បណ្តាសារ​ព័ត៌មាន​រដ្ឋ​ចិន​នាំគ្នា​សំពង​លើ​អាមេរិក​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គំរាម​វាយ​ពន្ធ​ជាថ្មី​

3279
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​៣០​ឧសភា​បាន​រិះគន់​ការប្រកាស​មួយ​របស់​អាមេរិក​ដែលថា​ខ្លួន​នឹង​បន្ត​ជំរុញ​ការ​កំហិត​លើ​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ​និង​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀមខ្លួន​រួចហើយ​ដើម្បី​វាយបក ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សម្លឹង​ទៅរក​ការ​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​។​

​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នៅតែ​រក្សា​ការ​គំរាម​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​តំលៃ​សរុប​៥០​ពាន់​លាន​ដុល្លារ​មកពី​ចិន​ហើយនឹង​ប្រើ​វា​ប្រសិនបើ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​មិន​ដោះស្រាយ​បញ្ហា​ចោរកម្ម​ទ្រព្យ​កម្មសិទ្ធិបញ្ញា​អាមេរិក​ទេ​។​

​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ប្រតិកម្ម​ជាបន្ទាន់ ដោយ​និយាយថា វា​គួរអោយភ្ញាក់ផ្អើល​និង​មើលឃើញ​ចំណាត់ការ​របស់​អាមេរិក​នេះ​ថា​ផ្ទុយ​ពី​ការស្រុះស្រួល​មតិ​គ្នា​ដែល​​ភាគី​ទាំងពី​បានសំរេច​ឡើង​កាលពីពេល​ថ្មីៗ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​របស់​រដ្ឋ​បាន​និយាយថា ចិន​សង្ឃឹមថា​អាមេរិក​នឹងមិន​ធ្វើ​ទាំង​ងងឹត​ងងុល​តែ​ចិន​ត្រៀម​ក៏បាន​ខ្លួន​រួចហើយ​ដើម្បី​ការពារ​ផលប្រយោជន៍​​របស់ខ្លួន​។​

​ក្នុង​បទ​អត្ថាធិប្បាយ​របស់ខ្លួន អ្នកយកព័ត៌មាន​យូ ជា​ស៊ីន បាន​និយាយថា​” អាកប្បកិរិយា​របស់​ចិន គឺ​តែងតែ ៖​យើង​មិន​ចង់​ប្រយុទ្ធ តែ​យើង​ក៏​មិន​ខ្លាច​ប្រយុទ្ធ​។​ចិន​នឹង​​បន្តធ្វើ​ការប្រឹក្សា​យោបល់​តាម​ការជាក់ស្តែង​ជាមួយ​គណៈប្រតិភូ​អាមេរិក​និង​សង្ឃឹមថា អាមេរិក​នឹងធ្វើ​ទៅតាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​”​។​

​ក្នុងពេល​ជាមួយគ្នា​ ​កាសែត​ចិន​Global Times បាន​និយាយថា អាមេរិក​កំពុង​កើត​”​សេចក្តី​ភាន់​វិញ្ញាណ​”​និង​បាន​ព្រមាន​ថា​”​ការ​សងសឹក​ពាណិជ្ជកម្ម​អាច​បង្ខំ​អោយ​​រដ្ឋា​ភិ​បាន​ក្រុង​វ៉ាស៊ីនតោន​រាំ​តែម្នាក់ឯង​”​។​

​កាសែត​បាន​បន្តថា​” រដ្ឋាភិបាល​ចិន​បាន​ត្រៀម​វិធានការ​ចាំបាច់​រួចជាស្រេច​ដើម្បី​ដោះស្រាយ​ជាមួយ​ការដកខ្លួន​របស់​អាមេរិក​ចេញ​កិច្ចព្រមព្រៀង​ណាមួយ​។​បើ​អាមេរិក​​ចង់​លេង​ហ្គេម ចិន​នឹង​កំដរ​រហូតដល់​ទីបញ្ចប់​”​។​

​ចំណែក​កាសែត​China Daily បាន​និយាយថា ការអះអាង​ម្តង​ហើយ​ម្តងទៀត​របស់​អាមេរិក​ដែលថា​ចិន​បង្ខំ​ក្រុមហ៊ុន​បរទេស​អោយ​ផ្ទេរ​បច្ចេកវិទ្យា​របស់គេ​ទៅ​ស្ថាប័ន​សហ​​គ្រាស​ចិន​នោះ​ជាការ​ចោទប្រកាន់​គ្មាន​ភស្តុតាង​និង​ត្រូវបាន​ប្រើ​ជា​លេស​ដើម្បី​សម្រួល​ដល់​ការ​គាំពារ​និយម​ពាណិជ្ជកម្ម​របស់ខ្លួន​។​ការផ្ទេរ​បច្ចេកវិទ្យារ​វាង​ក្រុមហ៊ុន​អា​មេ​រិ​​ក​និង​ដៃគូ​ចិន​ជា​លទ្ធផល​នៃ​ការប្រតិបត្តិ​ជំនួញ​ធម្មតា មិនមែនជា​គោលនយោបាយ​បង្ខិតបង្ខំ​ទេ​៕​ដោយ​៖​វាសនា​

​ទង់ជាតិ​នៃ​ប្រទេស​ទាំង​២​ត្រូវបាន​ដា​កើ​លើ​តុ​ក្នុង​ពិធី​ចុះហត្ថលេខា​មួយ​ដោយ​មន្ត្រី​អាមេរិក​