បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​ចាប់​ដៃគូ​ជាមួយ​អេស​ស៊ីជី​ប្រមូលផ្ដុំ​អ្នកស្រាវជ្រាវ​ដើម្បី​បង្កើត​នវានុវត្តន៍​

175
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: “​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​” ដែលជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក បាន​ចាប់​ដៃគូ​ជាមួយ​អេស​ស៊ីជី “SCG” តាមរយៈ​មជ្ឈមណ្ឌល​ស​ហ​ប្រតិបត្តិការ​នវានុវត្តន៍ CAS (​នៅ​ទីក្រុង​បាងកក​) ដើម្បី​រួមគ្នា​អភិវឌ្ឍ​និង​ចែករំលែក​ចំណេះដឹង​លើ​វិស័យ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​នៅក្នុង​វិស័យ​ចំនួន ៥ ៖ ទីក្រុង​ឆ្លាត​, AI/Machine Learning និង​គ្រឿងយន្ត​,
​សារធាតុ​គីមី​ដែលមាន​តម្លៃ​ខ្ពស់​, ធុរកិច្ច​ថាមពល​ថ្មី​, និង​បិ​រ​ស្ថាន​និង​និរន្តរភាព​។

“​មជ្ឈមណ្ឌល​នវានុវត្តន៍ SCG-CAS ICCB” បាន​ត្រូវ​បង្កើតឡើង​មុនដំបូង​គេ​បង្អស់ នៅ​ប្រទេស​ថៃ ដើម្បី​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា​និង​ការផ្ដល់​អាជ្ញាប័ណ្ណ​, ការស្រាវជ្រាវ​និង​បង្កើត​នវានុវត្តន៍​រួមគ្នា​, ការអភិវឌ្ឍ​ធនធានមនុស្ស និង​វិនិយោគ​រួមគ្នា ក្នុង​គោលដៅ​ជំរុញ​នវានុវត្តន៍​, បង្កើន​ភាព​ប្រកួតប្រជែង​, និង​លើកកម្ពស់​នវានុវត្តន៍​នៅក្នុង​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម រវាង​ប្រទេស​ថៃ និង​ប្រទេស​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ទីផ្សារ និង​និន្នាការ​អនាគត​។ គម្រោង​ជំហាន​ដំបូង មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ១០០​លាន​យ័ន (​ប្រហែល​ជាង ១៤​លាន​ដុល្លារ​អាមេរិក​)​។

​លោក Roongrote Ransiyopash ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន SCG បាន​ឲ្យ​ដឹងថា «SCG ដាក់ចេញ​នូវ​ទស្សនវិស័យ​បង្កើត​ភាពជា​ដៃគូ​ជាមួយ​បណ្ដា​វិទ្យាស្ថាន និង​អង្គ​ការឈាន​
​មុខ​គេ ទាំង​នៅក្នុង​ស្រុក និង​ទាំង​នៅក្រៅ​ប្រទេស ដើម្បី​បង្កើន​សមត្ថភាព និង​ជំរុញ​ការចែករំលែក​ចំណេះដឹង ដែល​ផ្ដល់​លទ្ធភាព​ឲ្យ SCG អាច​អភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម​បាន​លឿន​រហ័ស និង​កាន់​តែមាន​ប្រសិទ្ធ​ផល​ជាង​មុន ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​នៅ​ទូទាំង​តំបន់​អាស៊ាន​។ ឧទាហរណ៍ រួមមាន ការ​វេច​ខ្ចប់​ដែល​តម្រូវ​ទៅតាម​បែបផែន​រស់នៅ​ដ៏​សម្បូរបែប និង​ផាសុកភាព​របស់​អតិថិជន​, ជ័រ​ប្លា​ស្ទិ​ក​គុណភាព​ខ្ពស់​ដែល​ផលិត​ដោយ​ប្រើ​វត្ថុធាតុដើម​តិច​, និង​ដំណោះស្រាយ​ផ្នែក​សំណង់​។ ភាពជា​ដៃគូ គឺជា​យន្តការ​ដ៏​សំខាន់​មួយ ដើម្បី​ពង្រឹង​ក្រុមហ៊ុន​នានា ដូចដែល​ឆ្លុះបញ្ចាំង​នៅក្នុង​ចំណូល​កើនឡើង​នៅក្នុង​ឆ្នាំ​២០១៨ ពី​ការលក់​ផលិតផល​និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) ដែល​សម្រេចបាន​ទឹកប្រាក់​សរុប ១៨៤.៩៦៥​លាន​បាត ឬ ៣៩% នៃ​ចំណូល​សរុប​ពី​ការលក់ ខណៈដែល​ការចំណាយ​លើ​ការស្រាវជ្រាវ​និង​នវានុវត្តន៍ មាន​ទឹកប្រាក់​សរុប​ចំនួន ៤.៦៧៤​លាន​បាត ឬ​ត្រឹមតែ ១% នៃ​ចំណូល​សរុប​ពី​ការលក់ ប៉ុណ្ណោះ​»​។​

​ដើម្បី​ពង្រីក​សហប្រតិបត្តិការ​និង​ផ្ដល់​លទ្ធភាព​ដល់ SCG អាច​ចូលទៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នវានុវត្តន៍ និង​ប្រភព​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ចិន ដែល​នឹង​ជួយ​លើកកម្ពស់​ភាព​ច្នៃប្រឌិត​និង​​នវានុវត្តន៍​សម្រាប់​វិស័យ​ធុរកិច្ច និង​ឧស្សាហកម្ម សម្រាប់​ទាំង​ប្រទេស​ថៃ និង​ទាំង​ប្រទេស​ចិន រួម​ជាមួយនឹង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន​នៅក្នុង​សង្គមជាតិ​, អនុស្សរណៈ​នៃ​ការយោគយល់ (MoU) មួយ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥ វិច្ឆិកា ២០១៩ តាមរយៈ CAS ICCB​។ ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ធ្វើជា​សាក្សី​ដោយ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ត ចាន់​អូ​ចា និង​នាយករដ្ឋមន្ត្រី​ចិន លោក លី កឺ​ឈៀង​។
​លោក​បណ្ឌិត Jiang Biao នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​នវានុវត្តន៍ CAS ប្រចាំ​ក្រុង​បាងកក​បាន​បន្ថែម​ដូច្នេះ​ថា «CAS ICCB គឺជា​សាខា​មួយ​ក្នុងចំណោម​សាខា​ក្រៅប្រទេស​ចំនួន ៩​របស់ CAS ដែល​ដើរតួនាទី​សំខាន់​នៅក្នុង​ការស្វែងរក​និង​បង្កើត​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ឈានមុខ​គេ​នានា នៅក្រៅ​ប្រទេស ដើម្បី​បង្ហាញ​ពី​ការងារ​វិទ្យាសាស្ត្រ​របស់ CAS​។ CAS មាន វិទ្យាស្ថាន​ស្រាវជ្រាវ​ជាង ១០០​កន្លែង និង​មាន​អ្នកស្រាវជ្រាវ​និង​សមាជិក​ក្រុម សរុប​ប្រមាណ ៧០.០០០​នាក់ ព្រមទាំង​មាន​បណ្ដាញ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ ៨០០​នាក់ និង​សាកលវិទ្យាល័យ​ជា​ដៃគូ​សហការ​ចំនួន ៣​។ ថ្ងៃនេះ យើង​រីករាយ​ណាស់​ដែល​បាន​កសាង​ជា​វេទិកា​មួយ ដែល​អាច​ភ្ជាប់ SCG ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​នវានុវត្តន៍​នៅក្នុង​ប្រទេស​ថៃ និង​អាស៊ាន ទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅឯ CAS និង​បណ្ដាញ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ចិន​»​។​

​កិច្ចសហប្រតិបត្តិការ​រវាង SCG និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​នវានុវត្តន៍ CAS (​ប្រចាំ​ក្រុង​បាងកក​) រួមមាន​ដូចខាងក្រោម ៖
១) ការបង្កើត “​មជ្ឈមណ្ឌល​នវានុវត្តន៍ SCG-CAS ICCB” នៅឯ​អគារ D នៃ INC2 Tower នៅក្នុង​ទីភ្នាក់ងារ​ជាតិ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា នៅក្នុង​ឧទ្យាន​វិទ្យាសាស្ត្រ​ថៃ នៅ​ខេត្ត Pathum Thani​។ មជ្ឈមណ្ឌល​នេះ នឹង​ប្រើប្រាស់​ទីធ្លា​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​បើកទូលាយ របស់ SCG និង​ក្លាយជា​ទីតាំង​សម្រាប់​ការតាំងពិព័រណ៍​នវានុវត្តន៍​នានា និង​សន្និសីទ​ស្រាវជ្រាវ​ផ្សេងៗ​។ ទីតាំង​នេះ ក៏​នឹង​បម្រើ​ជា​មន្ទីរពិសោធន៍ R&D និង​ជា​ការិយាល័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ R&D រវាង SCG និង CAS ព្រមទាំង​អ្នកស្រាវជ្រាវ​របស់ CAS​។
​ក្រៅពីនេះ ទីតាំង​ដដែល​នឹង​បើកទូលាយ​ដល់​ការបង្កបង្កើត និង​ការបណ្ដុះបណ្ដាល​
​អាជីវកម្ម​ចាប់ផ្ដើម​ថ្មី (start-up) ដើម្បី​គាំទ្រ​សហគ្រិន​ថ្មីថ្មោង​របស់​ចិន​ឲ្យ​ធ្វើ​អាជីវកម្ម​នៅក្នុង​អាស៊ាន ជាមួយ SCG ក្នុង​ទម្រង់​ជាការ​ពិគ្រោះ​យោបល់ ការអភិវឌ្ឍ​គម្រោង​រួមគ្នា ឬ​ការសាកល្បង​ទីផ្សារ និង​ការពង្រីក​នវានុវត្តន៍​ដែល​បាន​បង្កើតឡើង ។
២) ប្រើប្រាស់​បច្ចេកវិទ្យា​រប​ស់ CAS ឬ​បណ្ដាញ​អាជីវកម្ម​ចាប់ផ្ដើម​ថ្មី (startup) នៅក្រោម CAS ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ថៃ តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា និង​ការផ្ដល់​អាជ្ញាប័ណ្ណ ឬ​ការ​ការអនុវត្ត​បច្ចេកវិទ្យា​ទាំងនេះ​នៅក្នុង​ដំណោះស្រាយ​ថ្មីៗ​របស់ SCG​។ ស្នើសុំ​អាជ្ញាប័ណ្ណ​សម្រាប់​បច្ចេកវិទ្យា​/​ទ្រព្យ​កម្មសិទ្ធិបញ្ញា​ជាក់លាក់​របស់ CAS ដើម្បី​អភិវឌ្ឍ​នវានុវត្តន៍​មួយចំនួន​បន្ថែមទៀត ដូចជា ការប្រើប្រាស់​បច្ចេកវិទ្យា Sensor/IoT ពី CAS ដើម្បី​អភិវឌ្ឍ​ដំណោះស្រាយ​ថ្មីៗ​របស់ SCG ឧ​. អគារ​ឆ្លាត ឬ​ការតាមដាន​ភាព​អាច​ជឿជាក់​បាន​របស់​រោងចក្រ​។
៣) គម្រោង​ស្រាវជ្រាវ​រួមគ្នា SCG-CAS ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ថ្មីៗ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​អង្គភាព​អាជីវកម្ម​ស្នូល​របស់ SCG​។
៤) ដើរតួនាទី​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ថៃ​និង​ចិន ដែល​ផ្ដល់​ការបណ្ដុះបណ្ដាល​អប់រំ​ជា​ន់​ខ្ពស់ ឬ​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ ក្នុង​ទម្រង់​ជាការ​ចែករំលែក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​និង​នវានុវត្តន៍ ឬ​សិក្ខាសាលា​ដែល​ផ្ដល់​ដោយ​អ្នកជំនាញ​របស់ SCG និង CAS ឬ​ដៃគូ​នានា​។
៥) បង្កើត​គម្រោង​វិនិយោគ​រួមគ្នា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅលើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដែលមាន​សក្ដានុពល​ពាណិជ្ជកម្ម​ខ្ពស់ នៅក្នុង​ប្រទេស​ចិន ឬ​ស្វែងរក​លទ្ធភាព​នៅក្នុង​កា​រ​បង្កើត​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​រួមគ្នា នៅក្នុង​តំបន់​អាស៊ាន​។

​លោក Roongrote មានប្រសាសន៍ថា ៖ «SCG មាន​ក្ដីសង្ឃឹម​មុតមាំ​ថា ភាពជា​ដៃគូ​នេះ​នឹង​ពូន​ផ្ដុំ​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​របស់​ស្ថាប័ន​ទាំងពីរ​នេះ ដែល​នឹង​ចែករំលែក​និង​បំពេញបន្ថែម​គ្នា​លើ​ផ្នែក​ធនធាន និង​បង្កើតជា​ប្រព័ន្ធ​អេកូឡូស៊ី​អាជីវកម្ម​ទូលំទូលាយ ដើម្បី​អភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម​ដែលមាន​នវានុវត្តន៍ ដើម្បី​បំពេញ​ទៅតាម​សេចក្ដីត្រូវការ​ដ៏​សម្បូរបែប​របស់​
​អតិថិជន ឲ្យ​បាន​កាន់តែ​លឿន​រហ័ស និង​មាន​ប្រសិទ្ធ​ផល​ថែមទៀត​។ ភាពជា​ដៃគូ​នេះ នឹង​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​កសាង​កំណើន​ដែលមាន​និរន្តរភាព សម្រាប់​ធុរកិច្ច​ស្នូល​របស់ SCG ព្រមទាំង​អនុញ្ញាត​ឲ្យ SCG អាច​រុករក​ឱកាស​ធុរកិច្ច​ថ្មីៗ ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ និង​ប្រទេស​ចិន បន្ថែមទៀត​»៕ ល​