បណ្ឌិត​សង្ឃៈ ព្រះពុទ្ធសាសនា​កំពុង​សាយភាយ​ទៅកាន់​ទ្វីប​ផ្សេងៗ​

3398
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ព្រះ​ភិក្ខុ​បណ្ឌិត ឃី សុវណ្ណ​រតនា សកលវិទ្យា​ធិ​ការរង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​បាន​មាន​ព្រះ​ថេរ​ដីកា​ថា  នៅ​ក្នុងសម័យ​បច្ចេកវិជ្ជា​វិទ្យា​ស្ត្រ​ដ៏​ជឿនលឿន​នេះ អាស៊ីអាគ្នេយ៍​នៅតែ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់​ព្រះពុទ្ធសាសនា​ដដែល ។ ព្រះពុទ្ធសាសនា​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ទៅកាន់​ទ្វីបអឺរ៉ុប ទ្វីបអាមេរិក និង ទ្វី​អាហ្វ្រិក ជាដើម ក៏​សុទ្ធ​ផ្សាយ​ចេញពី​អាស៊ី​គ្នេ​យ៍​នេះដែរ ។ បច្ចុប្បន្ន​ព្រះពុទ្ធសាសនា មាន​ព្រះសង្ឃ មាន​វត្ត​អារាម និង គណៈសង្ឃ នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អាហ្វ្រិក​ដូចជា​ប្រទេស តង់​ហ្សា​នី អ៊ូ​ហ្ក​ង់​ដា និង អាហ្វ្រិក​ខាងត្បូង​ជាដើម គឺ​អ្នកស្រុក​ដើម​ជនជាតិ​អាហ្វ្រិក និង អឺរ៉ុប បាននាំគ្នា​មក​បួស​ជាស​ង្ឃ​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ហើយក​ព្រះពុទ្ធសាសនា​ពង្រីក​នៅ​ទឹកដី​របស់​ពួកគេ ដូច្នេះ​ព្រះពុទ្ធ​ស​សនា កំពុង​រីកសាយ​ភាយ​ពាសពេញ​អឺរ៉ុប និង អាហ្វ្រិក ទៀត  ។​

​ព្រះមហា​សមណៈ​បណ្ឌិត ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​បែបនេះ កាលពី​ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨ នាឱកាស​និមន្ត​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ព្រះពុទ្ធសាសនា និង អាស៊ីអាគ្នេយ៍ នៅឯ​សណ្ឋាគារ​ភ្នំពេញ ដែល​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ដោយ​អ្នកប្រាជ្ញ និង ពួក​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​ប្រទេស​ជាង ១០ នៅ​អាស៊ីអាគ្នេយ៍ ។


​ព្រះ​ភិក្ខុ ឃី​សុវណ្ណ​រតនា បាន​បន្ថែមថា គ្រប់​ទិដ្ឋភាព គ្រប់​វិស័យ នៃ មនុស្ស​នៅ​អាស៊ីអាគ្នេយ៍ សុទ្ធតែ​ជ្រួតជ្រាប​ទៅដោយ​ទស្សនៈ​ព្រះពុទ្ធសាសនា តាំងពី​វិ​ស័​ហ អក្សរសាស្ត្រ អក្សរ​សល្ប៍ សិល្បៈ អប់រំ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ប្រពៃណី វប្បធម៌ និង ទស្សនៈវិជ្ជា​ពោលគឺ​ផ្នត់គំនិត ។​

​ប្រធានបទ​ដែល​នឹងត្រូវ​បាន​លើក​យកមក​ធ្វើ​បទ​បង្ហាញ និង​ជជែក​ដេញដោល​នៅក្នុង​សន្និសីទ​រយៈពេល ២ ថ្ងៃនេះ មានដូចជា ព្រះពុទ្ធសាសនា នៅ​អាស៊ីអាគ្នេយ៍ , ព្រះពុទ្ធសាសនា និង ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច អប់រំ នយោបាយ សន្តិភាព វប្បធម៌ សុខដុម​នីយកម្ម នៅ​អាស៊ីអាគ្នេយ៍ និង ការគិត​ឡើងវិញ នៃ ព្រះពុទ្ធសាសនា​នៅ​អាស៊ីអាគ្នេយ៍​ជាដើម ។​

​គប្បី​រំឭកថា ទ្វីបអាស៊ី គឺជា​ទឹកដី​ដើមកំណើត នៃ សាសនា​ធំៗ​ទាំងអស់​ក្នុង​លោក ក្នុងនោះ​មានដូចជា​ព្រះពុទ្ធសាសនា គ្រិស្តសាសនា ឥស្លាម​សាសនា និង ហិណ្ឌូ​ជាដើម ។ នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​អ្នក​កាន់​ព្រះពុទ្ធសាសនា​ជាង ៧០០ លាន​នាក់ ហើយ​ភាគច្រើនបំផុត​គឺ​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​នេះ​ត​តែម្តង ៕

 

ព្រះ​ភិក្ខុ​បណ្ឌិត ឃី សុវណ្ណ​រតនា ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន