បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ពង្រីក​និង​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​រាជការ​ជា​ថ្នាក់ដឹកនាំ​

251
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​មជ្ឈមណ្ឌល Center of Asia Leadership Initiatives(CALI) បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ ដល់​មន្ត្រីរាជការ ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង​។

​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ដល់​មន្ត្រីរាជកា​រ​ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ដើម្បី​បំពេញការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​និង​ប្រសិទ្ធិ​ផល​ខ្ពស់​។​

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ភាពជា​អ្នកដឹកនាំ​“Adaptive Leadership: Leading Change for OrganizationalRenewal”​ត្រូវបាន​រៀបចំ​ដោយមាន​ការបណ្តុះបណ្តាល​ពី​វាគ្មិន​ដែល​បានបញ្ចប់​ការសិក្សា​មកពី​សាកលវិទ្យាល័យ Harvard ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​
វគ្គ​បណ្តុះបណ្តាល​ទី​១ ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ចំនួន​៥០​នាក់​។​រីឯ​វគ្គ​បណ្តុះបណ្តាល​ទី​២​នឹងត្រូវ​ធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ចំនួន ៥០​នាក់​បន្ថែមទៀត ។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង​សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន​និង​សម្រាប់​អង្គភាព​របស់ខ្លួន​លើ​ជំនាញ​ភាពជា​អ្នកដឹកនាំ​ក្នុង​គោលដៅ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ លើ​ការបង្កើន​ប្រសិទ្ធភាព​ការងារ នៅក្នុង​អង្គភាព​និង​សហគមន៍​របស់ខ្លួន​។​
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ្ជូ​ន​បាន​ថ្លែង ថា “​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា ឱកាស​ដ៏​កម្រ​ក្នុងការ​ពង្រីក​នូវ​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន ព្រមទាំង​ផ្តល់ឱកាស​ដល់​មន្ត្រីរាជកា​រ​ជា​អ្នកដឹកនាំ​របស់​យើង​ក្នុងការ​សិក្សា​ស្វែងយល់​ពី​ជំនាញ​សំខាន់ៗ​ចាំបាច់​ដែល​ចូលរួមចំណែក​ជា​វិជ្ជមាន​ដើម្បី​ដឹកនាំ​ក្រសួង​និង​ប្រទេសជាតិ​យើង​ឆ្ពោះទៅកាន់​ការរីកចម្រើន​លូតលាស់​បន្ថែមទៀត​”​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​ដែលជា​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​Harvard​បានទទួល​ស្គាល់​ផងដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ ដែល​រៀបចំឡើង​ដោយ មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI) នេះ នឹង​ផ្តល់ឱកាស​សម្រាប់​មន្ត្រីរាជកា​រ​គ្រប់រូប ក្នុង​ការបើក​ចិត្ត និង​រៀន​អភិវឌ្ឍន៍​ខ្លួន​ឱ្យទៅជា​អ្នកដឹកនាំ​ដូចដែល​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​សម្រាប់​ចំណេះ​ជំនាញ​ផ្ទាល់ខ្លួន និង ជំនាញ​វិជ្ជាជីវៈ​ផងដែរ​។​

​ស្របតាម​ក្របខ័ណ្ឌ និង​វិធីសាស្ត្រ​បង្រៀន​នៅ​មហាវិទ្យាល័យ Harvard Kennedy School of Government​និង​មហាវិទ្យាល័យ​HarvardBusinessSchool​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ថ្ងៃ​ទាំង​២​វគ្គ​នេះ​កិច្ចពិភាក្សា​ទៅលើ​ករណី​សិក្សា​សំខាន់ៗ​សម្រិតសម្រាំង​ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​និង​ថ្នាក់កណ្តាល​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ​ផងដែរ​។​

​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ទាំងអស់​ឱ្យមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ទាញយក​នូវ​អត្ថប្រយោជន៍​ពេញលេញ​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា “​លើសពី​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​ជា​អ្នកដឹកនាំ​របស់​យើង​នឹង​អាច​ទទួលបាន​នូវ​សមត្ថភាព​ដែល​អាច​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​របស់ខ្លួន​គោលដៅ​ក្នុង​ជីវិត​ព្រមទាំង​កត្តា​ដែល​ជំរុញ​លើកទឹកចិត្ត​ក្នុងតួនាទី​ជា​អ្នកដឹកនាំ​ផងដែរ​”៕S/