បទល្មើស​គ្រឿងញៀន​មិន​ថយចុះ​: ចូរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទាំងអស់គ្នា ដើម្បី​ជីវិត​អ្នក​និង​សហគមន៍​

1283
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ចំ​ពេលដែល​បទល្មើស​គ្រឿងញៀន​មិន​ថយចុះ គឺ​រឹតតែ​កើនឡើង​នោះ នៅ​ទូទាំងប្រទេស ក៏​ដូច​នៅ​ខេត្តបន្ទាយមានជ័យ​ដែរ គេ​បាននាំគ្នា​ប្រារព្ធ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុងន័យ​ចូរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទាំងអស់គ្នា ដើម្បី​ជីវិត​អ្នក​និង​សហគមន៍​”​។​

​នៅ​ខេត្តបន្ទាយមានជ័យ គណៈកម្មាធិការ​ត្រួត​ពិ​និ​ត្រ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក កងកម្លាំង​ទាំងបី​ប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន នារី​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម និង​អ្នកពាក់ព័ន្ធ​ចំនួន​ជាង​១.៣០០​នាក់ បាន​ចូលរួម​ទិវា​ក្រោម​ប្រធានបទ “​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​” កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ធំសាលា​ខេត្តបន្ទាយមានជ័យ​។​

​លោក នាក់ យុ​ទ្ធា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៏​ដូច​ការអនុវត្ត​របស់​អាជ្ញាធរ​គ្រឿងញៀន និង​អាជ្ញាធរ សមត្ថកិច្ច​ដៃគូ​អភិវឌ្ឍន៍ គឺ​បាន​សហការគ្នា ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាម បទបញ្ជា​លេខ ០១ ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ផែនការ​ពហុ​វិស័យ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធនាការ ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដំណាក់កាល​ទី​១, ទី​២​។ ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ បាន​បន្ត​ឲ្យ​អនុវត្ត​សម្រាប់​ដំណាក់កាល​ទី​៣ ជា​បន្តទៀត ដោយ​សម្រេចបាន​នូវ​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន រួមមាន​ដូចជា​បានធ្វើការ​ផ្សព្វផ្សាយ អប់រំ​ឲ្យ​មានការ​យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់ នៃ​គ្រឿងញៀន ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ១.៦៣៨.៤៩៤​នាក់ បានផ្តល់​ការព្យាបាល និង​ស្តារ​នីតិ សម្បទា​ដល់​អ្នកញៀន​គ្រឿងញៀន​បាន​ចំនួន ៧.០៥៦​នាក់ បាន​បង្ក្រាប​បទល្មើស​បាន​ចំនួន ២.៨៧០ ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥.៧០២ នាក់​។​

​លោក​បន្តថា តាមរយៈ​លទ្ធផល​ការងារ​នេះ បានធ្វើ​ឲ្យ​មានការ​ថយចុះ​នូវ​រាល់​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​បទល្មើស​ផ្សេងទៀត​នៅក្នុង​សង្គម រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ បង្កលក្ខណៈ ងាយស្រួល​ដល់​រាជរដ្ឋាភិបាល ក្នុង​ការកសាង អភិវឌ្ឍ​ប្រទេសជាតិ​និង​សុខុមាលភាព​ប្រជាពលរដ្ឋ​។ ប៉ុន្តែ គួរ​ឲ្យ​ស្តាយ មកទល់​បច្ចុប្បន្ន ស្ថានភាព​គ្រឿងញៀន បទល្មើស និង​បរិមាណ​គ្រឿងញៀន​ក្នុងប្រទេស​យើង បាន​ចូលទៅ​គ្រប់​ច្រកល្ហក ទាំង​ទីក្រុង ទីប្រជុំជន និង​ជនបទ​ដាច់ស្រយាល ហើយ​វា​គម្រាមកំហែង​យ៉ាងខ្លាំង​ដល់​ជីវភាព និង​អនាគត​ប្រជាជន​យើង​។​

​លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាលខេត្ត និង​គណៈកម្មាធិការ លោក​សូម​កោតសរសើរ​រ និង​ទទួលស្គាល់​ចំពោះ​ការដឹកនាំ​អនុវត្តន៍​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​រហូតដល់​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍន៍​គ្រប់​ស្ថាប័ន វិស័យ​សាសនា វិស័យ​ឯកជន និង​សប្បុរសជន​នានា ដែល​បាន​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម​ដល់ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​រាល់​បញ្ហា ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​៕