បណ្តុំ​ទេសចរណ៍​ទឹកឈូ ស្ថិតក្នុង​លំដាប់​លេខ​មួយ ដែល​ទាក់​ទាញ​ភ្ញៀវ​ច្រើនជាងគេ​នាឱកាស​បុណ្យចូលឆ្នាំ​

2123
ចែករម្លែក
  • 91
    Shares

ដោយ​: បូកគោ / កំពត​: ក្នុងចំណោម​រមណីយដ្ឋាន​សំខាន់ៗ​ជិត​២០​កន្លែង នៅ​ទូទាំង​ខេត្ត បណ្តុំ​ទេសចរណ៍​ទឹកឈូ​ឈរលើ​លំដាប់​លេខ​មួយ ដែល​ស្រូប​ទាញ​ទេសចរ​បាន​ច្រើនជាងគេ នៃ​ភ្ញៀវ​ដែល​មក​ក​កម្សាន្ត​នៅ​ខេត្តកំពត នាឱកាស​បុណ្យចូលឆ្នាំថ្មី​កន្លងទៅ​។ ដោយឡែក​រមណីយដ្ឋាន​វិទ្យា​ន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ស្ថិតនៅ​លំដាប់​បន្ទាប់​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំនេះ ក្នុងចំណោម​ជាង​១៣​ម៉ឺន​នាក់ ភ្ញៀវ​បាននាំគ្នា​ទៅលេង​នៅ​តំបន់​បណ្តុំ​ទេសចរណ៍​បែប​ធម្មជាតិ​ទឹកឈូ​ច្រើនជាងគេ​គឺមាន​ចំនួន​៥១.៤៧១​នាក់​។ ចំណែក​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្ថិតនៅ​លំដាប់​លេខ​ពីរ​ដោយ​ទទួលភ្ញៀវ​ទេសចរ​បាន​៤៥.៣២៧​នាក់​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា សក្តានុពល​ដែល​ជំរុញ​ឱ្យ​ភ្ញៀវ​ភាគច្រើន​លើសលប់​នាំគ្នា​ទៅ​កម្សាន្ត​នៅ​ទីនោះ ដោយសារ​បច្ចុប្បន្ន​មាន​កញ្ចប់​ទេសចរណ៍​ច្រើន ដូចជា រមណីយដ្ឋាន​ទឹកធ្លាក់​សច្ចំ​កោះ​តា​ដា រមណី​ដ្ឋា​ន​ធម្មជាតិ​ទឹកឈូ ឧទ្យាន​ដងព្រែក សួនសត្វ​ទឹកឈូ រមណីយដ្ឋាន​ដូង​ទេរ រមណីយដ្ឋាន​សំបូរ​ព្រៃ​ចាក និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​។ តំបន់​បណ្តុំ​រមណីយដ្ឋាន​ទាំងនេះ កំពុងមាន​ភាពល្បីល្បាញ​ជាមួយនឹង​ទេសភាព​ល្អ​ស្អាត ការ​ជិះ​ខ្សែ​រ៉ក​ឆ្លង​ដងព្រែក ការ​អង្គុយ​លើ​ឆ្នេរ​ខ្សាច់​គយ​គយ​ភាពស្រស់​ត្រកាល​នៃ​ជួរ​ភ្នំ​កំចាយ ការចុះ​ហែល​ទឹក​លេង​ជាដើម​។ លោក​សយ ស៊ី​ណុល​បាន​បន្តថា ចំណែក​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​វិញ​មាន​ភាពល្អ​ប្លែក ដោយ​ធាតុអាកាស​ត្រជាក់​ប្រៀបបាន​នឹង​តំបន់​អឺរ៉ុប ដែលមាន​តែមួយ​សម្រាប់​កម្ពុជា​។ ទីនោះ​មាន​កន្លែង​កម្សាន្ត ដូចជា វត្ត​សំពៅ​ប្រាំ អគារ​កាស៊ីណូ​បែប​បុរាណ​ព្រះវិហារ​កា​តុ​លិ​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង វាលស្រែ​មួយរយ វាលស្រែ​ប្រាំ​រយ ទឹកធ្លាក់​ពពក​វិល បឹង​ធម្មជាតិ​លើ​កំពូលភ្នំ ចម្ការ​បំពង់​ក្រ​ឡោម​ជាដើម​។

​សូមបញ្ជាក់ថា​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដោយ​គិតពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ខេត្តកំពត​ទទួលភ្ញៀវ​បាន​ចំនួន​១៣៤.៩៣០​នាក់ ក្នុងនោះ​ទេសចរ​បរទេស​មាន​៣.០៧៩​នាក់​។ មណ្ឌល​កម្សាន្ត​សំខាន់ៗ​នៅ​ទូទាំង​ខេត្តកំពត​មាន​ចំនួន​១៧​កន្លែង​តាម​ប្រភេទ​ផ្សេងៗ​គ្នា ដូចជា​រមណីយដ្ឋាន​បែប​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ កែច្នៃ​ជាដើម​៕ ល​