បណ្ឌិត​ងួន​ញ៉ិល​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​វិទ្យាសាស្ត្រ​សង្គម​ពី​សាកលវិទ្យាល័យ​ឥណ្ឌា

629
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សាកលវិទ្យាល័យ ឆា​ត្រា​ប៉ា​ទី សា​ហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJUNIVERSITY)​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បានសម្រេច​ប្រគល់​សញ្ញាបត្រ​កិត្តិយស​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ជូន​លោក​បណ្ឌិត​ងួន​ញ៉ិល​ អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ដោយបាន​មើលឃើញ​ពី​ការលះបង់​ការតស៊ូ​និង​ពលី​កម្ម​របស់លោក​បណ្ឌិត​ងួន​ញ៉ិល​ នៅក្នុង​ការចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​តាំងពីដើម​រហូតមក​ពិសេស​ការចូលរួម​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា​តាមរយៈ​ការអនុម័ត​ច្បាប់​នៅក្នុង​រដ្ឋសភា​។​ការប្រគល់​សញ្ញាបត្រ​បានរៀបចំ​ធ្វើ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា​ ឆ្នាំ​២០១៩​។​

​លោក​បណ្ឌិត​ណា​រ៉េ​ស ម៉ា​ល​ហូ​ត្រា ​តំណាង​សាកលវិទ្យាល័យ​ឆា​ត្រា​ប៉ា​ទី​សា​ហ៊ុ​ជី​មហារាជ​ បាន​គូសបញ្ជាក់ថា​ ការសម្រេច​ផ្តល់​សញ្ញាបត្រ​កិត្តិយស​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ជូន​ដល់​លោក​បណ្ឌិត​ងួន​ញ៉ិល​នាពេលនេះ ​មិនមែន​ជាការ​ចៃដន្យ​នោះទេ​ តែ​បានកើត​ឡើង​ពី​ការស្រាវជ្រាវ​និង​វាយតម្លៃ​ពី​គុណបំណាច់​ដ៏​ធំធេង​របស់លោក​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ដែល​បាន​បំពេញភារកិច្ច​ជូន​ជាតិ​និង​មាតុភូមិ តាំងពីដើម​មក​។​

​បណ្ឌិត​ងួន​ញ៉ិល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ដើម្បី​សង្គមជាតិ​ច្រើនជាង​ការ​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​លោក​បណ្ឌិត​ណា​រ៉េ​ស​ម៉ា​ល​ហូ​ត្រា​បានឱ្យដឹង​ទៀតថា​៖​ចំណែក​នៅក្នុង​តួនាទី​ជា​តំណាងរាស្ត្រ​និង​ជា​ថ្នាក់ដឹកនាំ​រដ្ឋសភា​មួយរូប​នោះ​លោក​បណ្ឌិត​បាន​ចូលរួម​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា​។​រដ្ឋសភា​កម្ពុជា​បាន​តាក់តែង និង​អនុម័ត​ច្បាប់​ប្រមាណ​៥០០​ច្បាប់​។​

​បើតាម​ការវាយតម្លៃរ​បស់​តំណាង​សាកលវិទ្យាល័យ​ឆា​ត្រា​ប៉ា​ទី​សា​ហ៊ុ​ជី​មហារាជ​លោក​បណ្ឌិត​ងួន​ញ៉ិល​ ក៏បាន​កសាង​កិត្យានុភាព​ដល់​រដ្ឋសភា​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​យ៉ាងច្រើន​ផង ដែរ​។ រដ្ឋសភា​កម្ពុជា ដែល​រួមចំណែក​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ងួន​ញ៉ិល​បានរៀបចំ​កិច្ចប្រជុំ​និង​មហាសន្និបាត​នៃ​វេទិកា​អន្តរ​សភា​ជាច្រើន​នៅ​កម្ពុជា​និង​បាន​ចូលរួម​ប្រជុំ​ក្រៅប្រទេស​ជាច្រើន​ផងដែរ​ដូចជា​នៅក្នុង​តួនាទី​ជា​សមាជិក​អន្តរ​សភា​អាស៊ាន​សភា​តំបន់​អាស៊ី​និង​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជាដើម​នោះ​។

​លោក​បណ្ឌិត​ងួន​ញ៉ិល​បានចាត់ទុក​ការផ្តល់​សញ្ញាបត្រ​ជូន​លោក​នៅពេលនេះ​ជាការ​លើកទឹកចិត្ត​និង​បាន​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ​លះបង់​របស់លោក​ដើម្បី​ប្រទេសជាតិ​នាពេល​កន្លងមក​។ ជាពិសេស​គឺ​នៅក្នុង​ការបំពេញ​តួនាទី ក្នុងនាម​ជា​ថ្នាក់​ដឹក​រដ្ឋសភា​មួយរូប ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​លោក​បណ្ឌិត បាន​បន្តថា​ការផ្តល់​សញ្ញាបត្រ​នេះ​ក៏បាន​វាយតម្លៃ​ពី​ការចូលរួម​ចំណែក​រប​ស់លោក​បណ្ឌិត ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ​ជាមួយនឹង​ថ្នាក់ដឹកនាំ​កំពូលៗ​ដែលមាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជាស៊ីម​​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​​​ សំរិន ​​និង​សម្តេច​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន ជាដើម​។​

“​ការផ្តល់​សញ្ញាបត្រ​នេះ​ពិត​ជាមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ខ្ញុំ​និង​ក្រុមគ្រួសារ​និង​ស្ថាប័ន​រដ្ឋសភា ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​និង​ប្រជាជន​ខ្មែរ​ទាំងមូល​។​នេះ​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត​និង​ស្មារតី​ដល់​ខ្ញុំ​ឱ្យ​កាន់តែ​ខិតខំ​បន្តសកម្មភាព​បម្រើ​សង្គម​ទ្វេដង​បន្ថែមទៀត​ ពិសេស​ការរួមចំណែក​ក្នុង​កិច្ចការ​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា​ប្រកបដោយ​វឌ្ឍនភាព​និង​ភាព​សុខដុម​រម្យ​នា​”​។​នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​បណ្ឌិត ងួន ញ៉ិល​៕S/Ha

#