បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង​ជន​ត្រូវ​ចោទ​ឈ្មោះ អោ អាន ត្រូវបាន​បើក​

368
ចែករម្លែក
​ទិដ្ឋភាព​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​បើកសវនាការ​លើ បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង ០០៤/២ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ អោ អាន (​រូបថត​សាលាក្តី​ខ្មែរក្រហម​)

ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​បើកសវនាការ​លើ បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង ០០៤/២ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ អោ អាន នៅ​ថ្ងៃទី​១៩ ខែមិថុនា​នេះ​ត្រូវបាន​បើកសវនាការ​ជា​សាធារណៈ រយៈពេល​ប្រមាណ ជាង​៣០​នាទី​ហើយ​បន្ទាប់មក​បាន​ដំណើរការ​សវនាការ​ជា​អសាធារណៈ​។ នេះ​ជា​ថ្លែង​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា ប្រធាន ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​។​

​លោក​បាន​បញ្ជាក់ថា​សវ​នា​កា​រលើ​បណ្តឹង​ឧ​ទ្ទ​រណ៍​នេះ​នឹង គ្រោង​ធ្វើ​បន្ត​ជា​អសាធារណៈ​នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែមិថុនា បន្តទៀត មុននឹង​អង្គ​បុ​រេ​ជំនុំជម្រះ​ចេញ​សាលដីកា​ថា​តើ​ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ ឬ​ត្រូវ​លើកលែង​ការចោទប្រកាន់​នៅ​ចំពោះមុខ​អង្គ​ជំនុំ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

​ទិដ្ឋភាព​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​បើកសវនាការ​លើ បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង ០០៤/២ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ អោ អាន (​រូបថត​សាលាក្តី​ខ្មែរក្រហម​)

​លោក នេត្រ ភក្ត្រា បន្តថា អង្គ​បុ​រេ​ជំនុំជម្រះ​បានទទួល​បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​ជាតិ​នៅ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហ​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ (​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​) ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​សំណុំរឿង ០០៤/២ និង​បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ប្រឆាំងនឹង​ដីកា​លើកលែង​ចោទប្រកាន់​ជន​ត្រូវ​ចោទ ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​នៅក្នុង​សំណុំរឿង ០០៤/២​។​

​លោក​បន្តថា សហ​ព្រះរាជអាជ្ញា​ជាតិ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ និង​សហ​មេធាវី​ជាតិ​-​អន្តរជាតិ​ការពារ​ក្តី​ជន​ត្រូវ​ចោទ នឹងមាន​សិទ្ធិ​លើកឡើង​ពី​ទឡ្ហីករណ៍​របស់ខ្លួន​។ នៅពេល​បិទ​បញ្ចប់​សវនាការ អង្គ​បុ​រេ​ជំនុំជម្រះ​នឹង​ប្រើ​រយៈពេល​មួយចំនួន​ដើម្បី​ធ្វើការ​ពិចារណា និង​ចេញ​សាលដីកា​សម្រេច​លើ​បណ្តឹងឧទ្ធរណ៍​នេះ​។​

​ទិដ្ឋភាព​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​បើកសវនាការ​លើ បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង ០០៤/២ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ អោ អាន (​រូបថត​សាលាក្តី​ខ្មែរក្រហម​)

សូមបញ្ជាក់ថា អង្គ​បុ​រេ​ជំនុំជម្រះ​នៃ អ​.​វ​.​ត​.​ក មាន​សមាសភាព​ចៅក្រម​ជាតិ​ចំនួន​បី​រូប និង​ចៅក្រម​អន្តរជាតិ​ចំនួន​ពីររូប​។ ក្នុងនាម​ជា​អង្គជំនុំជម្រះ​ដោះស្រាយ​បណ្តឹងឧទ្ធរណ៍ អង្គ​បុ​រេ​ជំនុំជម្រះ អាច​បើកសវនាការ​លើ​សំណើ និង​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​ដីកា និងសេចក្តីសម្រេច​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​។​

​សូមបញ្ជាក់ថា​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ ២០១៨ បានចេញ​ដីកា​ដំណោះស្រាយ​ពីរ​ដាច់ដោយឡែក​ពីគ្នា ក្នុង​សំណុំរឿង​ប្រឆាំង អោ អាន ដោយ​យោងតាម​កំណត់ត្រា​ខ្វែងយោបល់​អំពី​ថា​តើ អោ អាន ស្ថិតនៅក្នុង​យុត្តាធិការ​បុគ្គល​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​)​ជា​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកទទួល​ខុស ត្រូវ​ខ្ពស់បំផុត​ឬទេ​។​

សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ យល់ឃើញថា អោ អាន ស្ថិតនៅក្រោម​យុត្តាធិការ​បុគ្គល​របស់ អ​.​វ​.​ត​.​ក ដែលជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត ហើយ​មាន​ភស្តុតាង​គ្រាប់​គ្រាន់​ចោទប្រកាន់ ប្រឆាំង​គាត់​ពីបទ​ប្រល័យពូជសាសន៍​ជនជាតិ​ចាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ក៏ដូចជា​បទល្មើស​ឧក្រិដ្ឋ ផ្សេងទៀត​ដែល​ស្ថិតក្រោម​ច្បាប់​កម្ពុជា​។​

​ចំណែក​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ពិចារណា​ឃើញថា អោ អាន មិន​ស្ថិតនៅក្រោម​យុត្តាធិការ​បុគ្គល​របស់ អ​.​វ​.​ត​.​ក ទាំងពីរ​ប្រភេទ​គឺ​មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជា​ធិ​ប​តេ​យុ្យ និង​អ្នកទទួលខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ត្រូវ​យកមក​ជំនុំ​ជម្រះក្តី​ឡើយ ហើយ​សម្រេច​លើកលែង​ចោទប្រកាន់​លើ អោ អាន ដោយហេតុ​ផល​នោះ​។

​ទិដ្ឋភាព​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​បើកសវនាការ​លើ បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង ០០៤/២ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ អោ អាន (​រូបថត​សាលាក្តី​ខ្មែរក្រហម​)

​ ​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​សវនាការ​នៅ​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០១៩ នេះ​មិនមែនជា​សវនាការ​លើ​អង្គហេតុ​ទេ ប៉ុន្តែ​ជា​សវនាការ​ដើម្បី​អង្គ​បុ​រេ​ជំនុំជម្រះ​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង មុនពេល​ដែល​អង្គ​បុ​រេ​ជំនុំជម្រះ​ចេញ​សាលដីកា​លើ​បណ្តឹងឧទ្ធរណ៍​ទាំងនោះ​ថា​តើ​ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ ឬ​ត្រូវ​លើកលែង​ការចោទប្រកាន់​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​៕សរន