បទឈប់បាញ់ដោយអន្លើចាប់ផ្តើមចូលជាធរមាននៅអាហ្វហ្គានីស្ថាន, ក្តីសង្ឃឹមសម្រាប់សន្តិភាពកាន់តែមានខ្ពស់

143
ចែករម្លែក

បទឈប់បាញ់ដោយអន្លើពេញមួយសប្តាហ៍បានចូលជាធរមាននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាននៅព្រឹកថ្ងៃសៅរ៍ទី២២កុម្ភៈនេះ ស្របពេលកងកម្លាំងទាំងអស់របស់ពួកតាលីបង់ សហរដ្ឋអាម៉េរិក និង អាហ្វហ្គានីស្ថានបានចុះកិច្ចព្រមព្រៀងមួយ ដែលអាចជាចំណុចរបត់នៅក្នុងជម្លោះដ៏យូរនេះ។

ប្រសិនបើអ្វីដែលគេហៅថា “ការកាត់បន្ថយអំពើហិង្សា” បន្តរក្សាបាននោះ វានឹងក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅរកការដកកងទ័ពអាម៉េរិកបន្ទាប់ពីរយៈពេលជាង ១៨ ឆ្នាំ និង រុញអាហ្វហ្គានីស្ថានទៅរកអនាគតមិនប្រាកដប្រជា។

ទាំងរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោកម៉ៃ ផមផេវនិងពួកតាលីបង់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ពួកគេយល់ព្រមចុះកិច្ចព្រមព្រៀងមួយនៅថ្ងៃទី ២៩ ខែកុម្ភៈនៅទីក្រុងដូហា បន្ទាប់ពីបទឈប់បាញ់ដោយអន្លើពេញមួយសប្តាហ៍។

លោកផមផេវបាននិយាយថា “នៅពេលអនុវត្តដោយជោគជ័យនៃការយោគយល់គ្នា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាម៉េរិកនិងតាលីបង់រំពឹងថានឹងបន្តទៅមុខទៀត” ដោយបន្ថែមថា កិច្ចពិភាក្សារវាងពួកតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងចាប់ផ្តើមឆាប់ៗបន្ទាប់ពីនោះ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថានលោក ចាវេដ ហ្វៃសាល និងប្រភពតាលីបង់បាននិយាយថា ការកាត់បន្ថយអំពើហិង្សារវាងកងកម្លាំងសន្តិសុខអាម៉េរិក តាលីបង់ និង អាហ្វហ្គានីស្ថានត្រូវបានព្រមព្រៀងគ្នាហើយ។

សហរដ្ឋអាម៉េរិកបានពិភាក្សាជាមួយពួកតាលីបង់អស់រយៈពេលជាងមួយឆ្នាំដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយ ដែលក្នុងនោះអាម៉េរិកនឹងដកកងទ័ពរាប់ពាន់នាក់ជាថ្នូរនឹងការធានាសន្តិសុខពីពួកតាលីបង់និងការសន្យាដើម្បីធ្វើកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលក្រុងកាប៊ុល។

ការកាត់បន្ថយអំពើហិង្សានេះនឹងបង្ហាញថាពួកតាលីបង់អាចគ្រប់គ្រងកងកម្លាំងរបស់ពួកគេបាននិងបង្ហាញពីភាពស្មោះត្រង់នៅមុនការចុះហត្ថលេខាណាមួយដែលនឹងឃើញមន្ទីរបញ្ចកោណដកទាហានប្រហែលពាក់កណ្តាលនៃទាហាន ១២.០០០-១៣.០០០ នាក់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ ដោយ៖ កញ្ញាដាលីស

បទឈប់បាញ់១សប្តាហ៍ពេញនៅអាហ្វហ្គានីស្ថានចាប់ផ្តើមចូលជាធរមានពីព្រឹកថ្ងៃសៅរ៍នេះតទៅ