បណ្តា​រដ្ឋ​ឈូង​សមុទ្រ​ព្រួយបារម្ភ ក្រោយ​អាម៉េរិក​ដកចេញ​ពី​ស៊ី​រី​

428
ចែករម្លែក

​ដោយ​ត្រូវ​បាន​គេ​គិត​ថា​ជា​អាទិភាព​របស់​សន្តិសុខ​ជាតិ​អាម៉េរិក តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​អស់​ពេល​រាប់​ទសវត្សរ៍​មក​នេះ​នៅតែ​ជា​ជម្រក​របស់​ពលទាហាន​អាម៉េរិក​រាប់​ម៉ឹន​នាក់ នៅ​ទូ​ទាំង​មូលដ្ឋាន​ដែល​ការពារ​ផ្លូវ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក​ដ៏​សំខាន់​។​

​តែ​ខណៈដែល​ភាព​តានតឹង​អាម៉េរិក​-​អ៊ីរ៉ង់​នៅ​ឈូង​សមុទ្រ​ហាក់​ចង់​ឈានដល់​ការផ្ទុះ​សង្គ្រាម​នៅ​រដូវក្តៅ​នេះ ការយកចិត្តទុកដាក់​ឥឡូវ​បាន​ដូរ​ទៅកាន់​ស៊ី​រី​ជាថ្មី ដោយ​បណ្តា​ប្រ​​ទេស​ទូទាំង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស កំពុង​គិត​ថា​តើ​ពួកគេ​នឹង​ទទួលបាន​ផល​ចំណេញ​អ្វី​ពី​ការដក​កងកម្លាំង​របស់​អាម៉េរិក​ចេញពី​ស៊ីរី ក្រៅពី​តែ​សម្រួល​អោយ​តួ​ក​គី​ចូល​ឈ្លាន​​ពាន​ទឹកដី​ស៊ី​រី គ្រប់គ្រង​ដោយ​កងកម្លាំង​ឃឺត​។​

​ដោយ​បេសកកម្ម​របស់​តួ​ក​គី​តំរូវអោយ​មាន​ការផ្លាស់​ប្តូរ​សម្ពន្ធភាព​ភ្លាមៗ​នៅក្នុង​សង្គ្រាម​រាប់​ឆ្នាំ​នៅ​ស៊ី​រី បណ្តា​ប្រទេស​ឈូង​សមុទ្រ​ក៏​ពិចារណា​ខ្លួនឯង​ថា​តើ​ខ្លួន​អាច​ជឿ​ទុកចិត្ត​​ប្រធានាធិបតី​អាម៉រិក​កំរិតណា បើសិនជា​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​ផ្ទុះឡើង​។​ប្រទេស​ទាំងនេះ​មាន​ទស្សនៈ​ផ្ទាល់​របស់​គេ​អំពី​មហិច្ឆតា​របស់​តួ​ក​គី នៅក្រោម​ការដឹកនាំ​របស់​ប្រ​​ធានា​ធិបតី រេ​សេប តា​យ​យី​ប អឺ​ដូ​ហ្កាន ផងដែរ​។​

​ក្នុងពេល​ជាមួយគ្នា ការដក​ទ័ព​របស់​អាម៉េរិ​ក​បាន​កើតឡើង​ក្រោយ​ពី​អ៊ីរ៉ង់​បាន​អំពាវនាវ​អោយ​អាម៉េរិក​បញ្ចប់​វត្តមាន​យោធា​របស់​ខ្លួន​នៅក្នុង​ប្រទេស​មួយ​ដែល​អ៊ីរ៉ង់​យល់ថា​​ជា​ប៉ុស្តិ៍​ប៉ម​ជួរមុខ​ដ៏​សំខាន់​មួយ​របស់​ខ្លួន​សំរាប់​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល​។​

​ត្រាំ បាន​បង្កើន​វត្តមាន​យោធា​អាម៉េរិក​នៅ​ទូទាំង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ចាប់តាំងពី​ខែ​ឧសភា នៅ​ពេល​លោក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មួយ​អម​ដោយ​ក្រុម​នាវា​ប្រយុទ្ធ យន្តហោះ​​ទម្លាក់​គ្រាប់បែក​B-52 និង​យន្តហោះ​ទំនើបៗ​ទៅ​កាន់​តំបន់​នេះ ដោយសារ​តែ​អ្វី​ដែល​អាម៉េរិក​ពណ៌នា​ថា​ជាការ​គំរាម​ពី​អ៊ីរ៉ង់​។​ចាប់តាំងពី​ពេលនោះ អាម៉េរិក​ក៏​បាន​បញ្ជូន​ទ័ព​និង​​កង​កាំជ្រួច​Patriot ទៅកាន់​អា​រ៉ាប៊ីសាអូឌីត ជា​លើកដំបូង​ចាប់តាំងពី​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា ឆ្នាំ​២០០១ ។​

នាវា​ដឹក​ប្រេង​ឆេះ​ក្រោយ​រង​ការវាយប្រហារ​នៅ​សមុទ្រ​អូ​ម៉ង់​កាលពី​ខែ​មិថុនា​

​ភាព​តានតឹង​នេះ​នាំអោយ​ប្រទេស​គុយ​វ៉ែត​និង​អូ​ម៉ង់ ព្រួយបារម្ភ​ផង​ដែរ ។​គុយ​វ៉ែត​ថែមទាំង​បាន​ប្រាប់​ប្រជាជន​ខ្លួន​ថា ខ្លួន​មាន​ស្បៀងអាហារ​បំរុង​៨​ខែ​ក្នុងករណី​កើត​មាន​គ្រា​​អាសន្ន​ណាមួយ​។​ប្រទេស​កាតា ដែល​កំពុង​រង​ពហិកា​ពី បា​រ៉ែ​ន អេ​ហ្ស៊ី​ប អា​រ៉ាប៊ីសាអូឌីត និង​អារ៉ាប់​រួម បាន​ពឹង​លើ​ដែល​អាកាស​របស់​អ៊ីរ៉ង់ ហើយ​មាន​តំបន់​ធ្វើ​អាជីវកម្ម​ឧស្ម័ន​​ធម្មជាតិ​រួមជាមួយ​អ៊ីរ៉ង់​ថែមទៀត​។​

​ទោះជា​យ៉ាងណា អា​រ៉ាប៊ីសាអូឌីត ទំនង​ជា​យ​ល់អ​ពី​លក្ខណៈ​ដោះដូរ​ដែល​លោក​ត្រាំ​បានសំរេច​។​វា​ប្រហែលជា​ត្រូវ​សំរេច​ឡើង​តាំង​ពី​លោក​ត្រាំ​បាន​ផ្តល់​សញ្ញា​លក់​សព្វាវុធ​ទៅអោយ​អា​​រ៉ាប៊ីសាអូឌីត​កាលពី​ឆ្នាំ​មុន​ម្ល៉េះ​។​

​ត្រាំ បាន​ប្រាប់​អ្នកកាសែត​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​១១​តុលា​ឆ្នាំ​២០១៩​ថា​«​យើង​កំពុង​បញ្ជូន​ទ័ព​និង​វត្ថុ​ផ្សេងៗ​ទៅកាន់​មជ្ឈិមបូព៌ា​ដើម្បី​ជួយ​អា​រ៉ាប៊ីសាអូឌីត​។​តែ​អ្នក​ត្រៀមខ្លួន​​ហើយ​ឬ​នៅ​?​អា​រ៉ាប៊ីសាអូឌីត តាម​សំណើ​របស់ខ្ញុំ​បាន​ព្រម​បង់ការ​ចំណាយ​សព្វបែបយ៉ាង​ដែល​យើង​ធ្វើ​។​វា​ជា​រឿង​ដំបូង​គេ​»​។​

​ទាំង​អា​រ៉ាប៊ីសាអូឌីត និង​អារ៉ាប់​រួម បាន​ស្វាគមន៍​ការជាប់ឆ្នោត​របស់​ត្រាំ​និង​គោលនយោបាយ​របស់​លោក​ស្តីពី​ការបង្កើន​សម្ពាធ​លើ​អ៊ីរ៉ង់​។​តែ​ក្រោយ​ត្រាំ​មិន​ព្រម​ចាត់ការ​អ៊ីរ៉ង់​​រឿង​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​យកការណ៍​អាម៉េរិក​កាលពី​ខែ​មិថុនា អារ៉ាប់​រួម ក៏​ខិតខំ​ដោយ​ខ្លួនឯង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ ដោយ​បាន​បញ្ជូន​មន្ត្រី​ទៅ​ទី​​នោះ​។​ប្រទេស​នេះ​ក៏​បាន​ចាប់ផ្តើម​ដកទ័ព​ចេញពី​សង្គ្រាម​ចំណាស់​រាប់​ឆ្នាំ​ដែល​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​នៅយែ​ម៉ែន​ដែល​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

​ព្រះអង្គម្ចាស់​រជ្ជទាយាទ អា​រ៉ាប៊ីសាអូឌីត កាលពី​ពេល​ថ្មីៗ​ថែមទាំង​បាន​ប្រាប់​សារព័ត៌មាន​CBS​ថា​ព្រះរាជាណាចក្រ​របស់​ទ្រង់​បើកចំហ​សំរាប់​ដំណោះស្រាយ​នយោបាយ​មួយ​នៅ​​យែ​ម៉ែន​។​

​ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម​នៅ​ស៊ី​រី​ក្នុង​ឆ្នាំ​២០១១ ទាំង​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉ា​ត គាំទ្រ​កងកម្លាំង​ដែល​ព្យាយាយ​ទម្លាក់​ប្រធានាធិបតីស៊ីរី លោក​អាសាត​។​តែ​​មួយ​រយៈពេល​ចុងក្រោយ​នេះ ពួកគេ ហាក់​ទទួលស្គាល់​ការពិត​ដែល​អាសាត​បន្ត​កាន់​អំណាច​នៅ​ស៊ី​រី​។​ពួក​គេ​បើក​ស្ថានទូត​របស់​គេ​ឡើង​វិញ​នៅ​ទីក្រុង​ដា​ម៉ាស​កាលពី​ខែ​ធ្នូ​និង​លើក​​ទឹកចិត្ត​អោយ​អ្នកវិនិយោគ​ចូល​ទៅ​បណ្តាក់​ទុក​រកស៊ី​នៅ​ទីនោះ​ដើម្បី​បង្កើន​ឥទ្ធិពល​ទន់​របស់​អារ៉ាប់​រួម​។​

​ក្នុង​បទ​អត្ថាធិប្បាយ​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ កាសែត ដឺ ណា​សូ​ណាល់ ដែល​មាន​មូលដ្នាន​នៅក្រុង​អា​ប៊ូ​ដា​ប៊ី និង​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​បាន​ពណ៌នា​លោក​អាសាត​​ថា​អាក្រក់​កិ​ច​ជាង​ពួក​ឃឺត តែ​វា​បាន​រិះគន់​អាម៉េរិក​ចំពោះ​បោះបង់​ចោល​ពួក​ឃឺត​ទេ​។​

​កាសែត​បាន​និយាយថា​«​ពិភពលោក​មិនត្រូវ​ឈរ​នៅ​ស្ងៀម​ខណៈពេល​ដែល​ស៊ី​រី​ត្រូវបាន​ចូល​ឈ្លានពាន ហើយ​ក្រុម​ជនជាតិ​នៃ​ប្រទេស​នេះ​រង​ទុក្ខ​បន្ថែមទៀត​»​។​

​ខណៈ​ដែល​ប្រទេស​អារ៉ាប់​ទាំងពីរ ទំនងជា​ទទួល​យក​វត្តមាន​លោក​អាសាត​ជា​មេដឹកនាំ​ស៊ី​រី ពួកគេ​ក៏​នៅ​សង្ស័យ​ពី​ឥទ្ធិពល​របស់​អ៊ីរ៉ង់ និង​ព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​តួ​ក​គី​។​

​ចំពោះ​រដ្ឋាភិបាល​ក្រុង​អា​ប៊ូ ដា​ប៊ី ដែល​បាន​ចាត់ទុក​ពួក​អ៊ីស្លាម​និយម​ថា​ជាការ​គំរាម​មួយ​ចំពោះ​ការដឹកនាំ​ត​ពូជ​របស់​ព្រះរាជាណាចក្រ​នេះ ការ​ដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​(​តួ​ក​​គី​)​ឱបក្រសោប​ពួក​អ៊ីស្លាម​និកាយ​ស៊ុន​នី នៅតែ​ជា​ការព្រួយបារម្ភ​ខ្លាំងក្លា​។​អា​រ៉ាប៊ីសាអូឌីត នៅតែ​មាន​ការសង្ស័យ​លើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ដោយសារ​តែ​ប្រវត្តិសាស្ត្រ​ព្រោះ​​ពួក​អុត​តូ​ម៉ាន់​ធ្លាប់​គ្រប់គ្រង​ព្រះវិហារ​ពិសិដ្ឋ​ទាំង​២ និង​អះអាង​ជា​អ្នកទទួលខុសត្រូវ​នៃ​សាសនា​អ៊ីស្លាម​។​លោក​អឺ​ដូ​ហ្កា​ន់​ក៏​ធ្លាប់​និយាយថា តួ​ក​គី​ជា​ប្រទេស​តែ​មួយ​ដែល​អាច​ដឹក​​នាំ​ពិភព​អ៊ីស្លាម​»​។​

​តួ​ក​គី​ក៏​បាន​បញ្ចេញ​ព័ត៌មាន​អំពី​ការធ្វើឃាត​អ្នកកាសែត​វ៉ាស៊ីនតោន ប៉ុស្តិ៍ និង​ការកាប់​បំផ្លាញ​រាងកាយ សកម្មជន​អា​រ៉ាប៊ីសាអូឌីត រូប​នេះ​នៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត​ ប្រចាំ​ក្រុង​អ៊ី​ស្តា​ន់​ប៊ុល របស់​តួ​ក​គី កាលពី​ឆ្នាំមុន​។​

​ដោយ​ទំនងជា​ចង់​រៀប​ជើង​ព្រួល​និង​ទំនាក់ទំនង​ឡើងវិញ អា​រ៉ាប៊ីសាអូឌីត និង​អារ៉ាប់​រួម នៅ​សប្តាហ៍​នេះ បាន​ទទួល​មេដឹកនាំ​រុស្ស៊ី​អោយទៅ​ធ្វើ​ទស្សនកិច្ច​រដ្ឋធានី​នៃ​ប្រទេស​​របស់គេ​។​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបាន​ស្វាគមន៍​ដោយ​កម្រាលព្រំ​ក្រហម​នៅក្នុង​ប្រទេស​ទាំង​ពីរ រួម​មាន​ការ​អមដោយ​ទាហាន​ទ័ព​សេះ និង​យន្តហោះ​យោធា​​ហោះ​ពីលើ ដោយ​បញ្ចេញ​ផ្សែង​ពណ៌​ក្រហម ស​និង​ខៀវ ដែល​ជា​ពណ៌​ទង់ជាតិ​រុស្ស៊ី​។​

​សូមបញ្ជាក់​ថា លោកពូ​ទីន បាន​ធ្វើ​អន្តរាគមន៍​នៅ​ស៊ី​រី​ដើម្បី​គាំទ្រ​លោក​អា​សាត និង​រក្សា​វត្តមាន​យោធា​រុស្ស៊ី​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​។​

​ទោះ​ជា​ទាហាន​អាម៉េរិក​នៅ​រក្សា​វត្តមាន​របស់​គេ​នៅ​ពាសពេញ​ឈូង​សមុទ្រ តែ​បណ្តា​មេដឹកនាំ​អារ៉ាប់​ឈូង​សមុទ្រ កំពុង​សួរ​ក្នុង​ចិត្ត​ថា​តើ​វា​នឹង​ប្រែប្រួល​ដែរឬទេ​និង​នៅពេលណា​៕​ប្រែ​សម្រួល​៖​វាសនា​

ទាហាន​អាម៉េរិក​នៅ​រក្សា​វត្តមាន​របស់​គេ​នៅ​ពាសពេញ​ឈូង​សមុទ្រ តែ​បណ្តា​មេដឹកនាំ​អារ៉ាប់​ឈូង​សមុទ្រ កំពុង​សួរ​ក្នុង​ចិត្ត​ថា​តើ​វា​នឹង​ប្រែប្រួល​ដែរឬទេ​និង​នៅពេលណា​។​ក្នុង​រូប​​នាវា​ដឹក​យន្តហោះ​អាម៉េរិក​និង​យន្តហោះ B-52H Stratofortress ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​អារ៉ាប់​