បណ្តាញ​ហាង​លក់រាយ​ដ៏​ធំ​របស់​ជប៉ុន​ងាក​រក​បច្ចេកវិជ្ជា​រប​ស់ Panasonic ដើម្បី​ជួយ​លក់​២៤​ម៉ោង ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​

322
ចែករម្លែក

​ក្រុមហ៊ុន​ហាង​លក់រាយ FamilyMart របស់​ជប៉ុន​បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​២​មេសា​ថា ខ្លួន​បាន​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Panasonic ដើម្បី​ដាក់បញ្ចូល​បច្ចេកវិជ្ជា​សន្សំសំចៃ​កម្លាំង​ពលកម្ម​ទៅក្នុង​ហាង​២៤​ម៉ោង​របស់ខ្លួន ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​កម្លាំង​ពលកម្ម​។​

​ហាង​លក់រាយ​នៅក្នុង​ប្រទេស​ជប៉ុន​កំពុង​ជួបប្រទះ​នឹង​កង្វះ​ពលកម្ម​ខ្លាំង​ជាង ៤០ ឆ្នាំ​មកហើយ​។ ចំពេល​មានការ​ត្អូញត្អែរ​ពី​ម្ចាស់​សិទ្ធិ​ក្រុមហ៊ុន​ផ្ដាច់មុខ ក្រុមហ៊ុន​ឈានមុខ​ខាង​ឧស្សាហកម្ម​ហាង​លក់រាយ ២៤ ម៉ោង ឈ្មោះ 7-Eleven នាពេល​ថ្មីៗ​នេះ​បាន​យល់ព្រម​សាកល្បង​ម៉ោង​ការងារ​ខ្លី​ជាង​មុន នៅ​ហាង​ចំនួន ១០ ក្នុងចំណោម​ហាង​ទាំង ២០.៧០០ របស់ខ្លួន​។​

​លោ​កថា​កាស៊ី សាវ៉ា​ដា ប្រធាន​ក្រុមហ៊ុន FamilyMart បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​ពិធី​បើកហាង​ដំបូង​ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា Panasonic នៅ​កា​ណាហ្គា​វ៉ា ភាគ​និរតី​ទីក្រុង​តូ​ក្យូ​ថា “​យើង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​និង​បញ្ហា​ប្រតិបត្តិការ ២៤ ម៉ោង​។ គ្មាន​ពេល​ត្រូវ​ខ្ជះខ្ជាយ​ទៀត​ទេ​”​។​

​បណ្តាញ​ហាង​លក់រាយ​ដែលមាន​ក្រុមហ៊ុនមេ​ឈ្មោះថា FamilyMart UNY Holdings បាន​និយាយថា ការផ្លាស់ប្តូរ​នេះ​នឹង​រួមបញ្ចូល​ឧបករណ៍​ចាប់​សញ្ញា​កម្រិត​ខ្ពស់​និង​បច្ចេកវិជ្ជា​ខួរក្បាល​និម្មិត (AI) ដើម្បី​ជួយ​ដល់​ការរាប់​ស្តុក​ឡើងវិញ​ប្រកបដោយ​ប្រសិទ្ធភាព​ថែមទាំង​ពិនិត្យមើល​ស្តុក​ដោយ​ខ្លួន​វា បង្ហាញ​តម្លៃ​លើ​អេក្រង់​ឌីជីថល​និង​វាយ​ស្លាក​តម្លៃ​។​

​ក្រុមហ៊ុន​នេះ​មិនបាន​ប្រកាស​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទេ​ដោយ​និយាយថា​ទំហំ​នៃ​ភាពជា​ដៃគូ​របស់​ពួកគេ​ពឹងផ្អែក​លើ​ថា​តើ​ជំហាន​ដំបូង​ទទួលបាន​ជោគជ័យ​ឬ​អត់​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​ហាង​លក់រាយ FamilyMart កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Panasonic ដើម្បី​ប្រើ​បច្ចេកវិជ្ជា​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស
#