បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​កម្ពុ​ជាមួយ​ឆ្នាំមាន​និស្សិត​ជិត​ប្រាំបី​ម៉ឺន​នាក់​សម្រាប់​ប្រកួតប្រជែង​ទីផ្សារការងារ

237

(​កំពង់ចាម​)៖​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អាហារូបករណ៍​សិស្ស និស្សិត​ក្រីក្រ​បាន​ថ្លែងថា​បច្ចុប្បន្ន​កម្ពុ​ជាមាន​និស្សិត​ជិត​៨​ម៉ឺន​នាក់​សម្រាប់​ប្រកួតប្រជែង​ទីផ្សារការងារ​លើ​វិស័យ​ឯកជន និង​រដ្ឋ​។

​ការ​ថ្លែង​បែបនេះ​ក្នុង​ឳ​កាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​(UME)​ខេត្តកំពង់ចាម​ចំនួន​៧៨៦​នាក់​កាលពី​ព្រឹក​ថ្ងៃទី ២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​លោក​បណ្ឌិត​បាន​មានប្រសាសន៍ថា​ដើម្បី​មានឱកាស​ការងារ​បាន​ប្រសើរ​នោះ​យើង​ត្រូវការ​អ្នកវិនិយោគ​ហើយ​ដើម្បី​វិនិយោគ​លើ​វិស័យ​មួយ​ឲ្យ​បាន​ប្រសើរ​នោះ​គឺ​ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​ពិសេស​ដូចជា​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​(IT)​ខាង​វិស្វករ​កសិកម្ម​កែ​ច្នែ​ផលិតផល​កសិកម្ម​ដើម្បី​បម្រើ​ឲ្យ​ការនាំចេញ​ផលិតផល​ផ្សេងៗ​ទៅ​ក្រៅប្រទេស​។​ផ្ទុយទៅវិញ​មិនត្រូវ​នៅតែ​បន្ត​នាំចេញ​ផលិតផល​ផ្សេងៗ​ដែល​មិនទាន់​បានធ្វើ​ទៅជា​ផលិតផល​មិនទាន់បាន​កែច្នៃ​ជា​ផលិតផល​សម្រេច​ទៅ​ក្រៅប្រទេស​ទៀត​ទេ​។​ ​

​លោក​បាន​បន្ថែមថា​បញ្ហា​ប្រឈម​បច្ចុប្បន្ននេះ​កម្ពុជា​ត្រូវការ​អ្នកវិនិយោគ​និង​បើកទូលាយ​ដល់​វិស័យ​ឯកជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ឲ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​។​ប៉ុន្តែ​មុននឹង​បោះទុន​ឬក៏​ចូលមក​វិនិយោគ​អ្នកវិនិយោគ​ទាំង​អស់គេ​សំឡឹងមើល​ជាសំខាន់​គឺ​ធនធានមនុស្ស​របស់​យើង​។​

ដូច្នេះ​ទាមទារ​ឲ្យ​យើង​ត្រូវ​បង្កើន​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ហើយ​យុវជន​យើង​ទាំងអស់​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ​ពី​ចំណេះ​ជំនាញ​ដើម្បី​ឈានទៅ​ប្រកួតប្រជែង​នឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​ជាពិសេស​គឺ​ប្រទេស​ដែល​នៅ​ជិតខាង​របស់​យើង​។​

លោក​ហ៊ុន​ម៉ា​ណែ​ត​ក្នុងនាម​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អាហារូបករណ៍​សិស្ស​និស្សិត​ក្រីក្រ​បាន​គាំទ្រ​និង​ជំរុញ​ឲ្យ​សិស្ស​និស្សិត​កម្ពុជា​ត្រូវតែ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​សិក្សា​រៀនសូត្រ​នូវ​រាល់​ចំណេះដឹង​ដើម្បី​បាន​ក្លាយជា​ធនធានមនុស្ស​ដ៍​សំខាន់​សម្រាប់​ប្រទេសជាតិ​។​

កន្លងមក​និស្សិត​កម្ពុជា​គឺមាន​សក្តានុពល​ខ្លាំងណាស់​គឺ​យើង​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ថ្នាក់ជាតិ​និង​អន្តរជាតិ​អាច​យកឈ្នះ​ប្រទេសមួយ​ចំនួន​ផងដែរ​។​ដូច្នេះ​យើង​ត្រូវតែ​បន្ត​ពង្រឹង​សក្តានុពល​នេះ​បន្តទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចំរើន​បន្តទៅទៀត​៕S/​ដោយ​: គង់​ហេង​