បណ្ដុះបណ្ដាល គ្រូ​គុន​ដាវ​កម្រិត​១ ដំណាក់កាល​ទី​១

877
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​កីឡា​គុន​ដាវ កម្រិត​១ ដំណាក់កាល​ទី​១ ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​១៩ និង​បញ្ចប់​នៅ​ថ្ងៃទី​២១ មេសា ២០១៩ ។​

​វគ្គ​នេះ មាន​សិក្ខាកាម​ចូល​សិក្សា ចំនួន ១៥ រូប ដែល​ក្នុងនេះ ៤ រូប មកពី​ខេត្តសៀមរាប ៤​រូប នៅ​រាជធានី​ភ្នំពេញ ដែលជា​គ្រូ​អប់រំ​កាយ​កីឡា និង ៧ រូប​ទៀត មាន ៣ រូប ជា​គ្រូបង្វឹក ដែល​មិនទាន់មាន​អាជ្ញាប័ណ្ណ កីឡាករ ៣ រូប ជា​កីឡាករ ដែល​អភិវឌ្ឍន៍​ខ្លួន ឲ្យ​ទៅជា​គ្រូបង្វឹក និង​មួយរូប​ទៀត ជា​អ្នកស្ម័គ្រចិត្ត ។​

​លោក សុខ អាង ដែលជា​អគ្គលេខាធិការ របស់​សហព័ន្ធ បាន​ឲ្យ​ដឹងថា វគ្គ​នេះ ធ្វើឡើង​ដោយ ប្រើប្រាស់​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង កីឡា និង​ថវិកា​ផ្ទាល់ របស់​សហព័ន្ធ ។​

​លោក​បាន​បន្តថា វគ្គ​នេះ បណ្ដុះបណ្ដាល ដោយ​គ្រូ​ជនជាតិ​បារាំង គឺ​លោក Bruno Gaby ។ វគ្គ​នេះ រៀបចំឡើង ខុសពី​វគ្គ​សិក្សា​នានា ដែល​សហព័ន្ធ​ជាតិ​នានា រៀបចំ​កន្លងមក គឺ​សហព័ន្ធ​បែង​ចែកជា ៤ ដំណាក់កាល ដោយ​ដំណាក់កាល​នីមួយៗ មាន​រយៈពេល​ពី ៣ ទៅ ៥ ថ្ងៃ ។​

​វគ្គ​នេះ ជា​តំណាក់កាល​ទី​១ ដែល​បញ្ចប់ នៅ​ថ្ងៃទី​២១ មេសា ។ ដំណាក់កាល​ទី​១ នេះ សិក្សា​ពី​ប្រវត្តិ និង​មូលដ្ឋានគ្រឹះ នៃ​កីឡា​គុន​ដាវ ។ ដំណាក់កាល​ទី​២ ដែល​នឹងធ្វើ​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០១៩ នេះ និង​សិក្សា​ពី​បច្ចេកទេស​បង្ហាត់ បទបញ្ជា នៃ​ការប្រកួត វិធី​ការពារ​ការគ្រោះថ្នាក់ ជាយថាហេតុ នៅពេល​ហ្វឹកហាត់ និង ប្រកួត ។ ដំណាក់កាល​ទី​៣ ដែល​ធ្វើ​នៅ​អំឡុង​ខែកញ្ញា សិក្សា​ពី​បច្ចេកទេស កលល្បិច ការស្ដារ​កម្លាំង របៀប​ប្រើប្រាស់ សម្ភារ ការជួសជុល និង​ការកែច្នៃ សម្ភារ​ហ្វឹកហាត់ សម្រាប់​តំបន់​ខ្វះខាត ។ ដំណាក់កាល​ទី​៤ ដែល​ធ្វើ​នៅ​ខែវិច្ឆិកា គឺ​សិក្សា​ពី​ការចូលរួម​ប្រកួត ការរៀបចំ​ការប្រកួត ដោយ​ប្រើ និង​មិន​ប្រើ​ឧបករណ៍ ការស្វែងរក​អ្នក​ឧបត្ថម្ភ និង របៀប​ទំនាក់​ទំនងជា​តិ និង អន្តរជាតិ ។

សិក្ខាកាម ដែល​ចូលរួម​វគ្គ គ្រូបង្វឹក​គុន​ដាវ​

សូមបញ្ជាក់ថា នៅ​រាល់​ការសិក្សា​បញ្ចប់ ដំណាក់កាល​នីមួយៗ មិនមាន​ចែក​វិ​ញ្ញាប​ន​ប័ត្រ​ឡើយ តែ​បន្ទាប់ពី​បញ្ចប់​ការសិក្សា ទាំង ៤ ដំណាក់កាល សិក្ខាកាម​ នឹង​បានទទួល​ វិ​ញ្ញាប​ន​ប័ត្រ​ថ្នាក់ជាតិ សម្រាប់​គ្រូ​កម្រិត ១ ។

​បន្ទាប់ពី​បញ្ចប់​ដំណាក់កាល​នីមួយៗ សហព័ន្ធ នឹង​បន្ត​ធ្វើការ​ជាមួយ គ្រូ​អប់រំ​កាយ និង​កីឡា តាម​គ្រឹះស្ថានសិក្សា​នានា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​បង្ហា​ត់ដល់​សិស្ស ដោយ​សហព័ន្ធ ជួយ​ផ្ដល់នូវ​សម្ភារ​ហ្វឹកហាត់ ជូន​ដល់​គ្រឹះស្ថានសិក្សា​ទាំងនោះ ។ សាលា​នីមួយៗ អាច​ទទួលបាន សម្ភារ​ហ្វឹកហាត់ ពី ៤ ទៅ ៦ ឈុត ។​

​លោក សុខ អាង បាន​បញ្ជាក់ថា សម្រាប់​ឈុត​ហ្វឹកហាត់ ដែល​ផលិត នៅ​ប្រទេស​ចិន មួយឈុត ចាប់ពី ៥០០ ទៅ ៦០០ ដុល្លារ​ឯណោះ ។ ចំពោះ​ឈុត​សម្រាប់​ប្រកួត តម្លៃ​ចាប់ពី ៧៥០ ដុល្លារ ដល់​ជាង ២.០០០ ដុល្លារ គឺ​ថ្លៃៗ​ខ្លាំងណាស់ ៕v