បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​

1290
ចែករម្លែក
  • 23
    Shares
ទិដ្ឋភាព​ប្រកាស​បើក​ស្ថាប័ន​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ស្ថាប័ន​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា WTF (World Taekwondo Federation) បានប្រកាស​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ នាម​ជ្ឈ​ម​ណ្ឌ​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​កម្ពុជា​។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បានទទួល​បន្ទុក​បន្ថែ​ម​ជា​ប្រធាន​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា​។ លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហែម សំណាង ជា​អនុប្រធាន​លោក Choi Yong Sok ជា​អគ្គលេខាធិការ​លោក​ជាតិ​ខេមរា និង​លោក យី​វ វណ្ឌី ជា​អ្នកគ្រប់គ្រង​។​

​មុននេះ​ប៉ុន្មាន​ឆ្នាំ​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​មាន​ឈ្មោះថា “​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា​-​កូរ៉េ​” តែ​ពេលនេះ បាន​ប្ដូរ​មកជា​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា​។​

​ពាក់ព័ន្ធ​ជាមួយនឹង​ការបង្កើត​ស្ថាប័ន​បណ្ឌិត្យសភា​នេះ​ឡើង លោក ជ្រិ​ន សុ​អា ដែលជា​អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​ពន្យល់ថា សហព័ន្ធ​ជា​ស្ថាប័ន​ប្រមូលផ្ដុំ ឯ​បណ្ឌិត្យសភា​ជា​ស្ថាប័ន​បណ្ដុះបណ្ដាល នូវ​ធនធានមនុស្ស ក៏ដូចជា​ការប្រឡង ឬ​ធ្វើតេស្ត ដើម្បី​តម្លើង​ដាន់​ខ្សែក្រវាត់​ជាដើម​។ លោក​បន្តថា បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​មាន​ភារកិច្ច​បណ្ដុះបណ្ដាល ធនធានមនុស្ស​ឲ្យ​ស្របតាម​ស្ដង់ដារ របស់​ស្ថាប័ន Kukkiwo (Headquarte Taekwondo)​។​

​តេ​ក្វាន់​ដូ WTF ជា​ប្រភេទ​កីឡា​អូឡាំពិក ដែល​សព្វថ្ងៃនេះ មាន​មនុស្ស​៩០​លាន​នាក់ លើ​ពិភពលោក​កំពុង​ហ្វឹកហាត់ និង​មាន​ប្រទេស​ចំនួន ២០៥​ជា​សមាជិក​។​

លោក ហង់​ជួន ណា​រ៉ុ​ន ទទួល​សម្ភារៈ​ពី​លោក Park Hyo Joon​តំណាង​អង្គការ Heart to Heart

​ជាមួយនឹង​ការប្រកាស​បើក​ស្ថាប័ន​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា​នេះ អង្គការ Heart To Heart របស់​សាធារណរដ្ឋ​កូរ៉េ បានផ្ដល់​សម្លៀកបំពាក់​តេ​ក្វាន់​ដូ​ចំនួន​៨០០​សម្រាប់ ដើម្បី​ចែកជូន​ដល់​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ ចំនួន​៨០០​នាក់ ដែល​ចូលរួម​សំដែង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ នា​ថ្ងៃទី​២៥​ឧសភា​ខាងមុខនេះ​។ អង្គការ​នេះ ដដែល​ក៏បានផ្ដល់​ស្បែកជើង​សម្រាប់​ហាត់​តេ​ក្វាន់​ដូ​ចំនួន ៩.៣០០​គូ ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ប្រើប្រាស់​ជាមួយ​កីឡា​តេ​ក្វាន់​ដូ​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​នោះដែរ លោក Choi Yong Sok ដែលជា​គ្រូធំ​ប្រចាំ​ស្រុក​ខ្មែរ បានប្រគល់​នូវ​លិខិតបញ្ជាក់​ពី​កម្រិត​ខ្សែក្រវាត់​ខ្មៅ​២​ដាន់ ដល់​លោក ហង់​ជួន ណា​រ៉ុ​ន ទៀតផង​។​

លោក ហង់​ជួន ណា​រ៉ុ​ន ទទួល​លិខិតបញ្ជាក់​ពី​ការឡើង​ខ្សែក្រវាត់​ខ្មៅ​២​ដាន់​

​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា បាន​បង្កើតឡើង​នូវ​ពាក្យស្លោក​មួយ​ថា “​អនាគត​ចាប់ផ្ដើម​នៅថ្ងៃនេះ មិនមែន​ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក​នោះទេ​”​។​

​ជាមួយនឹង​ការប្រកាស​បើក​ជា​ផ្លូវការ នៃ​ស្ថាប័ន​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​នេះ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ក៏បាន​រៀបចំ​នូវ​ការហាត់​សម​កីឡាករ​-​កីឡាការិនី ចំនួន​៨០០​នាក់ ដើម្បី​ត្រៀម​ការបើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ទៀតផង ហើយ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ ស​ក្ខិ​ដា ដែលជា​អគ្គលេខាធិការ​នោះ​ថា កីឡាករ​-​កីឡាការិនី​ទាំង​៨០០​នាក់​នោះមក ពី​បណ្ដា​ក្លិប​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​បើក​នោះ នឹងមាន​ការសំដែង​មេគុន ស្នៀត​វាយ​បំបែក​អិដ្ឋ ទាត់​ក្ដារ និង​អាចមាន​ការសំដែង​នូវ​ក្បាច់​ពិសេស​មួយចំនួនទៀត​៕ ល​