បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូរណ៍ កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​មន្ត្រី​ជំនាញ​និង​អា​ជ្ញ​ធរ​ទល់​ត្របកភ្នែក​មើល

502
ចែករម្លែក

ដោយ​:​សន សក្តា​/​កំពង់ឆ្នាំង ​៖ ​បទល្មើស​នេសាទ​គ្រប់​ប្រ​ភេទ នៅក្នុង​ភូមិ​សេះ​ស្លាប់ និង តំបន់​ផ្សេងៗ​ទៀត នៃ​ភូមិសាស្ត្រ​ស្រុក​បរិបូរណ៍​ត្រូវបាន​គេ​មើលឃើញថា កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ មន្ត្រី​សមត្ថកិច្ច និងមន្ត្រី​អាជ្ញាធរ​ចុះទៅ​បង្ក្រាប​ម្តងណា​ឡើយ​។​

​បទល្មើស​នេសាទ​ទាំងនោះ​រួមមាន​របាំង​លប​សាច់​អួន​ក្រឡា​ញឹក​ប្រវែង​រាប់រយ​ម៉ែត្រ ដោយ​ប្រើ​ឧបករណ៍​បរ​និង​លប​រ៉ូយ៉ាល​, របាំង​សាច់​អួន​ក្រឡា​ញឹក​ព័ទ្ធ​ព្រៃ​ផ្ជិ​ត​ចាប់​ត្រី ប្រវែង​រាប់រយ​ម៉ែត្រ ជាច្រើន​របាំង​ និងមាន​សម្រាស់​រាប់រយ​ដុំ​ទៀត ដែល​ពួកគេ​កំពុង​ចាប់ផ្តើម​សម្រុក​ហ៊ុ​ចាប់​ត្រី​យ៉ាង​គគ្រឹកគគ្រេង ទាំង​កណ្តាល​ថ្ងៃ ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ឡើយ​។​

​ប្រភពពី​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បានឲ្យដឹងថា ក្រុម​ល្មើស​នេសាទ​​ប្រ​ព្រឹ​ត្ដិទៅ​​បាន​យ៉ាង​រលូន​មិន​ខ្លាច​ការ​ចាប់ចង​ពី​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​នេះ​ដោយសារតែ​ពួកគេ​បាន​ត្រូវដង ត្រូវផ្លែ​គ្នា​អស់ហើយ ដោយនៅ​ក្នុងភូមិ​សេះ​ស្លាប់​មានឈ្មោះ​ អៀម អុន ជា​អ្នក​រត់ការ​ម្រ​មូល​លុយ​ពី​ក្រុម​ល្មើស ទៅឲ្យ​មន្ត្រី​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​។​

​ប្រភព​បាន​ឲ្យដឹងទៀតថា បទល្មើស​នេសាទ នៅ​តំបន់​នេះ​មិន​ថា​រដូវប្រាំង​ឬ​រដូវវស្សា មិន​ថា​រដូវ​បិត​ឬ​រដូវ​បើក​នោះទេ​គឺមាន​ជាប្រចាំ គ្រាន់តែ​តិច​ឬ​ច្រើនតែ​ប៉ុណ្ណោះ។ អ្នក​រកស៊ី​បទ​ល្មើ​មិនមែន​ចេះតែ​ប្រថុយប្រថាន​បានទេ មុននឹង​ចាប់​ផ្តើមចេញ​ធ្វើ​សកម្មភាព​ត្រូវ​ទៅ​ជួប​ឈ្មោះ​ អៀម អុន ជាមុនសិន ពីព្រោះ​គាត់​ពូកែ​រត់ការ​និង​ចេះ​ក្បាច់គុណ​អាច​​​ការពារ​មិនឲ្យ​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​កាប់បំផ្លាញ​ឬ​ចាប់​ចងបាន​។ ប៉ុន្តែ​ក៏ត្រូវ​ជូន​លុយ​ទ្រនឹប​យ៉ាង​ក្រាស់ក្រែល​ទៅអោយ​គាត់​ផងដែរ​ទើប​គាត់​ការពារ​ឲ្យ​។​

​លោក​ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៍​បាន​ទទួលស្គាល់ថា ពិត​ជាមាន​បទល្មើស​នេសាទ​កើតឡើង​ច្រើន​នៅក្នុង​មូលដ្ឋាន​របស់លោក​មែន ដោយសារតែ​ក្នុង​មួយ​រយះ​នេះ លោក​ជាប់រវល់​ក្នុង​ការងារ​រៀបចំ​បំលាស់​ទី​ផ្ទះ​បណ្តែត​ទឹក​។​

​ដោយឡែក​ឈឹម​បាន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បរិបូរណ៍ បាន​បញ្ជាក់ថា
​របាំង​​លប​ទាំងនេះ​ភាគច្រើន​ប្រវែង​ក្រោម​មួយរយ​ម៉ែត្រ ក្នុង​រដូវ​បើក​នេសាទ​មិន​ខុស​ច្បាប់​ទេ ចំពោះ​សម្រាស់​និង​របាំង​លប​ខ្លះ​ដែលមាន​ប្រវែង​លើសពី​មួយរយ​ម៉ែត្រ លោក​បិត​ភ្នែក បិត​ច្រមុះ​មិន​បង្ក្រាប​ដោយមាន​ការស្នើសុំ​ពី​អាធរ​មូលដ្ឋាន​។​

លោក​ឈឹម បាន បាន​បដិសេធន៍​ទៀតថា លោក​មិនបាន​ឃុបឃិត​និង​យកលុយ​ពីបទ​ល្មើស​ឡើយ​។​

​ចំពោះ​លោក​អៀម អុន ដែល​ប្រជាពលរដ្ឋ​និយាយថា ជា​អ្នករត់​ការប្រមូល​លុយ​ពី​អ្នក​ប្រ​ព្រឹ​ត​បទល្មើស​នេសាទ​ទៅអោយ​មន្ត្រីជលផល​និង​សមត្ថកិច្ច​នោះ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន ពីព្រោះ​នៅពេល​ទូរស័ព្ទ​ចូល លោក​លើក​រួច​ឆ្លើយថា​​ច្រឡំ​លេខ៕B/