បណ្ណាល័យ​កំពង់ស្ពឺ​តម្លៃ​៤០​ម៉ឺន​ដុល្លារ​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​ផ្ដល់​ចំណេះដឹង​និង​កន្លែង​ស្នាក់​បណ្ដោះអាសន្ន​

310

(​ភ្នំពេញ​)៖ បណ្ណាល័យ​កំពង់ស្ពឺ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​។

​បណ្ណាល័យ​កំពង់ស្ពឺ មាន​សៀវភៅ និង​មាន​បំពាក់​ម៉ាស៊ីន​កុំព្យូទ័រ ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត សម្រាប់​ការស្រាវជ្រាវ​។​បណ្ណាល័យ​នេះ​​ជា​កន្លែង​បណ្តុំ​នៃ គម្ពីរ​សៀវភៅ​ក្បួនច្បាប់​នានា​សម្រាប់ សិស្ស​និស្សិត បញ្ញវន្ត​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ សម្រាប់​បំពេញបន្ថែម​នូវ​ពុទ្ធិ​ល្អៗ​។​​ជាមួយគ្នានេះ បណ្ណាល័យ​កំពង់ស្ពឺ ក៏​ជា​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​ប្រកបដោយ​ផាសុកភាព​សម្រាប់​សិស្សានុសិស្ស និង​អាណាព្យាបាល សម្រាប់​ការ​ទៅ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ ផងដែរ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ កន្លងទៅនេះ​មាន​សិស្សានុសិស្ស​ជាច្រើន​នាក់​រួមទាំង​អាណាព្យាបាល​ឪពុកម្តាយ​ដែលមាន ផ្ទះ​ឆ្ងាយៗ​ពី​មណ្ឌល​ប្រឡង បានមក​ស្នាក់នៅ​បណ្ណាល័យ​នេះ​ដើម្បី​ទៅ​ចូលរួម​ប្រលង​​សញ្ញាប័ត្រ​ទុតិយភូមិ​។​

​លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា បណ្ណាល័យ​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​ចំពោះ​ខេត្តកំពង់ស្ពឺ​ដែល​កើតចេញ​មកពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តែម្តង​។ ប៉ុន្តែ​លើសពីនេះ បណ្ណាល័យ​ក្នុង​លក្ខណៈ​ជា​អគារ​នេះ ជា​លទ្ធផល​ជាក់ស្តែង​ដែល​បានផ្តល់​ជូនទៅ​ដល់​សិស្សានុសិស្ស ឬក៏​លោកគ្រូ អ្នកគ្រូ ឬក៏​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​តែម្តង​។ ​នៅក្នុង​ប​បណ្ណាល័យ​នេះ បាន​បំពាក់​នៅ​អ្វី​ដែលជា​ប្រព័ន្ធ​ទំនើប​ដូចជា កំ​ព្យូ​ទ័​រ ឲ្យ​សិស្ស​និង​លោកគ្រូ អ្នកគ្រូ​អាច​ចូលមក​សិក្សា​ស្រាវជ្រាវ​បន្ថែម ហើយ​និង​ត្រៀមខ្លួន​យ៉ាងណា​ធ្វើ​ឲ្យ​បានទទួល​ជោគជ័យ​នៅក្នុង​ជីវិត​របស់ខ្លួន​។ លើសពី​ការអាន​សៀវភៅ ការសិក្សា​ស្រាវជ្រាវ អគារ​នេះ​នឹង​ផ្តល់ឱកាស​ក្នុងការ​ឲ្យ​កូនសិស្ស ឬក៏​អតិថិជន​អាច​ចូលមក​បាន​ប្រើប្រាស់​ជា​សេវា​ដូចជា​បន្ទប់ សាល​តូចៗ​ដើម្បី​ប្រជុំ​ពិ​ភា​​ក្សា​ការងារ និង​ដាក់​ផែនការ និង​ការអនុវត្ត​តែម្តង និង​ការធ្វើសិក្ខាសាលា​ដែល​អាច​រៀបចំ​បានធ្វើ​នៅក្នុង​បណ្ណាល័យ​នេះ​។​

​សូមជម្រាបថា បណ្ណាល័យ​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​បញ្ចប់​ការសាងសង់​កាលពី​ចុងខែ​មេសា ឆ្នាំ ២០១៧ (​រយៈពេល​សាងសង់​១៧​ខែ​) ចំណាយ​អស់​ថវិកា​ជាង​៤០​ម៉ឺន​ដុល្លារ​អាមេរិក​៕​ដោយៈ មុនី​រ័ត្ន​/sn