បទល្មើស​ព្រៃឈើ : ឧកញ៉ា គង់ ក្រឹ​ង និងកូនប្រសារ ត្រូវបានឃាត់ខ្លួន

459
ចែករម្លែក
សកម្មភាពបង្រ្កាបបទល្មើសព្រៃឈើនាពេលកន្លងទៅ៩រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ តាំងពីព្រឹក រហូតមកដល់​ម៉ោង ៦:៤៥​នាទី​យប់ ថ្ងៃទី​១៥ ខែសីហា នេះ ឧកញ៉ា គង់ ក្រឹ​ង ដែលជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ភាគ​ឦសាន ដែលបាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រៃឈើនោះ ត្រូវបា​នជំនាញ​នៃ​គណៈកម្មការ​ជាតិ ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ សម្រេចឃាត់ខ្លួន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ចាក់​ប្រាប់​រស្មី​កម្ពុជា​ថា នៅព្រលប់ ថ្ងៃទី​១៥​ខែសីហា នេះ លោក​ឧក​ញ៉ា គង់ ក្រឹ​ង និងឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវ​បានឃាត់ខ្លួនហើយ។​

លោក​ឧក​ញ៉ា គង់ ក្រឹ​ង

ចំណែកលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ​បាន​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ថា ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​គេហដ្ឋាន​មាន​រោង​សិប្បកម្ម​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត បាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ តាម​ការកោះហៅ​របស់រ​បស់ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ បានចេញ​លិខិត​កោះអញ្ជើញ​លោក​ឧកញ៉ា គង់ ក្រឹ​ង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ដី​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្តក្រចេះ មាន​មុខរបរ​ម្ចាស់​គេហដ្ឋាន​មាន​រោង​សិប្បកម្ម​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ចូល​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។​

ម៉ាត់ ណាស៊ាត (កូនប្រសារលោកឧកញ៉ា គង់ ក្រឹង)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​ចុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ចំនួន​៩ ទីតាំង​របស់​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ឧកញ៉ា គង់ ក្រឹ​ង មិនមាន​វត្តមាន​នៅក្នុង​ឃ្លាំង​ឈើ​ទេ​។

​គួរ​បញ្ជាក់ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៥​នាក់ ទៅកាន់​តុលាការ និង​ចំនួន​២១​នាក់​ផ្សេងទៀត​កំពុង​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ខណៈ​យុទ្ធនាការ​បាន​កំពុង​បន្ត​យ៉ាងសកម្ម​និង​យកចិត្តទុកដាក់​បំផុត​នៅ​ទូទាំងប្រទេស​៕សរន

ឧកញ៉ា គង់ ក្រឹ​ង (រូបឯកសារ)
សកម្មភាពបង្រ្កាបបទល្មើសព្រៃឈើនាពេលកន្លងទៅថ្មីៗនេះ(រូបឯកសារ)
#