បណ្ឌិត​ជប៉ុន​ម្នាក់​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​២៥​ឆ្នាំ​

283
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​បណ្ឌិត​តា​កេ​ស៊ី ណា​កា​ហ្គា​វ៉ា​ បាន​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​អស់​រយៈពេល​២៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩៤​មក​។​លោក​បណ្ឌិត​ណា​កា​ហ្គា​រ៉ា​ បាន​ចូលរួមចំណែក​ជំរុញ​ការផ្លាស់ប្តូរ​ក្នុង​ផ្នែក​អប់រំ​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា​ តាមរយៈ​ការជួសជុល​និង​ស្តារឡើងវិញ​នៃ​អង្គរ​ ជាពិសេស​ប្រាសាទបាយ័ន​។​

​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុម​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការថែរក្សា​ការពារ​ប្រាសាទ​អង្គរ​(JSA)​ចាប់តាំងពី​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៤ ​និង​ក្នុងនាម​ជា​សហប្រធាន​នៃ​គម្រោង​ជប៉ុន​-​អប្សរា​ការពារ​ប្រាសាទ​អង្គរ​(JASA)​ចាប់ពី​ឆ្នាំ​២០០៥ ​ព្រមទាំង​បណ្តុះបណ្តាល​អ្នកជំនាញ​បច្ចេកទេស​កម្ពុជា​ជាច្រើនរូប​សម្រាប់​គម្រោង​អង្គរ​ជាង​២៥​ឆ្នាំ​មកនេះ​។​លោក​ក៏បាន​ចូលរួមចំណែក​លើ​ការថែរក្សា​ការស្តារ​ឡើងវិញ​និង​សកម្មភាព​ស្រាវជ្រាវ​នៅ​ប្រាសាទព្រះវិហារ​និង​សំបូរ​ព្រៃ​គុក​ ដែលជា​បេ​តិ​ភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូរបស់​កម្ពុជា​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុម​នៃ​សាកលវិទ្យាល័យ​វ៉ា​សេ​ដា​។​

​សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​ប្រ​វិត្ត​សាស្ត្រ​នៅ​កម្ពុជា​តាមរយៈ​អង្គការ​យូណេស្កូ​។​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការចូលរួមចំណែក​រប​ស់លោក​លើ​ការថែរក្សា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២២ ខែសីហា​ឆ្នាំ​២០១៩​។នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​លោក​បណ្ឌិត​តា​កេ​ស៊ីណា​កា​ហ្គា​វ៉ា​បាន​លើកឡើងថា​៖ នៅពេលដែល​ប្រាសាទ​អង្គរ​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​១៩៩២ ​ក៏​ជា​ពេលវេលា​មួយ​ដែល​ត្រូវបាន​ចាត់ទុកថា​”​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​។​កិច្ចការងារ​ថែរក្សា​និង​ជួសជុល​គឺជា​រឿង​ចាំបាច់​និង​បន្ទាន់​ដែល​ត្រូវតែ​ធ្វើ​ដោយ​ខានមិនបាន​”​។​

ស្ថិតក្នុង​ស្ថានភាព​នេះ ​រាជរដ្ឋាភិបាល​ជប៉ុន​និង​អង្គការ​យូណេស្កូ​ក៏បាន​បង្កើត​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាលជ​ប៉ុន​សម្រាប់​ការថែរក្សា​ការពារ​ប្រសាទ​អង្គរ​(JSA)​ដែលជា​គម្រោង​មួយ​គាំទ្រ​ដោយ​មូលនិធិ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​។​

​លោក​បាន​បន្តថា​ នៅ​ដំណាក់កាល​ទី​៣​គឺ​ចាប់ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១១ JSA​និង​អាជ្ញាធរ​ជាតិ​អ​ប្សរា​បាន​ផ្តើម​អនុវត្តន៍​ការងារ​រួមគ្នា ដោយ​ប្តូរ​ឈ្មោះ​ទៅជា​គម្រោង​ជប៉ុន​-​អ​ប្ស​រា​ការពារ​ប្រាសាទ អង្គរ​(JASA) ដោយ​ផ្តោត​ចម្បង​លើ​សកម្មភាព​ជួសជុល​ប្រាសាទបាយ័ន ហើយ​រហូត​បច្ចុប្បន្ននេះ បានបញ្ចប់​ការងារ​ជួសជុល​ដំណាក់កាល​ទី​៤​ ហើយ​ដំណាក់ កាល​ទី​៥ បានចាប់ផ្តើម​កាលពី ឆ្នាំ​២០១៨​។​

​មកដល់ពេលនេះ​ដែរ​ ក្រុមការងារ​បានសម្រេច​ជួសជុល​ប្រាសាទ​សូរ​ព្រ័ត្រ​តួ​ទី​១​និង​តួ​ទី​២​នៅក្នុង​ក្រុង​ខាងជើង​ប្រាសាទបាយ័ន ​បណ្ណាល័យ​ខាងជើង​ បណ្ណាល័យ​ខាងត្បូង​ ​ហើយ​បច្ចុប្បន្ន​កំពុងតែ​ជួសជុល​ថែវ​ខាងក្រៅ​កន្លែង​នាគ​តោ​។​សម្រាប់​គម្រោង​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​នឹងធ្វើ​ការជួសជុល​តួ​កណ្តាល​នៃ​ប្រាសាទបាយ័ន​។​ចំណែក​នៅ​ប្រាសាទអង្គរវត្ត​យើង​បាន​ជួសជុល​ហើយ​ដែរ​នូវ​បណ្ណាល័យ​ខាងជើង​ក្នុង​កំពែង​ខាងក្រៅ​។​

​លោក​បណ្ឌិត​បាន​បន្ថែម​ថា គម្រោង​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​មាន​គោលបំណង​ផ្តល់ឱ្យ​កម្ពុជា​ឈានទៅដល់​ការអភិរក្ស និង​ជួសជុល​ប្រាសាទ​បាន​ដោយ​ខ្លួនឯង​។ អ្នកជំនាញកម្ពុជា និង​កម្មករ​ជំនាញ​ទទួល ការបណ្តុះ បណ្តាល​នៅ​កន្លែង​ការងារ​ជាក់ស្តែង ដោយ​អ្នក ជំនាញ និង​វិស្វករ​ជប៉ុន​។ ក្នុងអំឡុង​បេសកកម្ម​១០​ឆ្នាំ ដំបូង​នៅក្នុង​គម្រោង របស់​រាជ រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការអភិរក្ស​ប្រាសាទអង្គរវត្ត រាជរដ្ឋាភិបាល​ជប៉ុន​បានបញ្ជូន​អ្នកឯកទេស​មក​៤​ដង ក្នុង​មួយដង​មាន​ចំនួន​៤០​នាក់​។

​ក្នុង​គម្រោង​អភិរក្ស របស់​រាជ​រដ្ឋា​ភិបាលជ​ប៉ុន ដែលមាន​ឈ្មោះថា​(JSA)​មាន​និស្សិត​ខាង​ស្ថាបត្យកម្ម ខាង​បុរាណវិទ្យា ខាង​ជំនាញ​ផ្សេងៗ​ដូចជា​ខាង​អភិរក្ស ខាង​រូបសាស្ត្រ រូបវិទ្យា គីមី សំណង់ នៃ​ប្រទេស​ជប៉ុន​បានមក​ធ្វើការ​សិក្សា​នៅ​កម្ពុជា​ផងដែរ​។​ក្រៅពីនេះ​ក៏មាន​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​អ​ប្ស​រា​ដែលមាន​ឈ្មោះថា​(JASA​ដែល​អំឡុងពេល​សិក្សា​ចាប់​ឆ្នាំ​២០០៥​មក​រដ្ឋាភិបាល​ជប៉ុន​បាន​ទទួលយក​ការបណ្តុះបណ្តាល​លើ​និស្សិត​ស្ថាបត្យកម្ម​និង​បុរាណវិទ្យា​របស់​ប្រទេស​កម្ពុជា​ក្នុង​មួយឆ្នាំ​បី​ដង​ដែល​ក្នុង​មួយដង​មាន​រយៈពេល​មួយខែ ដោយមាននិស្សិត​ចូលរួម​សិក្សា​ពី​៦ ទៅ​១០​នាក់​ក្នុង​មួយផ្នែក​។​

​លើសពីនេះ​នៅមាន​កម្មករ​ដែល​សុទ្ធតែ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​តំបន់​អង្គរ​ជា​កូនចៅ​របស់​បុព្វការី​អង្គរ​ចំនួន​២០០​នាក់​ទាំង​ក្នុង​ការងារ​អភិរក្ស​ក៏ដូចជា​ការងារ​ស្រាវជ្រាវ​បានទទួល​រៀនសូត្រ​ផ្ទា​ល់ពី​ជប៉ុន​ធ្វើឱ្យ​ជនជាតិខ្មែរ​ចេះ​គិត​ចេះ​ធ្វើ​ដោយ​ខ្លួនឯង​ដោយផ្ទាល់​។​

ជាងនេះទៀត​ និស្សិត​កម្ពុជា​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចុប្បន្ន​បាន​ក្លាយទៅជា​អ្នកជំនាញ​ក្នុងការ​ជួសជុល​ប្រាសាទ​និង​ការងារ​អភិរក្ស​និង​បាន​ក្លាយជា​មនុស្ស​មា​នស​ក្តា​នុព​ល​ទៅធ្វើ​ការងារ​ជាមួយ​អង្គការ​របស់​រា​ជ​រដ្ឋាភិបាល​ជប៉ុន​នៅឯ​ខេត្តសៀមរាប​និង​មួយចំនួនធំ​ទៀត​បាន​ក្លាយទៅជា​មន្ត្រី​ដែលមាន​តួនាទី​ធំៗ​នៅក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕S/Ha

​ចំណងជើង​រូបថត​៖​លោក​បណ្ឌិត​តា​កេ​ស៊ីណា​កា​ហ្គា​វ៉ា​បាន​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​អស់​រយៈពេល​២៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩៤​មក​

#