បណ្តុះបណ្តាល​បាល់ទាត់​ដល់​គ្រូ​កីឡា​ជាង​៩០​នាក់​ដើម្បី​បង្ហាត់​បន្ត​ដល់​សិ​ស្សិ​ជិត​២​ម៉ឺន​នាក់​

1243
ចែករម្លែក

​ដោយ​: សុផល / កំពង់ស្ពឺ​: ក្រុមការងារ​សង្គមរ​បស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅ ថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​” បាន​បើក​វគ្គ​បណ្តុះបណ្តាល​កីឡាបាល់ទាត់​ដំបូង​របស់ខ្លួន ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ ក្លឹប​បាល់ទាត់​ណាហ្គា​វើ​លដ៍​ដែលជា​ក្លឹប​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឆ្នាំ ២០១៨ ជា​អ្នក​បណ្តុះបណ្តាល​ពិសេសៈ​ពេល​៤​ថ្ងៃ​។​

​គំនិត​ផ្តួចផ្តើម​រយៈពេល ២ ឆ្នាំនេះ ត្រូវបាន​គាំទ្រ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហើយ​គ្រូ​កីឡា​មកពី ៩៤ អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង​ខេត្តកំពង់ស្ពឺ នឹង​ទទួល​វិញ្ញាបនបត្រ​បង្ហាត់កីឡា​បាល់ទាត់​អាជីព​ប្រភេទ “​ឃ​” និង​សម្ភារ​ហ្វឹកហ្វឺន ខណៈ​សិស្សានុសិស្ស​ប្រមាណ ១៨.៥០០ នាក់​អាយុ​ចន្លោះ ១២ ទៅ ១៨ ឆ្នាំ នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការបណ្តុះបណ្តាល​នេះ​ផងដែរ។

​នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មានប្រសាសន៍ថា​៖ “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​ឧបត្ថម្ភ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​កីឡាបាល់ទាត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​ដែលមាន​រយៈពេល ២ ឆ្នាំ​របស់​យើង នឹងធ្វើ​ឲ្យ​គ្រូ​កីឡា​ទូទាំង​ខេត្តកំពង់ស្ពឺ​អភិវឌ្ឍ​ខ្លួន​ដើម្បី​ក្លាយជា​គ្រូ​កីឡាបាល់ទាត់​អាជីព​សម្រាប់​កីឡាករ​វ័យ​ក្មេងជំនាន់ក្រោយ។ ក្រៅពី​កសាង​មូលដ្ឋានគ្រឹះ​ដើម្បី​លើកកម្ពស់​វប្បធម៌​លេង​កីឡា​សម្រាប់​សុខភាព យើង​សង្ឃឹមថា កម្មវិធី​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ​ក្លាយជា​កីឡាករ​បាល់ទាត់​ដ៏​ពូកែ​ក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខ​”។

​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន​កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា សមាជិក​រដ្ឋសភា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា​៖ «​វិស័យ​កីឡា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាពិសេស​ជួយ​កសាង​ធនធានមនុស្ស​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​ក្នុងនោះ​មាន​ប្រជាជន​ភាគច្រើន​ជា​កុមារ​។ លោក​បាន​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​និង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ដែល​បាន​បន្ត​ជួយ​អភិវឌ្ឍ​អត្ត​ព​លិ​ក​និង​លើកកម្ពស់​ការបណ្តុះបណ្តាល​គ្រូ​កីឡា​ក្នុង​ខេត្តកំពង់ស្ពឺ​ដែល​នឹង​បង្កើត​ឲ្យ​មាន​កីឡាករ​ឆ្នើម​ច្រើនជាង​មុន​សម្រាប់​ក្លឹប​នៅក្នុង​លី​គ​ក៏ដូចជា​ក្រុម​ជម្រើសជាតិ​ផងដែរ​។

​លោក ថន ថា​រិ​ន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍ថា “​យើង​ដឹងថា វិធី​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​ដល់​កុមារ​នៅតាម​ខេត្ត គឺ​ត្រូវ​ផ្តល់​ការហ្វឹកហាត់​ប្រកបដោយ​គុណភាព នៅតាម​សាលារៀន​របស់​ពួកគេ​។ កម្មវិធី​បណ្តុះបណ្តាល​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​អភិវឌ្ឍ​កីឡាបាល់ទាត់ ហើយ​យើង​គាំទ្រ​គម្រោង​នេះ​ពេញទំហឹង​”។

​ចំណែក​លោក លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងថា “​កម្មវិធី​នេះ នឹង​ជួយ​បង្កើន​ស្តង់ដារ​នៃ​ការ​បង្ហាត់កីឡា​នៅតាម​សាលារៀន​ទូទាំង​ខេត្តកំពង់ស្ពឺ ហើយ​យើង​ចង់ឃើញ​វឌ្ឍនភាព​របស់​កុមារ​របស់​យើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​”​។

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន លើកឡើងថា សិស្សានុសិស្ស​រាប់ម៉ឺន​នាក់​នឹង​ទទួលបាន​ការអប់រំ​ផ្នែក​កីឡា​ប្រសើរ​ជាង​មុន​។​អរគុណ​ដល់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕

​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល បាន​បើក​វគ្គ​បណ្តុះបណ្តាល​កីឡាបាល់ទាត់​ដំបូង​របស់ខ្លួន​ក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨