បណ្ដាំ​លោក កែវ រ៉េមី មុនពេល​ឡើង​យន្ដហោះ​ទៅ​ប្រកួត​ជើងឯក​យុវជន​ពិភពលោក​

522

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) កម្ពុជា​បាន​ផ្ដាំ​ជា​ចុងក្រោយ​ដល់​គ្រូបង្វឹក មន្ត្រី​ដឹកនាំ និង កីឡាករ​តេ​ក្វាន់​ដូ​របស់ខ្លួន​ឲ្យ​រក្សា សុខភាព ទម្ងន់ សម្រាក​ឲ្យ​បានល្អ និង​ប្រយ័ត្ន​លើ​ចំណីអាហារ​។​

​លោក​ផ្ដែផ្ដាំ​បែបនេះ​នៅ​ព្រលប់​ថ្ងៃទី​១៨​សីហា ក្នុងខណៈដែល​លោក​ចូលរួម​ជូន​ដំណើរ​ដល់​ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ​របស់លោក ដែល​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​១៣ នៅ​ទីក្រុង MINSK ប្រទេស​បេឡា​រូស​។ លោក​បាន​ផ្ដាំ​ដល់​គ្រូបង្វឹក និង​ប្រធាន​ប្រតិភូ​ថា ទោះបីជា​បានទទួល​លទ្ធផល​បែបណាក៏ដោយ ក៏​មិនត្រូវ​បន្ទោស​កីឡាករ​ដែរ ហើយ​គ្រូ និង​ប្រធាន​ប្រតិភូ​ពេលទៅដល់​ប្រទេស​ម្ចាស់ផ្ទះ ត្រូវតែ​ស្វះ​ស្វែងរក​ពត៌មាន​នានា ដែល​ទាក់​ទង់​នឹង​ការប្រកួត ជាពិសេស​កម្មវិធី​ថ្លឹង​ទម្ងន់​និង​កម្មវិធី​ប្រកួត​។ កីឡាករ​ពេលទៅដល់​មិនត្រូវ​ទំរន់​នោះទេ ត្រូវតែ​ហ្វឹកហាត់​ហើយ​ត្រូវមាន​ជំនឿ​លើ​ខ្លួនឯង​ដាច់ខាត​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក កៅ មករា ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ​នោះ​ថា ការ​ចេញទៅ​ប្រកួត​នេះ កម្ពុជា​នឹង​លេង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម​ចំនួន​៣​រូប​។ ទម្ងន់​៥១​គីឡូក្រាម​មួយរូប​ទម្ងន់​៥៧​គីឡូក្រាម​២​រូប ទម្ងន់​៦៤​គីឡូក្រាម​៣​រូប និង​វ័យចាស់​មួយរូប​។​

​ក្រៅពីនេះ លេង​វិញ្ញាសា​មេគុន​ឯកត្តជន​ខ្សែក្រវាត់​ខ្មៅ​មួយ​ដាន់​៤​រូប មេគុន​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់ មួយរូប វិញ្ញាសា​មេគុន​ក្រុម បច្ចេកទេស​ពិសេស​ឯកត្តជន​មួយរូប វិញ្ញាសា​បច្ចេកទេស​ពិសេស​ក្រុម វិញ្ញាសា​សំដែង​ការពារ​ខ្លួន និង​វិញ្ញាសា​វាយ​បំបែក​ក្ដារ​ឯកត្តជន​(Power Braeking)​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​ចូលរួម​ប្រកួត​ជើងឯក​យុវជន​បែបនេះ​។ កាលពី​ឆ្នាំ​២០០២ កម្ពុជា​បាន​ចូលរួម​ជា​លើកដំបូង​នៅ​កូរ៉េខាងជើង ដោយ​ដណ្ដើមបាន​មេដាយសំរិទ្ធ​១​គ្រឿង​នេះ​។​

​ទិដ្ឋភាព​ពេល​ជូន​ដំណើរ​

​លោក​កែវ​រ៉េមី​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អេ​ហ្វ បាន​មានប្រសាសន៍ថា ការប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៩​រហូតដល់​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​MINSK នៃ​ប្រទេស​បេឡា​រូស ហើយ​ព្រឹត្តិការណ៍​នេះ អាច​នឹងមាន​ប្រទេស​ចូលរួម​ចំនួន​ពី​៧០​ទៅ​៨០​ចូលរួម ព្រោះ​ជាការ​ប្រកួត​កម្រិត​ពិភពលោក ចំណែក​សម្រាប់​កម្ពុជា​ប​ញ្ជូ​ន​វ័យ​យុវជន​។​

​លោក​បាន​បន្តថា សម្រាប់​ការចូលរួម​ប្រកួត​លើក​នេះ លោក​មាន​ជំនឿ​ចិត្តខ្លាំង​លើ​ការប្រកួត​វិញ្ញាសា​មេគុន ឯ​វិញ្ញាសា​ប្រយុទ្ធ​ពួកគេ​នៅ​ថ្មីៗ ដែលមាន​អាយុ​ពី​១៤​ទៅ​១៧​ឆ្នាំ​។ ទោះជា​យ៉ាងណា​ក៏​លោក កែវ រ៉េមី បាន​សំណូមពរ​កីឡាករ​ទាំងអស់​យកតាម​គំរូ​របស់​រៀមច្បង ដែល​តែងតែ​ដណ្ដើមបាន​មេដាយ​ពី​គ្រប់​វេទិកា​ប្រកួត​ក្រៅប្រទេស​។​

​លោក សឹម សាន​ត្រាន ដែលជា​អគ្គលេខាធិការរង និង​ជា​តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ Polygold បាន​ប្រកាសជូន​រង្វាន់​ដល់​អ្នក​បាន​មេដាយមាស​នូវ​រង្វាន់​ចំនួន​៤០០.០០០​រៀល មេដាយប្រាក់​ចំនួន​២៥០.០០០​រៀល និង​មេដាយសំរិទ្ធ​ចំនួន​១០០.០០០​រៀល​។ លោក​ទទួលស្គាល់ថា ថវិកា​នេះ​មិន​ច្រើន​មែន​វា​ជាការ​លើកទឹកចិត្ត​ដល់​ជ័យលាភី​របស់​យើង​៕