បត្យាប័ន​លោក​អាសាញ​អាច​ចំណាយ​ពេល​រាប់​ខែ​ឬ​ឆ្នាំ​(វីដេអូ)

614
ចែករម្លែក
  • 1
    Share

​ជូ​លៀន អា​សាញ បាន​ចំណាយពេល​ជិត​៧​ឆ្នាំ​នៅក្នុង​ស្ថានទូត​អេក្វាទ័រ​ក្នុង​ទីក្រុង​ឡុង​ដ៍ ដើម្បី​គេច​ពីអ្វី​ដែល​លោក​ជឿថា ការចោទប្រកាន់​របស់​អាមេរិក​ដែល​ជៀស​មិន​ផុត​។​ឥ​​ឡូ​វ ក្រោយ​ការ​នាំខ្លួន​ចេញពី​ស្ថានទូត​ទាំង​បង្ខំ​កាលពី​ល្ងាច​ថ្ងៃ​១១​មេសា លោក​នឹង​ព្យាយាម​អូសបន្លាយ​ពេល​នៅក្នុង​តុលាការ​អង់គ្លេស​។​

​ក្រុម​មេធាវី​របស់​ស្ថាបនិក​ក្រុមហ៊ុន​ផ្សាយ​ឯកសារ​សម្ងាត់​WikiLeaks​នេះ បាន​និយាយថា​លោក​នឹង​តតាំង​នឹង​ការធ្វើ​បត្យាប័ន​(​បញ្ជូន​ខ្លួន​ឧក្រិដ្ឋជន​ទៅកាន់​ប្រទេស​ដើម​ដែល​​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​)​ទៅ​កាន់​សហរដ្ឋអាមេរិក កន្លែង​ដែល​លោក​ប្រឈម​នឹង​ការចោទប្រកាន់​ថា​បាន​ចូលរួម​នៅក្នុង​ការ​សមគំនិត​ល​ប​ចូល​លួច​ឯកសារ​សម្ងាត់​របស់​រដ្ឋ​ជា​​មួយ​នឹង​អតីត​អ្នកវិភាគ​កងទ័ព​ឆែ​ល​ស៊ី មែន​នី​ង ។​

​ខណៈ​ដែល​ពួក​មេធាវី​និយាយថា ការចោទប្រកាន់​នេះ​ជា​ការប៉ុនប៉ង​ដោយ​ខុសច្បាប់​ដើម្បី​ដាក់ទោស​លើ​អ្នកកាសែត​ម្នាក់ ដោយសារ​តែ​ការផ្សាយ​ព័ត៌មាន ពួក​មេធាវី​ខាង​​បត្យាប័ន​បាន​និយាយថា វិធី​ល្អ​បំផុត​ដែល​លោក​ត្រូវ​ធ្វើ​គឺ​ពន្យារពេល​ការ​ទៅដល់​សហរដ្ឋអាមេរិក តាមរយៈ​នីតិវិធី​មួយ​ដែល​នឹង​ទំនងជា​អូសបន្លាយ​ពេល​ដល់​ឆ្នាំ​២០២០​។​

​ការចាប់ខ្លួន​លោក​អាសាញ​បាន​កើតឡើង​ក្រោយ​ពី​ប្រធានាធិបតី​អេក្វាទ័រ​បណ្តេញ​គាត់​ចេញពី​ស្ថានទូត​ដែល​គាត់​បាន​សម្ងំ​នៅ​អស់​ពេល​ជិត​៧​ឆ្នាំ​។​លោក​បាន​នៅក្នុង​ស្ថានទូត​​នេះ​ចាប់​តាំងពី​ឆ្នាំ​២០១២ នៅ​ពេល​លោក​ព្យាយាម​គេច​ពី​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​ស៊ុយអែត ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​មួយ​។​ខណៈ​បណ្តឹង​ស្តី​ពី​ការចាប់រំ​លោ​ភ​នោះ​ត្រូវបាន​ទម្លាក់​​ចោល​នៅ​ឆ្នាំ​២០១៧ បុរស​អូស្ត្រាលី​វ័យ​៤៧​ឆ្នាំ​នេះ​បន្ត​រស់នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​នៃ​ស្ថានទូត​ដោយសារតែ​ខ្លាច​ប៉ូលិស​អង់គ្លេស​ចាប់​ខ្លួន​ចំពោះ​ការរំលោភ​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​​ក្នុងករណី​ចាប់រំលោភ​ដែល​ផុតរលត់​ទៅហើយ​។​

​សូម​រំលឹក​ថា​ក្រុមហ៊ុន​WikiLeaks និង​លោក​អាសាញ​ល្បី​នៅ​ឆ្នាំ​២០១០ នៅពេល​អង្គការ​នេះ​ចុះផ្សាយ​ឯកសារ​សម្ងាត់​រដ្ឋ​ផ្តល់​ដោយ​លោក​មែន​នី​ង​។​បន្ទាប់មក គេហទំព័រ​នេះ​បាន​​ធ្វើអោយ​ខ្លួន​ឯង​នៅ​ចំ​កណ្តាល​នៃ​ព្យុះ​នយោបាយ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ដោយសារ​តែ​បាន​ចុះផ្សាយ​អ៊ីម៉េល​ដែល​ត្រូវ​បាន​លបលួច​ចូល​យក​ពី​យុទ្ធ​​នា​ការរក​សម្លេង​របស់​បេក្ខជន ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​៕​ដោយ​៖​វាសនា​

​ស្ថាបនិក​WikiLeaks លោក​ជូ​លៀន អា​សាញ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​១១​មេសា ក្រោយ​សម្ងំ​នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ​អស់​ជិត​៧​ឆ្នាំ​