បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤: រិះរក​ជំហាន​បន្ទាប់​សម្រាប់​កម្ពុ​ជា

3096
ចែករម្លែក
  • 9
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​បច្ចេកវិទ្យា​ជំរុញ​ផលិតភាព​កំពុង​ធ្វើឱ្យ ពិភពលោក​ដែល​យើង​កំពុង​រស់នៅ​បច្ចុប្បន្ននេះ មាន​ការ​ប្រែប្រួល ដូចជា របៀប​ដែល​យើង​ផលិត​និង​ប្រើប្រាស់​ជាដើម​។ នេះ​គឺជា​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤ ដែល​គេ​ហៅ​ម្យ៉ាង​ទៀតថា ឧស្សាហកម្ម ៤.០​។ នេះ​បើ​យោងតាម​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ឬ​យូ​អិន​ឌី​ភី​(UNDP)​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣​ខែកញ្ញា​នេះ​។​

រូបៈ​សិក្ខាសាលា​កម្រិត​ខ្ពស់​ដើម្បី​ពិភាក្សា និង​កំណត់​ពី​ចំណុច​ខ្វះខាត​គោលនយោបាយ​នានា និង​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ ដែល​អាចជួយ​សម្រួល​ដ​ល់​ការអភិវឌ្ឍ​ឧស្សាហកម្ម ៤.០ នៅ​កម្ពុជា​(​រូបថត​យូ​អិន​ឌី​ភី ប្រចាំ​កម្ពុជា​)

​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជា​ជាតិ (UNIDO) និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បានរួម​គ្នា​រៀបចំ​សិក្ខាសាលា​កម្រិត​ខ្ពស់​ដើម្បី​ពិភាក្សា និង​កំណត់​ពី​ចំណុច​ខ្វះខាត​គោលនយោបាយ​នានា និង​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ ដែល​អាចជួយ​សម្រួល​ដ​ល់​ការអភិវឌ្ឍ​ឧស្សាហកម្ម ៤.០ នៅ​កម្ពុជា​។

​ឧស្សាហកម្ម ៤.០ សំដៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿន​មួយចំនួន ដូចជា ការបោះពុម្ព 3D បច្ចេកវិទ្យា​មនុស្ស​យន្ត បច្ចេកវិទ្យា​ជីវសាស្ត្រ quantum computing នំ​នើ​ប​កម្ម​លើ​បណ្តាញ​ទូរគមនាគមន៍ និង​ចំណេះ​ធ្វើ​ថ្មីៗ​អំពី​ការគ្រប់គ្រង​ផលិតកម្ម​។ បច្ចេកវិទ្យា​ទាំងនេះ ក៏​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​ដំណើរការ​ផលិតកម្ម ដែលនាំឱ្យ​មានការ​ចោទសួរ​អំពី​ទស្សនទាន​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​មួយចំនួន ក៏ដូចជា​ការបែងចែក​កម្លាំង​ពលកម្ម និង​ឧត្តមភាព​នៃ​ការប្រកួតប្រជែង ជាដើម​។ នេះ​មានន័យថា នឹងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដល់​ផលិតកម្ម ការរៀបចំ​សេដ្ឋកិច្ច និង​ការដឹក​ជ​ញ្ចូ​ន ដោយសារតែ​មានការ​បង្កើន​យ៉ាង​ឆាប់រហ័ស​នូវ​ផលិតភាព តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ការបង្កើន​គុណភាព​ផលិតផល​។​

“​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នៅថ្ងៃនេះ​(៣​កញ្ញា អង្គការសហប្រជាជាតិ​មាន​គោលបំណង បង្កើន​ការយល់ដឹង​ដល់​តួអង្គ​សំខាន់ៗ​អំពី​ប្រធានបទ​ដ៏​សំខាន់​នេះ​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​ឆ្លើយតប​របស់​រដ្ឋាភិបាល​និង​ឈ្វេងយល់​ពី​តម្រូវការ​នានា​របស់​វិស័យ​ឯកជន​ជុំវិញ​ឧស្សាហកម្ម ៤.០​។ ទីភ្នាក់ងារ​សហប្រជាជាតិ​នៅតែ​មាន​សុ​ទិ​ដ្ឋ​និយម​ជុំវិញ​កាលានុវត្តភាព និង​សក្តានុពល​នានា​របស់​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០​។

យ៉ាងណាមិញ​យើង​ជឿជាក់ថា គោលនយោបាយ និង​សកម្មភាព​អនុវត្ត​នៅតែមាន​ភាពចាំបាច់ ប្រសិនបើ​គេច​ង់​ធានា​នូវ​ការទទួលបាន​កាលា​នុ​វ​ឌ្ឍ​ភាព និង​សក្តានុពល​ពី​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០​នេះ​។​” នេះ​បើតាម​ប្រសាសន៍​របស់លោក​ស្រី ប៉ូ​លីន តា​ម៉េ​ស​ស៊ី​(Pauline Tamesis) អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការសហប្រជាជាតិ​។

​យូ​អិន​ឌី​ភី បញ្ជាក់ថា​សម្រាប់​ប្រទេស​មួយចំនួន​ក៏ដូចជា​កម្ពុជា​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ នាំឱ្យមាន​ការគិត​ពិចារណា​ពី​ថ្លៃដើម​មូលធន ធៀប​នឹង​កម្លាំង​ពលកម្ម​និង​ភាព​ចម្រុះ​គ្នា​រវាង​ថ្លៃដើម​មូលធន​និង​កម្លាំង​ពលកម្ម​នៅក្នុង​ផលិតកម្ម​។​ប្រការនេះ​មាន​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​ទីតាំង​ផលិតផល​កម្ម ការបែងចែក​ផលចំណេញ​រវាង​ប្រទេស និង​ប្រទេស និង​រវាង​អ្នកចូលរួម​នានា​រួម​នៅក្នុង​ចង្វាក់​តម្លៃ​។​ហេតុនេះ ឧស្សាហកម្ម ៤.០ អាចធ្វើឱ្យ​ប៉ះពាល់​ដល់រ​បៀ​ប​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សកល​តាមបែប​ប្រពៃណី ដោយហេតុ​ការវិនិយោគ និង​ផលិតកម្ម នឹង​ងាក​ចេញពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នៅ​ភាគ​ខាងជើង ដែល​សម្បូរ​ដោយ​មូលធន​ទៅរក​ប្រ​ទស​នៅ​ភាគខាងត្បូង​ដែល​សម្បូរ​ដោយ​កម្លាំង​ពលកម្ម តាមរយៈ​លំហូរ​ការវិនិយោគ​ដោយផ្ទាល់​ពី​ក្រៅប្រទេស និង​ការវិនិយោគ​ក្នុងស្រុក​។ នេះ​អាច​នាំឱ្យមាន​បញ្ហា​ធំៗ សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​ប្រទេស​ដែលមាន​ចំណូល​ទាប និង​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ដែល​កំពុង​ជួប​ការលំបាក ក្នុងការ​បង្កើន​សមត្ថ​ភាព​ផលិតកម្ម និង​ការធ្វើសមាហរណកម្ម​ចូលទៅក្នុង​ទីផ្សារ​សកល​។​

​លោក នី​ក បេ​រ៉េ​សហ្វ​ត​(Nick Beresford) នាយក​ប្រចាំ​ប្រទេស យូ​អិន​ឌី​ភី បាន​ថ្លែង​ពី​ភាព​ចំ​បាច់ ក្នុង​សុន្ទរកថា​បិទ​របស់លោក​ថា “​ឧស្សាហកម្ម ៤.០ កំពុង​កើតមាន​នាពេល​បច្ចុប្បន្ននេះ ហើយ​មិនយូរប៉ុន្មាន​នឹងមាន​ឥទ្ធិពល​មកលើ​យើងទាំងអស់គ្នា​។ លើសពីនេះ​ការពិចារណា​លើ​សំណួរ​ជំវិញ​ប្រធានបទ​នេះ​ឱ្យបាន​ទាន់ពេលវេលា អាច​ផ្តល់ឱ្យ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា​នូវ​តំណរ​ភ្ជាប់ ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​”
​ឧស្សាហកម្ម ៤.០ បង្ហាញ​ពី​កាលានុវត្តភាព និង​ការ​ប្រឈម ដូច្នេះ ចាំបាច់​ត្រូវមាន​ការប្រើប្រាស់​អភិក្រម​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ដោយ​រដ្ឋាភិបាល​ត្រូវ​ដឹង​ពី​ផលប៉ះពាល់ និង​ប្រមើលមើល​ជាមុន​ពី​បញ្ហា​ប្រឈម​នានា ក៏ដូចជា​ត្រូវ​រៀបចំ​ផែនការ និង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍​នៅក្នុង​សុន្ទរកថា​បិទ​សិក្ខា​សាលា​នេះ​ថា “​ដើម្បី​សម្រេចបាន​នូវ​គោលបំណង ក្នុងការ​ពាំនាំ ឧស្សាហកម្ម ៤.០ មក​កម្ពុជា ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​រឹងមាំ​រវាង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន​ក្នុង​ឧស្សាហកម្ម និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នានា​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​បែបនេះ យើង​អាចបង្កើត​នូវ​លក្ខខណ្ឌ​ចាំបាច់ ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ផ្តល់​លទ្ធភាព​ឱ្យមាន​ការ​សម្រប​ខ្លួន ដើម្បី​ឈានទៅ​សម្រេច​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​របស់​យើង​”៕សរន