បទល្មើសព្រៃឈើៈកោះហៅ​ ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់និងមនុស្ស ១៩ នាក់ចូល​បំភ្លឺ​

521
ចែករម្លែក
ឈើដែលបង្រ្កាបនាពេលកន្លងទៅ(រូបថតឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​យោធា តុ​ប វី​ដា មេបញ្ជាការរង​ភូមិភាគ​ទី​១ (​ជា​ឧកញ៉ា​ផង​)​និង​ជា​ម្ចាស់​ក្រុមហ៊ុន​វិ​ជ្ជ​រី ត្រូវបាន​តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែសីហា​ខាងមុខ ដើម្បី​សាកសួរ​អំពី​ករណី​ប្រមូល ដឹកជញ្ជូន និង​សន្និធិ​ផល អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ នៅ​ចំណុច​ក្រុមហ៊ុន​វិ​ជ្ជ​រី ស្ថិតនៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។​
​នេះ​បើ​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដែល​ចេញ​ដោយ​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ដែល​រស្មី​កម្ពុជា ទើបតែ​ទទួលបាន​កាលពី​ថ្ងៃទី​៧ ខែសីហា ​។


​ ​ក្រៅពី​ឧកញ៉ា តុ​ប វី​ដា ដែល​ត្រូវបាន​តុលាការ​បញ្ជា​ឲ្យ​ចូលខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ក៏មាន​អគ្គនាយក​ក្រុមហ៊ុន​មួយចំនួនទៀត និង​អ្នកចាត់ការ រួមទាំង​មន្ត្រី​ជំនាញ ប្រមាណ ២០​នាក់ ក៏ត្រូវ​បាន​កោះ​ឲ្យ​ចូលខ្លួន នៅ​តុលាការខេត្ត​មណ្ឌល​គី​រី និង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី​។


​ឧកញ៉ា និង​ក្រុម​ឈ្មួញ​រកស៊ី​ឈើ ដែល​ត្រូវបាន​តុលា​ការចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​មានដូចជាៈ ១-​ឈ្មោះ តុ​ប វី​ដា ភេទ​ប្រុស​(​ឧកញ៉ា​) មេបញ្ជាការរង​ភូមិភាគ​ទី​១ និង​ជា​ម្ចាស់​ក្រុមហ៊ុន​វិ​ជ្ជ​រី បញ្ជា​ឲ្យ​ចូលខ្លួន​មុន​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។ ២- ឈ្មោះ ស្រ៊ុន ម៉េង​លាង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ជា​ម្ចាស់​ក្រុមហ៊ុន​ម៉េង​លាង​។ ៣-​ឈ្មោះ គង់ វីរៈ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ចូល​បង្ហាញខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​។ ៤-​ឈ្មោះ យិន ហ្គ័​រ​ហុង ភេទ​ប្រុស ជនជាតិ​ចិន ជា​នាយក​ក្រុមហ៊ុន​ប្រតិបត្តិ ក្រុមហ៊ុន​ចាន់​វួ​ច (​ខេ​ម​បូ​ឌា​) អិ​ល​ធី​ឌី​។ ៥-​ឈ្មោះ​វ៉ាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ជា​ម្ចាស់​ក្រុមហ៊ុន​រោង​សន្និធិ​។ ៦-​ឈ្មោះ ឆុន ផានិត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។ ៧-​ឈ្មោះ ចាង វិ​ន​តាវ ជនជាតិ​ចិន ជា​នាយក​ក្រុមហ៊ុន​យ៉ាន​ចាវ (​ខេ​ម​បូ​ឌា​)​។ ៨-​ឈ្មោះ ហាន ម៉ាប់ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​។ ៩- ឈ្មោះ សាំង សុខុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកចាត់ចែង​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​។ ១០- ឈ្មោះ ណេង ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អ្នកចាត់ចែង​ប្រមូល​ឈើ​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​។ ១១- ឈ្មោះ Nguyen Thai Son ជា​អគ្គនាយក​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច​ឡូ​ធើ​ស​។ ១២-​ឈ្មោះ ផាន់ ណា​ភេទ​ប្រុស ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​វិ​ជ្ជ​រី​។ ១៣- ឈ្មោះ សួន គីមហេង ភេទ​ស្រី​អាយុ​៦០​ឆ្នាំ ជា​ម្ចាស់​រោង​សន្និធិ​។ ១៤- ឈ្មោះ វន់ ប៊ុន​ថៃ ភេទ​ប្រុស​កើត​ឆ្នាំ​១៩៦៤​។ ១៥- ឈ្មោះ លឿង ភា​រុន ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ​។ ១៦- ឈ្មោះ PHAM QUOC LONG ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម ជា​នាយក​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ក​ហ្គ្រេ​ន​។ ១៧- ឈ្មោះ Nguyen QUOC LONG ភេទ​ប្រុស អគ្គនាយក​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​។ ១៨-​ឈ្មោះ​ម៉េង គ្រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​មេ​ការឱ្យ​ក្រុមហ៊ុន​វិ​ជ្ជ​រី​។ ១៩- ឈ្មោះ​ប៊ិ​ញ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ជា​ម្ចាស់​ហ៊ុន​រោង​សន្និធិ (​អ្នកផ្តល់​លុយ ដំណើរការ​រោងចក្រ​សន្និធិ​) និង​ទី​២០- ឈ្មោះ​ឃុន ឈៀង​ភេទ​ប្រុស​កើត​ឆ្នាំ​១៩៤៣​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដឹកនាំ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​(រូបឯកសារ)


​សូមជម្រាបថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ដឹកនាំ​ផ្ទាល់​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ បានចាប់ផ្តើម​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ​។ ដោយ​ក្នុង​ប្រតិបត្តិការ​នោះ បាន​ចាប់ខ្លួន​ឧកញ៉ា សឹង្ហ សំអុល ដែល​ល្បីល្បាញ​រឿង​រកស៊ី​ឈើ​រួមទាំង​បក្ខពួក​ចំនួន​បីនាក់ (​សរុប​៤​នាក់​) ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។ ឧកញ៉ា សឹង្ហ សំអុល គឺជា​នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ដែល​សំបូរ​រឿងអាស្រូវ​ក្នុងការ​រកស៊ី​ឈើ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​។ ប្រតិបត្តិការ​នេះ បាន​បន្ត​ដូច​ភ្លៀងរលឹម​រហូតមកដល់​ពេលនេះ នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ​៕សរន