បណ្តា​បក្ស​ថ្មីៗ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រជែង​នឹង​ឧត្តមភាព​របស់​ស៊ូ​ជី​

629
ចែករម្លែក
  • 16
    Shares

​បណ្តា​ក្រុម​នយោបាយ​ថ្មីៗ​កំពុង​ផុស​ឡើង​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២០ ក្នុង​បំណង​ប្រជែង​នឹង​ការ​វាតទី​អំណាច​របស់​មេដឹកនាំ​ស៊ីវិល លោកស្រី​អ៊ុង ​សាន ស៊ូ​ជី​បន្ទាប់ពី​លោកស្រី​រង​ការរិះគន់​ចំពោះ​ជម្លោះជាតិសាសន៍​និង​កំណើន​សេដ្ឋកិច្ច​យឺត​។​

​ការ​ដែល​នាំអោយ​កើត​មាន​ក្រុម​នយោបាយ​ថ្មីៗ​ដើម្បី​ប្រជែង​ជាមួយ​ស៊ូ​ជី ដោយសារ​តែ​លទ្ធផល​មិន​ល្អ​របស់​បក្ស​សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​(NLD) របស់​ស៊ូ​ជី​នៅក្នុង​​ការបោះឆ្នោត​បំពេញ​កន្លែង​ទំនេរ​កាលពី​ខែ​វិច្ឆិកា នៅពេល​ដែល​ខ្លួន​ទទួលបាន​កៅអី​តែ​៧​ក្នុងចំណោម​អាសនៈ​សភា​ចំនួន​១៣​ត្រូវ​ប្រជែង​យក ខណៈ​គណបក្ស​ប្រចាំ​តំបន់​និង​​បក្ស​មាន​ទំនាក់ទំនង​ជាមួយ​យោធា​បាន​កើន​សម្លេង​។​

ទីប្រឹក្សារ​ដ្ឋុង អ៊ុង​សាន ស៊ូ​ជី ចូលរួម​ពិធី​មួយ​នៅ​ក្រុង​ណេ​ពី​ដោ កាលពី​ថ្ងៃ​២៨​មករា ឆ្នាំ​២០១៩

​សមាជិកសភា​NLD​ម្នាក់​មក​ពី​រដ្ឋកា​ជីន បាន​និយាយថា​«​ឥឡូវ បណ្តា​បក្ស​ជនជាតិភាគតិច​បាន​ចង​សម្ពន្ធ​នឹង​គ្នា និង​ត្រៀម​ខ្លួន​។​យើង​មិន​អាច​ពឹង​ទាំងស្រុង​លើ​អំណាច​បក្ស​​បានទេ​។​យើង​ត្រូវ​ខិតខំ​ខ្លាំង​ជាង​ពី​មុន​ដើម្បី​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាជន​»​។​

​សូម​រំលឹក​ថា គណបក្ស​NLD​របស់​ស៊ូ​ជី បាន​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នៅ​ឆ្នាំ​២០១៥ ដោយ​ទទួលបាន​សម្លេង​ភាគច្រើន​គ្រប់គ្រាន់​ក្នុង​សភា​សំរាប់​បង្កើត​រដ្ឋាភិបាល ទោះ​ជា​ច្បាប់​​តំរូវ​អោយ​លៃ​ទុក​អាសនៈ​២៥​ភាគរយ​សំរាប់​ក្រុម​យោធា​ក្តី​។​

​អ្នកវិភាគ យេ ម្យ៉ូ ហ៊ី​ន នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ Tagaung​បាន​និយាយថា​« វា​នៅ​ជា​សំណួរ​មួយ ថា​តើ​បក្ស​NLD​នឹង​ទទួលបាន​សម្លេង​ភាគច្រើន​គ្រប់គ្រាន់​សំរាប់​បង្កើត​​រដ្ឋាភិបាល​ដែរ​ឬ​អត់​។​បើ​មិន​អាច ពួកគេ​ត្រូវ​បង្កើត​រដ្ឋាភិបាលចម្រុះ ឬ​ចរចា​ជាមួយ​គណបក្ស​ផ្សេងៗ​»​។​

​សូមបញ្ជាក់​ថា ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព អ៊ុង​សាន ស៊ូ​ជី ប្រឈម​ការរិះគន់​មក​ពី​បណ្តា​មេដឹកនាំ​ជនជាតិ ថា​រដ្ឋាភិបាល​របស់​លោក​ស្រី​ចូលចិត្ត​ប្រើ​អំណាច និង​ខ្វះ​ការយល់​​ដឹង​អំពី​តំរូវការ​នយោបាយ​របស់​បណ្តា​ក្រុម​ជនជាតិភាគតិច​ក្នុងប្រទេស ខណៈ​វិនិយោគិន​ត្អូញត្អែរ​អំពី​កំណែ​ទំរង់​យឺត​។​

​អតីត​មេដឹកនាំ​យោធា​លំដាប់​ទី​៣ លោក​ស្វេ ម៉ាន់ ដែល​ជា​សម្ពន្ធមិត្ត​របស់​ស៊ូជី កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​បង្កើត​កម្លាំង​នយោបាយ​ថ្មី​មួយ គឺ​គណបក្ស Union Betterment Party​។​លោក​កូកូ គ្យី អតីត​មេដឹកនាំ​និស្សិត​នៅ​ឆ្នាំ​១៩៨៨​ប្រឆាំង​នឹង​ការគ្រប់គ្រង​យោធា ក៏​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះថា គណបក្ស​របស់​ប្រជាជន​។​លោក​កៀរគរ​បណ្តា​​ក្រុម​ផ្សេងៗ រួមមាន​ក្រុម​ជនជាតិ ដើម្បី​ប៉ុនប៉ង​ច្បាម​អំណាច​៕​ដោយ​៖​វាសនា​