បទល្មើស​ព្រៃឈើ : កោះហៅ​ឧកញ៉ា គង់ ក្រឹ​ង ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​១៥ ខែសីហា

501
ចែករម្លែក
ឧកញ៉ា គង់ ក្រឹ​ង (រូបថតឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ឧកញ៉ា គង់ ក្រឹ​ង ដែល​គេ​ល្បីឈ្មោះ​នៅ​ខេត្ត​ភាគ​ឦសាន ថា​ជា​ឈ្មួញ​ឈើ​ដ៏​ហំ​ហាន​ម្នាក់​នោះ ​ត្រូវបាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចេញ​លិខិត​កោះហៅ​ឲ្យ​ចូលខ្លួន ឆ្លើយបំភ្លឺ​លើ​ករណី​បទល្មើស​ព្រៃឈើ នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​។


​ដីកាកោះ​ឲ្យ​ចូលខ្លួន​នេះ គឺ​ចេញ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចុះ​ថ្ងៃទី ១ ខែសីហា ឆ្នាំ​២០១៩ ដែល​ត្រូវបាន ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩​។


​យោងតាម​លិខិត​កោះហៅ​ឲ្យ​ចូលខ្លួន បានបង្ហាញ​អត្តសញ្ញាណ​ឧកញ៉ា គង់ ក្រឹ​ង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ដី​ច្រាប​ថ្មី​ឃុំ​២​ធ្នូ​ ស្រុក​ស្នួល ​ខេត្តក្រចេះ​។​មាន​មុខរបរ​ម្ចាស់​គេហដ្ឋាន​មាន​រោង​សិប្បកម្ម​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​។​


​សូមជម្រាបថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​ចុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ចំនួន​៩ ទីតាំង​របស់​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ឧកញ៉ា គង់ ក្រឹ​ង មិនមាន​វត្តមាន​នៅក្នុង​ឃ្លាំង​ឈើ​ទេ តែបើ​នៅ​នោះ ឧកញ៉ា គង់ ក្រឹ​ង នឹង​អាច​ប្រឈម​ការចាប់ខ្លួន​ដូច​ឧកញ៉ា សឹង្ហ សំអុល មិន​ខាន​។​


​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ឧកញ៉ា គង់ ក្រឹ​ង ក៏មាន​ឈ្មោះនៅក្នុង​បញ្ជី ដែល​ត្រូវបាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​នៅ​ថ្ងៃទី​១៥ ខែសីហា នាពេលខាងមុខ ពាក់​ព័ន្ធករណី​បទល្មើស​ព្រៃឈើ​៕​សរន​/Ha