បណ្ឌិត ងួន ញ៉ិល ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ នៃ​មហាសន្និបាត​លើក​ទី​១២ នៃ​សភា​តំបន់​អាស៊ី​

190
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ TITANIC នាទី​ក្រុង​អាន​តា​លី​យ៉ា​នៃ​សាធារណរដ្ឋ​តួ​ក​គី បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​តំបន់​អាស៊ី (APA) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ និង​មហាសន្និបាត​លើក​ទី​១២​របស់​សភា​តំបន់​អាស៊ី (APA) ក្រោម​ប្រធានបទ​«​តួនាទី​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ក្នុង​សភា​តំបន់​អាស៊ី The Role of Mulitilateral Cooperation Among Asian Parliaments »​។ ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត ងួន ញ៉ិល ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២​។​

​កិច្ចប្រជុំ​មាន​របៀបវារៈ​ចំនួន​១០ រួមមាន​៖ ការអនុម័ត​របៀបវារៈ​នៃ​មហាសន្និបាត​លើក​ទី​១២, ការបោះឆ្នោត​ជ្រើសរើស​សមាសភាព​ដឹកនាំ​មហាសន្និបាត​លើក​ទី​១២, របាយការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ ,​របាយការណ៍​របស់​អគ្គ​លេខាធិការ APA, កិច្ចពិភាក្សា​ទូទៅ សុន្ទរកថា និង​បទ​បង្ហាញ​របស់​ប្រធាន​ប្រតិភូ​ក្រោម​ប្រធានបទ «​តួនាទី​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ក្នុង​សភា​តំបន់​អាស៊ី​», កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នានា​, ការធ្វើ​បទ​បង្ហាញ និង​អនុម័ត​របាយការណ៍​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នានា​, កិច្ចប្រជុំ​សេចក្តីព្រាង​គណៈកម្មាធិកា​រ​ស្តីពី​ការប្រកាស​ទីក្រុង​អាន​តា​លី​យ៉ា​, ការជ្រើសតាំង​ប្រធានសភា​តំបន់​អាស៊ី​សម្រាប់​ឆ្នាំ​២០២២-២០២៣,​អនុម័ត​នូវ​របាយការណ៍ នៃ​មហាសន្និបាត​លើក​ទី​១២​។​

​គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​រដ្ឋសភាជាតិ​កម្ពុជា​-​សភា​តំបន់​អាស៊ី (APA) តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១២​ធ្នូ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ និង​មហា​សន្និបាតសភា​តំបន់​អាស៊ី (APA) លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​អាន​តា​លី​យ៉ា សាធារណរដ្ឋ​តួ​ក​គី​។​

​មហាសន្និបាត​នេះ នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋសភា​ព្រឹទ្ធសភា​នៃ​បណ្តា​ប្រទេស ដែលជា​សមាជិកសភា​តំបន់​អាស៊ី​គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍​និង​អង្គការ​ដៃគូ APA ។​

សភា​តំបន់​អាស៊ី (Asian Parliamentary Assembly) បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ និង​មាន​សភាសមាជិក​ចំនួន ៤២​ប្រទេស សមាជិក​សង្កេតការណ៍​ចំនួន ១៦​ប្រទេស និង​អង្គការ​ដៃគូ​ចំនួន ១០​ប្រទេស​។ បេសកកម្ម និង​គោលបំណង​សំខាន់ របស់ APA គឺ​ដើម្បី​ជំរុញ​នូវ​សុខសន្តិភាព និង​សមាហរណកម្ម សម្រាប់​តំបន់​អាស៊ី​ទាំងមូល​តាម​យន្តការ​សភា​។​

​សូមជម្រាបថា សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សភា​តំបន់​អាស៊ី ចំនួន ២​ឆ្នាំ​ជាប់​គ្នា គឺ​មហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៨ ក្នុង​ឆ្នាំ​២០១៥ និង​លើក​ទី​៩ ក្នុង​ឆ្នាំ​២០១៦៕ ល​