បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​ ដល់​មន្ត្រី​អាជ្ញាធរ​អប្សរា​៣០​រូប​

223
ចែករម្លែក
បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​ ដល់​មន្ត្រី​អាជ្ញាធរ​អប្សរា​៣០​រូប

ដោយ​:​អង្គរតូច​/​សៀមរាប​: ​ដោយសារ​តែ​ការគ្រប់គ្រង​ថែរក្សា​រមណីយដ្ឋាន​អង្គរ​ជា​តួនាទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ចាំបាច់​ក្នុងការ​ផ្សព្វផ្សាយ​រាល់​សកម្មភាព​អភិរក្ស និង​អភិវឌ្ឍន៍​ទាំងឡាយ​ជា​ព័ត៌មាន​ក្នុង​ទម្រង់​ជា​រូបភាព និង​ជា​វីដេអូ​អំពី​សមិទ្ធផល សម្រេច​បណ្តុះបណ្តាល​ដល់​មន្ត្រី​៣០​រូប​ឲ្យចេះ​ផលិត​ជា​ខ្សែ​វីដេអូ​ខ្លី​។​
សកម្មភាព​បណ្តុះបណ្តាល​នេះ​ធ្វើ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃ​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ ដែល​មន្ត្រី​-​បុគ្គលិក​ទាំងនេះ​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង​លើ​ផ្នែក​ចងក្រង​ឯកសារ​រូបភាព ព្រមទាំង​ចេះ​វិភាគ​លើ​មុំ​សំខាន់ៗ​នៃ​ខ្លឹមសារ​រួម​ដើម្បី​រំលេច​នូវ​ខ្លឹមសារ​គោល​មាន​ភាពច្បាស់លាស់ ងាយ​យល់ ងាយ​ស្តាប់​។ ពិសេស​ការសរសេរ​អត្ថបទ ចាប់​មុំ​សរសេរ​សាច់រឿង ចាប់​មុំ​កាមេ​រ៉ា និង​បច្ចេកទេស​ថត​ដើម្បី​យកមក​ផ្សព្វផ្សាយ​បម្រើ​ដល់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​។

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះដែរ ក្រៅពី​សិក្សា​ទ្រឹស្តី នឹង​តម្រូវឱ្យ​សិក្ខាកាម​ចុះ​អនុត្តន៍​ជាក់ស្តែង​ក្នុង​ការផលិត​វីដេអូ​ខ្លីៗ ក៏តម្រូវឲ្យ​យកមក​កាត់ត​វីដេអូ​រៀបចំ​ជា​សាច់រឿង ដើម្បី​អាចឱ្យ​សិក្ខាកាម​ហ្វឹកហាត់​ព្រម​គ្នា​ដើម្បីឱ្យ​ការផលិត​វីដេអូ​នេះ​មាន​ស្តង់ដារ និង​គុណភាព​។​

​ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​មូលដ្ឋានគ្រឹះ​វីដេអូ​ខ្លីៗ យល់ដឹង​ពី​ការបង្កើត​វីដេអូ​ខ្លីៗ យល់ដឹង​ពី​ការប្រើប្រាស់​កាមេរ៉ា យល់ដឹង​ពី​កម្មវិធី​បង្កើត​វីដេអូ​ខ្លីៗ អាចបង្កើត​វីដេអូ​ខ្លីៗ​មាន​រយៈពេល​២​នាទី​។​

​សូមបញ្ជាក់ថា គ្រូ​បង្គោល​នៃ​វគ្គ​សិក្សា​នេះ គឺ​លោក ប៉ោយ ឈុនលី ស្ថាបនិក​ប៉ោយ​ស្ទូ​ឌី​យោ និង​បាយម៉ាន​ហ្វៀ​ម ដែលមាន​បទពិសោធន៍​លើ​វិស័យ​ផលិត​កុន​រយៈពេល​ជាង ១៣​ឆ្នាំ​មកហើយ​៕​/Ha