បណ្ដុះបណ្ដាល​គ្រូបង្វឹក​បាល់​ទឹក កម្រិត​១ ចំនួន​២០​រូប​

388
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា​
​ភ្នំពេញ​: ដោយមាន​ការជួយ​ទំនុកបម្រុង ទាំងស្រុង ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA) នោះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បើក​វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​កីឡា​បាល់​ទឹក កម្រិត​១ រយៈពេល ៣ ថ្ងៃ គឺ​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ មីនា ២០១៩​។​

បើក​វគ្គ​គ្រូបង្វឹក​បាល់​ទឹក​

​មាន​សិក្ខាកាម​ចូលរៀន ចំនួន​២០​រូប ដែល​មកពី​សមាគម​កីឡាហែលទឹក ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និង សៀមរាប ។ វគ្គ​នេះ បង្រៀន​ដោយ​គ្រូ​ជនជាតិ​គុយបា គឺ​លោក Alexander dela Celda Brokina ។

​លោក​នាង សុរិទ្ធី​យ៉ា អគ្គលេខាធិការរង សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជាក់ថា កីឡា​បាល់​ទឹក (Water Polo) នេះ លេង​នៅក្នុង​អាង​ សម្រាប់​លោតទឹក គឺ​មិនមែន នៅក្នុង​អាង សម្រាប់​ហែល​នោះទេ ។​

​ទីលាន​មាន​បណ្ដោយ​ប្រវែង ៣០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ កំពស់​ទី ០,៩០​ម៉ែត្រ បណ្ដោយ​ទី​ប្រវែង​៣​ម៉ែត្រ និង​លេង​ម្ខាងៗ ៧ នាក់ ។ កីឡា​ប្រភេទ​នេះ ក្រៅពី​អាជ្ញាកណ្ដាល បញ្ជាការ​ប្រកួត ចំនួន​២​រូបនោះ នៅមាន​អាជ្ញាកណ្ដាល​ទី​៣ អ្នក​កាន់​នាឡិកា​កំណត់​ម៉ោង ។ ការប្រកួត មាន ៤ វគ្គ ដែល​មួយ​វគ្គ មាន​៨​នាទី ហើយ​នៅ​ចន្លោះ​វគ្គ​នីមួយៗ សម្រាក ២ នាទី ចំពោះ​អាជ្ញាកណ្ដាល ស្ថិតនៅ​លើគោក ។​

បើក​វគ្គ​គ្រូបង្វឹក​បាល់​ទឹក​

​លោក Alexander dela Celda Brokina បាន​អះអាងថា នេះ​ជាការ​បើក​វគ្គ​លើក​ទី​២ ហើយ ៗ​កន្លងមក ក៏​ធ្លាប់​បានរៀបចំ​ការប្រកួត នៅ​មជ្ឈមណ្ឌល​ហែល​ទឹក តេ​ជោ​សែន នា​ខេត្តកំពង់ចាម​ដែរ ។ វគ្គ​នេះ គឺ​សង្កត់​ខ្លាំង​ទៅលើ​ការអនុវត្តន៍​ជាក់ស្ដែង ។​

​សម្រាប់​ថ្ងៃ​ដំបូង លោក​នឹង​បង្រៀន​ពី​ទ្រឹស្ដី ពី​ច្បាប់​ប្រកួត បង្ហាត់​ទ្រឹស្ដី​បច្ចេកទេស​។ ថ្ងៃទី​២ គឺជា​ថ្ងៃ​អនុវត្តន៍​ជាក់ស្ដែង នៅក្នុង​អាងទឹក និង​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​ចុងក្រោយ សិក្ខាកាម​ទាំងអស់ ត្រូវ​អនុវត្តន៍​តួនាទី ជា​គ្រូបង្ហាត់​ម្ដងម្នាក់ៗ​។ លោក​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា ក្នុងចំណោម​សិក្ខាកាម ទាំង​២០​រូបនេះ នឹងមាន​អ្នក​ក្លាយខ្លួន ទៅជា​គ្រូបង្ហាត់​កម្រិត​ខ្ពស់ ។​

បើក​វគ្គ​គ្រូបង្វឹក​បាល់​ទឹក​

​លោក​ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ បានទាមទារ​ឲ្យ​សិក្ខាកាម​ទាំងអស់ បន្ទាប់ពី​ចប់​វគ្គ​នេះ​ទៅ ត្រូវបង្កើត​ឲ្យ​មាន​ក្រុមកីឡា​បាល់​ទឹក ប្រចាំ​ក្លិប​របស់ខ្លួន ប្រចាំ​សាលា ឬ​ខេត្ត​របស់ខ្លួន ។ កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន កម្ពុជា​ធ្លាប់មាន​កីឡា​នេះដែរ តែ​បន្ទាប់ពី​សង្គ្រាម កីឡា​នេះ ទើបតែ​បង្កើតបាន ២ ឆ្នាំនេះ​ទេ ។ សព្វថ្ងៃ កម្ពុជា ទើប​តែមាន​ក្រុម​បាល់​ទឹក ចំនួន ២ ក្រុម​ប៉ុណ្ណោះ គឺ​មួយក្រុម នៅ​រាជធានី​ភ្នំពេញ និង​មួយក្រុម នៅ​ខេត្តកំពង់ចាម ។​

​លោក​អគ្គលេខាធិការ ក៏បាន​អះអាង ពី​ការរៀបចំ​ឲ្យ​មាន ការប្រកួត​បាល់​ទឹក​ប្រចាំឆ្នាំ និង​បង្កើត​កម្មវិធី​ហ្វឹកហាត់ ប្រចាំ​សប្ដាហ៍ បន្ទាប់ពី​អាង​ហែល​ទឹក ក្នុង​ស្ដា​ត​អូឡាំពិក បញ្ចប់​ការជួសជុល​នោះ ៕v