​បន្ត​ចែកចាយ​បន្ថែមទៀត​ក្នុង​ខែ​បន្តបន្ទាប់ តាមរយៈ​កម្មវិធី​អប់រំ​មួយចំនួន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​


​រូបថត​ក្រប​មុខ​សៀវភៅ​នេះ​គឺជា​បដិមា​អ្នកតា​ព្រះ​ភក្ត្រ​ប្រាំបី ស្ថិតនៅលើ​ជម្រាលភ្នំ​ដងរែក​ត្រង់ចំណុច​ពយ​តា​ម៉ុក ជាប់​នឹង​ទីតាំង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថត​ដោយ គ្រីស្តូហ្វ័រ ឌៀ​រីង​។ យោងតាម​ការរៀបរាប់​របស់លោក ប៉ុក លក្ស​រាសី នេះ​គឺជា​បដិមា​មួយ​ក្នុងចំណោម​បដិមា​អ្នកតា​ព្រះ​ភក្ត្រ​៨​ជាច្រើន​អង្គ ដែល​លោក លី ស៊ុយ បាន​កសាងឡើង​ចាប់តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ​។ ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែលមាន​ជំនឿ​លើ​បារមី​ស័ក្តិសិទ្ធិ​នៃ​បុព្វបុរស​ខ្មែរ លោក លី ស៊ុយ បាន​កសាង​បដិមា​ទាំងនេះ ដើម្បី​តំណាង​ឲ្យ​មេទ័ព​ប្រាំបី​ទិស នៃ​សម័យអង្គរ​ហើយ​យកមក​តម្កល់​តាម​ព្រំដែន​សីមា​នៃ​ប្រទេស​កម្ពុជា ក្នុង​ជំនឿ​ថា​មហិទ្ធិឫទ្ធិ​នៃ​បុព្វបុរស​ខ្មែរ នឹង​មកជួយ​ការពារ​ទឹកដី​ខ្មែរ​ឲ្យ​មាន​សន្តិភាព រួច​ផុតពី​ការឈ្លានពាន របស់​ប្រទេសជិតខាង​។​


លោក ប៉ុក លក្ស​រាសី បាន​រៀបរាប់​ទៀតថា​មុខ​ទាំង​៨​ដែលមាន​ពណ៌​ខុសៗ​គ្នា គឺ​តំណាង​ឲ្យ​កងទ័ព​ទាំង​ប្រាំបី​ទិស​ដែលមាន​ពណ៌​ទង់​សម្គាល់​ខុសៗ​គ្នា ហើយក៏​បង្ហាញ​ពី​ការឯកភាព​នៃ​កម្លាំង​ពលរដ្ឋ ទោះបី​ជាមាន​ជំនឿ ឬ​ពណ៌​សម្បុរ​ខុសគ្នា ក៏​អាច​រស់នៅ​ជាមួយគ្នា​បានដែរ​ឲ្យ​តែ​ចេះ​គោរព​អត់ឱន ឲ្យ​គ្នា​ទៅវិញទៅមក នឹង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​។ ក្នុងន័យ​ម្យ៉ាងទៀត ព្រះ​ភក្ត្រ​ដែលមាន​ពណ៌​ខុសៗ​គ្នា​ទាំងនេះ អាច​បញ្ជាក់​អំពី​អត្ត​ចារិក​ល្អ និង​អាក្រក់​របស់​មនុស្ស និង​អាច​បង្ហាញ​ពី​ភាពខ្លាំង​ដែល​អាច​ទប់ស្កាត់​នូវ​រាល់​អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម​។ សន្តិភាព ការសណ្តោសប្រណី និង​ក្តីសង្ឃឹម អាច​បញ្ឈប់​នូវ​រាល់​ទម្រង់​នៃ​ភាព​ស្អប់ខ្ពើម អំពើហិង្សា និង​ភាពភ័យខ្លាច​។ បដិមា​នេះ​ក៏​តំណាង​ឲ្យ​អ្នក​ដែលមាន​អំណាច​ខ្លាំងក្លា តែ​ប្រកាន់​បាន​នូវ​សុចរិតយុត្តិធម៌ មិន​បំពាន​ឬ​ដើរ​ធ្វើបាប​អ្នកដទៃ​។ សរុបមក​បដិមា​នេះ​បង្ហាញថា «​ការគោរព និង​អត់ឱន​ឲ្យ​គ្នា នាំមក​នូវ​សាមគ្គី​ជាតិ ឯកភាព​ជាតិ​នាំមក​នូវ​អំណាច​រឹងមាំ អំណាច​សុចរិត​នាំមក​នូវ​សន្តិភាព ហើយ​ភាពសុខសាន្ត​នាំមក​នូវ​វឌ្ឍនភាព​»​។ ជាក់ស្តែង​ការយក​មនុស្ស​ពី​ទិស​ទាំង​៨ មក​ដាក់​ក្នុង​រាងកាយ​តែមួយ​បានធ្វើ​ឲ្យ​បុព្វបុរស​ខ្មែរ​កសាងបាន​នូវ​អារ្យធម៌​អង្គរ​ដ៏​ល្អ​អស្ចារ្យ​សម្រាប់​មនុស្សជាតិ ហើយ​ការ​បំបែក​មនុស្ស​ចេញពី​រាងកាយ​តាមរយ​:​ពណ៌​សម្បុរ​បានធ្វើ​ឲ្យ​សង្គម​ខ្មែរ​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ គឺ​របប​ប្រល័យពូជសាសន៍​ឯង ខ្មែរក្រហម​។


​ប្រវត្តិសាស្ត្រ​បានបញ្ជាក់​ថា គ្មាន​សង្គម​ណាមួយ​អាច​គេច​ផុតពី​អំពើ​អមនុស្សធម៌​ជ្រុល​ហួសហេតុ​បានឡើយ​។ អំពើ​ប្រល័យពូជសាសន៍ ការសម្លាប់​រង្គាល និង​អំពើ​អមនុស្សធម៌​ហួសប្រមាណ​អាច​កើតមាន​ឡើងវិញ​។ ជួនកាល​អំពើ​ទាំងនេះ​អាច​កើតមាន​ឡើងជា​បន្តបន្ទាប់​នៅក្នុង​សង្គម​ដែល​ប្រកបដោយ សមិទ្ធផល​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ វិទ្យាសាស្ត្រ និង​ការសិក្សា​។ ក្នុងន័យនេះ យើង​អាច​និយាយបានថា កម្រិត​នៃ​ការយល់ដឹង​អំពី​វប្បធម៌ ការអប់រំ ឬ​ការ​ពលី​ជីវិត ដើម្បី​សម្រេចបាន​គោលដៅ​ខ្ពស់​ណាមួយ ពុំ​អាច​ការពារ​មនុស្សជាតិ​ពី​ទំនោរ​នៃ​ការបំផ្លាញ​ទាំងអស់នេះ​បានឡើយ​។ ទីបំផុត មនុស្សជាតិ​ត្រូវ​ប្រឈម នឹង​ភាពស្មុគស្មាញ​នៃ​ស្ថានភាព​របស់ខ្លួន​។ សាសនា វិទ្យាសាស្ត្រ និង​ទស្សនវិជ្ជា ផ្តល់នូវ​គោល​គំនិត សម្រាប់​ចំណេះដឹង​។ ប៉ុន្តែ​ដូចគ្នា​ទៅនឹង​រូប អ្នកតា​ព្រះ​ភក្ត្រ​៨​ទិស​ដែរ សមាសធាតុ​ទាំងនេះ គឺជា​ធាតុ​ផ្សំ​សម្រាប់​បំពេញបន្ថែម​ចំពោះ​ការយល់ឃើញ​អំពី​ប្រទេស​និង​ពិភពលោក​របស់​យើង ទោះបីជា​ធាតុ​ផ្សំ​ទាំងនេះ​មិន​គ្រប់​ជ្រុងជ្រោយ​យ៉ាងណាក៏ដោយ​។ ការតស៊ូ​ដើម្បី​បញ្ឈប់​ស្ថានភាព​ខាងលើ ត្រូវតែ​ជា​ឆន្ទៈ​ដ៏​មុះ​មុត​របស់​មនុស្សជាតិ​នៅក្នុង​សតវត្សរ៍​ទី​២១​នេះ​។ ដូចគ្នានេះដែរ អ្នក​កសាង​រូបតំណាង យល់ឃើញថា នៅពេលដែល​មនុស្ស​មាន​ជំនឿ​ថា​ខ្លួន​អាច​ទប់ស្កាត់​អំពើ​អមនុស្សធម៌​នានា​បាន នោះ​ទំនុក​ចិត្តនឹង​កើតមានឡើង​កាន់តែខ្លាំង ហើយ​ភាពក្លាហាន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​អំពើ​ទាំងនោះ ក៏ត្រូវ​បាន​ផុស​ឡើង​កាន់តែ​ខ្ពស់​ក្នុងការ​ការពារ​អនាគត​ប្រទេសជាតិ​ដោយ​គ្មាន​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​៕SRN