បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​លែង​កើតមាន​ទៀតហើយ​នៅ​កម្ពុជា​

386

(​ភ្នំពេញ​)៖ ក្រសួងបរិស្ថាន​បានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​នៅ​ប៉ុន្មាន​ថ្ងៃនេះ អង្គការក្រៅរដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាននិងកំពុង​តែ​បំភ្លៃ​បំផ្លើស​និង​បំភ័ន្ត​មតិសាធារណៈ​អំពី​ស្ថានភាព​ធនធានធម្មជាតិ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយបាន​បំប៉ោង​ទិន្នន័យ​នៃ​បទល្មើស​ព្រៃឈើ និង​ការនាំចេញ​ឈើ​ទៅ​ក្រៅប្រទេស​ដែលមាន​លក្ខណៈ​ញុះញង់ និង​មាន​ចេតនា​មួលបង្កាច់​រាជរដ្ឋាភិបាល និង​ទាត់ចោល​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​លើ​ការការពារ​និង​អភិរក្ស​​ធនធានធម្មជាតិ​។

​នៅក្នុង​សេចក្តី​ប្រ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១៧ ខែសីហា បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយចំនួន​និង​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ​ខ្លះ​បាន​នឹង​កំពុង​បំពេញការងារ​នៅ​កម្ពុជា​ជាមួយនឹង​របៀប​វារៈន​យោ​បាយ​មួយ​ដោយមាន​ការចាត់តាំង​ច្បាស់លាស់ ហើយ​មិនបាន​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ឡើយ​។ ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់ថា​បទល្មើស​ព្រៃ​ឈើ​ទ្រង់​​ទ្រាយ​ធំ លែង​កើតមាន​ទៀតហើយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា កំពុង​បន្ត​ទប់ស្កាត់​និង​លុប​បំបាត់​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​មធ្យម និង​តូច និង​ពង្រឹង​កិច្ចការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យបាន​កាន់តែ​មាន​​ប្រសិទ្ធភាព​ថែម​មួយកម្រិត​ទៀត​។​

​ការកាប់បំផ្លាញ​ព្រៃឈើ​នាពេល​កន្លងមក (​រូប​ថ​តៈ​ឯកសារ​)


​ជាមួយគ្នានេះ ក្រសួងបរិស្ថាន​ក៏​សូម​ជម្រាបជូន​ថា យោងតាម​ទិន្នន័យ​បម្រែបម្រួល​គម្រប​ព្រៃឈើ នៃ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ឆ្នាំ ២០១០-២០១៤ រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​បង្ហាញឱ្យឃើញ​ថា​មាន​អត្រា​បាត់​​បង់​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ ០,៦២ % និង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​ក្នុង​ឆ្នាំ ២០១៤-២០១៦​អាត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃ​​ឈើ​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះមក​នៅ​កម្រិត​០,៣%​។ សូមជម្រាបថា លទ្ធផល​បឋម​នៃ​ការវាយតម្លៃ​គម្រប​ធនធាន​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៦ បាន​បង្ហាញថា​ផ្ទៃដី​គម្រប​ព្រៃឈើ​សរុប​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ៤៥,២៦% ធៀប​នឹង​ផ្ទៃដី ប្រទេស ។

​អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​មានការ​ធ្លាក់ចុះ​ដោយ​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦ អាត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​មាន​ចំនួន ០,៨២% ខណៈ ចន្លោះ​ឆ្នាំ​២០១០-២០១៤​អាត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​​មាន​ប្រមាណ ២,៧%​ក្នុង​មួយឆ្នាំ​។​

​ក្រសួង​បានបញ្ជាក់​ទៀតថា​អត្រា​ថយចុះ​គួរឱ្យកត់សម្គាល់​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នេះ​គឺ​ដោយសារតែ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កំណែទម្រង់​លើ​ការការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ការដាំ​ព្រៃឈើ​ឡើងវិញ​នៅ​តំបន់​រេចរឹល​មួយចំនួន​ក៏​ដូច​ជាការ​ចូលរួម​ពី​សហគមន៍​មូលដ្ឋាន កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​លើ​បទល្មើស​ព្រៃឈើ​។ ​ក្រសួងបរិស្ថាន​នឹង​បន្ត​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក៏ដូចជា​សហការ​ជាមួយ​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ អភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដើម្បី​និរន្តរភាព បរិស្ថាន​និង​ធនធាន​​ធម្មជាតិ​៕​ដោយៈ មុនី​រ័ត្ន​/sn