ដោយៈ ពិស្តារ ភ្នំពេញៈ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ ទើបតែមានអាយុកាលត្រឹមតែ ២២ ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរស្អិតល្មួត និងមានទំនាក់ទំនងដ៏ជិតស្និទ្ធ ។ ក្រោយពីប្រទេសទាំងពីរបើកនូវទំនាក់ទំនងការទូតនឹងគ្នា នៅក្នុងរយៈពេលនេះ សឹងតែគ្រប់ប្រធានាធិបតីនៅក្នុងតំណែងទាំងអស់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ នេះ លោក មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក៏នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដើម្បីសរបញ្ជាក់អំពីទំនាក់ទំនងនេះ កាសែតរស្មីកម្ពុជា បានធ្វើបទសម្ភាសន៍ជាមួយនឹង លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ។ ខ្លឹមសារនៃកិច្ចសម្ភាសន៍មានដូចតទៅ៖
រស្មីកម្ពុជាៈ លោកប្រធានាធិបតី មូន ចេអ៊ីន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ១៤ ដល់ ១៦ ខែមីនា ខាងមុខនេះ តើលោកឯកអគ្គរដ្ឋទូតមានទស្សនៈ ក៏ដូចជាមតិយោបល់យ៉ាងណាចំពោះដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ?
លោក អូ ណាក់យ៉ុងៈ ប្រទេសកម្ពុជាគឺជា ‘ខ្លាថ្មីនៃអាស៊ី (New Tiger ofAsia)’ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៦ភាគរយ ជាបន្តបន្ទាប់គ្នានា រយៈពេល២០ឆ្នាំកន្លងមក និងកំពុងតែបន្តសម្រេចកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់ ដោយឈរលើមូលដ្ឋាន ‘យុទ្ធសាស្ត្រចតុកោណ (Rectangular Strategy)’។ ខ្ញុំគិតថា កូរ៉េ និងកម្ពុជាជាដៃគូដ៏សមស្របសម្រាប់ថ្ងៃអនាគត ដើម្បីកសាងវិបុលភាពជារួមក្នុងការរស់នៅជាមួយគ្នា។
ទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា បាន និងកំពុងតែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។បន្ទាប់ពីមានការបង្កើត ទំនាក់ទំនងការទូតឡើងវិញ កាលពីឆ្នាំ១៩៩៧ ទំហំនៃពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានសម្រេច ៩៧៥ លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងឆ្នាំមុន ដោយមានការកើនឡើងជិត ២០ ដងធៀបនឹងឆ្នាំ១៩៩៧ ហើយមានសហគ្រាសកូរ៉េ ចំនួនប្រមាណជា ២០០ សហគ្រាស ដែលបានបណ្តាក់ទុន នៅកម្ពុជាកំពុងតែចូលរួមចំណែក ក្នុងការបង្កើតវិបុលភាព ជារួមក្នុងការរស់នៅ ជាមួយគ្នា ព្រមទាំងមានការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ប្រចាំឆ្នាំបច្ចុប្បន្នជិត ៤០ ម៉ឺននាក់ គឺត្រូវបានកើនឡើងជាង ២០០ ដង ដោយមានតែប្រមាណជាង ១.០០០ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ១៩៩៧។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកនេះ គឺជាលើកទី៣ បន្ទាប់ពីដំណើរទស្សនកិច្ច ក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៩ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលនឹងធ្វើឡើង ក្រោយពីដំណើរទស្សនកិច្ច លើកទីពីរកាលពី១០ឆ្នាំមុន។ ដូច្នេះខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចលើកនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឲ្យកាន់តែឈានឡើងខ្ពស់ ជាងមុនមួយកម្រិតទៀតផងដែរ។
ជាមួយគ្នានេះដែរ ដំណើរទស្សនកិច្ចលើកនេះ មានអត្ថន័យក្នុងការរៀបចំមូលដ្ឋានដើម្បីប្រារព្ធកិច្ចប្រជុំកំពូលពិសេស កូរ៉េ-អាស៊ាន និងកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គ ដែលគ្រោងនឹងប្រារព្ធនៅក្នុងប្រទេសកូរ៉េ នៅឆមាសទី២ ឆ្នាំនេះ។ កិច្ចប្រជុំកំពូលពិសេសកូរ៉េ-អាស៊ាន គ្រោងនឹងប្រារព្ ធដើម្បីរំលឹកទំនាក់ទំនងកិច្ចសន្ទនា រយៈពេល៣០ឆ្នាំកន្លងមករវាងកូរ៉េនិងអាស៊ាន។ ឯកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គនឹងមានការលើកកម្រិតពីថ្នាក់រដ្ឋមន្ត្រីការបរទេស ឲ្យទៅជាថ្នាក់កំពូល ហើយនេះគឺជាចំណុចដ៏មានអត្ថន័យយ៉ាងខ្លាំង ដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអ្នកផ្តួចផ្តើមគំនិតនេះ។
រស្មីកម្ពុជាៈ យោងទៅតាមសេចក្តីថ្លែងការណ៍របស់ លោក មូន ចេ អ៊ីន ផ្ញើជូនវេទិកាព័ត៌មាន នៃបណ្តាញព័ត៌មានអាស៊ី (Asia News Network or ANN) លោកប្រធានាធិបតីបានសង្កត់ធ្ងន់ អំពីអារម្មណ៍ និងមនោសញ្ចេតនា នឹងភាពផ្សារភ្ជាប់ជាច្រើនរវាងអាស៊ាន និង សាធារណរដ្ឋកូរ៉េ ដូច្នេះ តើលោកឯកអគ្គរដ្ឋទូត អាចពន្យល់លំអិតបន្តិចអំពីគោលនយោបាយទិសដៅខាងត្បូងថ្មីរបស់លោកប្រធានាធិបតី មូន មកកាន់អាស៊ាន ?
លោក អូ ណាក់យ៉ុងៈ គោលនយោបាយទិសដៅខាងត្បូងថ្មីគឺជា គោលនយោបាយការបរទេសស្នូល និងជាកិច្ចផ្តួចផ្តើមផ្លូវការទូត ដែលលោកប្រធានាធិបតី មូនចេអ៊ីនបានប្រកាសជាផ្លូវការ តាមរយៈសុន្ទរកថាគន្លឹះ ក្នុងវេទិកាធុរជនកូរ៉េ-ឥណ្ឌូនេស៊ី កាលពីថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៧។ ចំណុចស្នូលនៃគោលនយោបាយនេះគឺជាការលើកកម្ពស់ កម្រិតកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេស ជាសមាជិកអាស៊ានឲ្យស្មើនឹងកម្រិតរបស់ប្រទេសមហាអំណាចទាំងបួននៅជុំវិញប្រទេសកូរ៉េ។គឺប្រទេសអាម៉េរិក ចិន ជប៉ុន និងរុស្ស៊ី ដោយផ្តោតជាសំខាន់លើ 3P គឺមនុស្ស(People)សនិ្តភាព(Peace)វិបុលភាព(Prosperity)។មិនមែនយកចិត្តទុកដាក់លើតែពាណិជ្ចកម្មទំនិញប៉ុណ្ណោះទេ ត្រូវមានការពង្រីកវិសាលភាពរហូតដល់បច្ចេកវិជ្ជា វប្បធម៌ សិល្បៈ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយក៏យកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងការធ្វើសកម្មភាពរួមគ្នាទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងក្នុងកម្រិតការពារជាតិផងដែរ។
ក្នុងចំណោម3P បើទាក់ទងនឹងមនុស្ស(People) គឺជាការធ្វើសហគមន៍ដែលត្រូវបានតភ្ជាប់រវាងមនុស្ស និងមនុស្ស(people to people) ទឹកចិត្ត និងទឹកចិត្ត(heart to heart) ដោយមានការពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនគ្រប់ជាន់ថ្នាក់។ អ្នកដំណើរទស្សនកិច្ចទៅវិញទៅមករវាងកូរ៉េ និងអាស៊ានបាន និងកំពុងតែកើនឡើង ប្រមាណ១០ភាគរយជារៀងរាល់ឆ្នាំ គឺក្នុងឆ្នាំ២០១៦ មានចំនួន៨,៦៥លាននាក់ឆ្នាំ២០១៧មានចំនួន៩,៧៨លាននាក់ និងឆ្នាំ២០១៨មានចំនួនជាង១០លាននាក់។
ប្រជាជនកូរ៉េចូលចិត្តទីកន្លែងរមណីយដ្ឋានទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ហើយនៅកម្ពុជាចំនួនភ្ញៀវទេសចរកូរ៉េទទួលបានចំណាត់ថ្នាក់លេខ៤ផងដែរ ។ ជាមួយគ្នានេះដែរនៅកម្ពុជា K-drama, K-pop, K-foodកំពុងតែត្រូវបានទទួល ការពេញនិយមយ៉ាងខ្លាំងដោយផ្អែកលើប្រជាប្រិយភាពរបស់រលកកូរ៉េ(Korean Wave)នៅតំបន់អាស៊ីអាគ្នេយ៍ដូច ជាប្រទេសកម្ពុជា ជាដើម។
P ទីពីរ. ជាវិបុលភាពរួម(Co-Prosperity)គឺជាការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយផលប្រយោជន៍ ទៅវិញទៅមកក្នុងទំនាក់ទំនងឈ្នះ-ឈ្នះ រវាងកូរ៉េ និងបណ្តាប្រទេសអាស៊ាន។ អាស៊ានជាទីផ្សារបស់វិស័យសំណង់ ការវិនិយោគ និងពាណិជ្ជកម្មទីពីរនៃប្រទេសកូរ៉េ ហើយទំហំនៃពាណិជ្ជកម្មរវាងកូរ៉េនិងអាស៊ានកំពុងតែបន្តកើនឡើង ដោយក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ចំនួន១១៩.០០០លានដុល្លារឆ្នាំ២០១៧មានទឹកប្រាក់ចំនួន១៥៣.០០០លាន ដុល្លារឆ្នាំ២០១៨មានទឹកប្រាក់ជាង១៦០.០០០លានដុល្លារ។យើងខ្ញុំសង្ឃឹមថាកូរ៉េ-អាស៊ាននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់ទៅលើវិស័យចរាចរណ៍ ថាមពល ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាទូរគមនាគមន៍និង ព័ត៌មាន(ICT)វៃឆ្លាត និងកសិកម្ម ជាដើម។
P ចុងក្រោយ គឺជាការកសាងសហគមន៍សន្តិភាព។ យើងខ្ញុំសង្ឃឹមថា កូរ៉េ និងបណ្តាប្រទេសអាស៊ានក៏នឹងបន្តពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិព្រមទាំងសហការលើវិស័យមួយចំនួនដែលមិនសូវបានធ្វើកិច្ចសហការកន្លងមកដូចជាសកម្មភាពទប់ស្កាត់គ្រោះមហន្តរាយការប្រឆាំងភេរវកម្មការការពារសន្តិសុខលើបណ្តាញអ៊ិនធើណេត(cyber security) ជាដើម ក៏ដូចជាបន្តធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រេចសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីបូព៌ាផងដែរ។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ដល់អាស៊ានដែលបាន និងកំពុងតែដើរតួនាទីយ៉ាងសកម្ម ក្នុងការកសាងសន្តិភាពក្នុងឧបទ្វីបកូរ៉េ ដូចជា ការអញ្ជើញប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចូលរួមក្នុងការប្រកួតកីឡាអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ការប្រារព្ធកិច្ចប្រជុំកំពូលកូរ៉េខាងជើង និងអាមេរិកនៅប្រទេសសិង្ហបុរី និងវៀតណាមជាដើម។
ក្នុងអត្ថន័យដើម្បីពន្លឿននូវគោលនយោបាយទិសដៅខាងត្បូងថ្មីដែលផ្តោតសំខាន់លើ3P លោកប្រធានាធិបតី មូន ចេ អ៊ីន បានជ្រើសរើសប្រទេសបីក្នុងតំបន់អាស៊ាន គឺ កម្ពុជា ព្រុយណេ និងម៉ាឡេស៊ី ជាប្រទេសគោលដៅនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្រៅរបស់លោក ដែលត្រូវចាប់ផ្តើមធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩។ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េសង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងកូរ៉េ និងអាស៊ាន នឹងត្រូវបានពង្រីក និងពង្រឹងបន្ថែមទៀត តាមរយៈកិច្ចប្រជុំកំពូលពិសេសកូរ៉េ-អាស៊ាន និងកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គនាចុងឆ្នាំនេះ។
រស្មីកម្ពុជាៈ បើនិយាយអំពីនយោបាយការបរទេសរបស់មហាអំណាចដែលមានឥទ្ធិពលនៅអាស៊ាន ដូចជា ជប៉ុន និងអាមេរិក គឺគេផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើម នៃយុទ្ធសាស្ត្រ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និង បើកចំហរ ( Free and Open Indo-Pacific strategy) ហើយចិន គឺគំនិតផ្តួចផ្តើមក្រវ៉ាត់មួយនិងផ្លូវមួយ(One Belt, One Road Initiative) ដោយឡែកលោកប្រធានាធិបតី មូន ចេ អ៊ីន បានលើកឡើងពីគោលនយោបាយទិសដៅខាងត្បូងថ្មី(New Southern Policy) ដូចបានបញ្ជាក់នៅក្នុងសារជូន ANN ! ដូច្នេះ តើលោកឯកអគ្គរដ្ឋទូត អាចជម្រាបបានទេថា តើនយោបាយនេះ នឹងផ្សារភ្ជាប់ជាមួយនឹង អាស៊ាន ជាពិសេសកម្ពុជា យ៉ាងដូចម្តេច ?
លោក អូ ណាក់យ៉ុងៈ រវាងកូរ៉េ និងកម្ពុជាត្រូវបានកសាងមូលដ្ឋានរឹងមាំរួចជាស្រេចដើម្បីបង្កើតសហគមន៍សន្តិភាព និងវិបុលភាពដោយផ្តោតសំខាន់ទៅលើមនុស្ស ដូចជា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរហូតដល់៤០ម៉ឺននាក់។សហគមន៍ប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េប្រមាណ៤៥.០០០នាក់ និងសហគមន៍ជនជាតិកូរ៉េនៅក្នុងកម្ពុជាប្រមាណ១៥.០០០នាក់ ពលករកូរ៉េ រួមទាំងសកម្មភាពយ៉ាងសកម្មរបស់អង្គការក្រៅ រដ្ឋាភិបាល កូរ៉េនៅកម្ពុជា ជាដើម។ល។
ដោយឈរលើមូលដ្ឋានរឹងមាំដូចនេះ រដ្ឋាភិបាលកូរ៉េមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា កាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ក្នុងកម្រិតមនុស្ស (People) បន្តជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងវប្បធម៌កាន់តែច្រើន ព្រមទាំងបន្តពង្រឹងមូលដ្ឋានវិស័យច្បាប់ ដើម្បីបង្កើនសិទ្ធិ និងការការពារសម្រាប់ប្រជាជននៃប្រទេសទាំងពីរដែលកំពុងស្នាក់នៅប្រទេសកូរ៉េ និងកម្ពុជា។
ក្នុងឆ្នាំនេះ ស្ថានទូតកូរ៉េកំពុងតែរៀបចំកម្មវិធីផ្សេងៗជាច្រើន ដូចជា K-pop World Festival ការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ ពិធីមហោស្រពភាពយន្តកូរ៉េ កម្មវិធីវប្បធម៌កូរ៉េនៅ CKCC ជាដើម។ ម្យ៉ាងទៀត ប្រជាជនកូរ៉េជាច្រើនកំពុងធ្វើការស្វែងយល់ និងទស្សនាវប្បធម៌កម្ពុជា ដូចជា របាំអប្សរា និង ប្រាសាទ អង្គរវត្ត តាមរយៈឧបករណ៍បង្កើតពិភពសិប្បនិមិត្ត(VR)ជាដើម នៅមជ្ឈមណ្ឌលវប្បធម៌អាស៊ានដែលស្ថិតនៅទីក្រុងប៊ូសាន។
ជាមួយគ្នានេះផងដែរ ប្រទេសកូរ៉េ មានបំណងរួមចំណែកក្នុងការកែលំអរគុណភាពជីវភាពរបស់ប្រជាជនកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដូចជាការសាងសង់មន្ទីរពេទ្យកុមារជាតិឡើងវិញ និងការអនុវត្តគម្រោងថែទាំសុខភាពមាតា និងទារកជារួម ក្នុងខេត្តចំនួន៣នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ជាដើម។
ក្នុងកម្រិតវិបុលភាព (Prosperity) រដ្ឋាភិបាលកូរ៉េ នឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបានរហូតដល់ ៩៧០លានដុល្លារ ហើយក្នុងឆ្នាំនេះ យើងរំពឹងថា វានឹងសម្រេចបានក្នុងទំហំលើស ១.០០០ លានដុល្លារ។ ម្យ៉ាងទៀត ប្រជាជនកម្ពុជាជិត៤ម៉ឺននាក់កំពុងតែចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចកូរ៉េ ដោយធ្វើការនៅក្នុងប្រទេសកូរ៉េ តាមរយៈប្រព័ន្ធអនុញ្ញាតិមុខរបរ(EPS) ដែលផ្តល់ប្រសិទ្ធភាពឈ្នះ-ឈ្នះ លើវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
កម្ពុជាគឺជាមូលដ្ឋាននៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ លើវិស័យព្រៃឈើកូរ៉េ-មេគង្គហើយកម្ពុជាបានចុះឈ្មោះជាសមាជិកនៃអង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី(AFoCo) កាលពីឆ្នាំមុន។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើនឹងចូលរួមចំណែក ក្នុងការបង្កើតបរិស្ថានដ៏ល្អសម្រាប់ការរស់នៅរបស់ប្រជាជនទាំងអស់គ្នា។
កម្ពុជា គឺជាប្រទេសកសិកម្មតាំងពីសម័យមុនៗ ដែលមានការនាំចេញដំណាំកសិផល ដូចជា អង្ករ ដំឡូងមី ម្រេច ម្ទេស និងស្វាយ ជាដើម ហេតុដូច្នេះ កិច្ចសហប្រតិបត្តិការកសិកម្មក៏ជាវិស័យដ៏មានសក្តានុពលភាពផងដែរ។ រោងចក្រសម្អាតផលិតផលកសិផលត្រូវបានសម្ពោធ កាលពីខែកុម្ភៈឆ្នាំនេះ ក្រោមកិច្ចសហការរវាងសហគ្រាសនៃប្រទេសទាំងពីរ គេរំពឹងថា រោងចក្រនេះនឹង នាំចេញស្វាយកម្ពុជាដែលមានរសជាតិឆ្ងាញ់ទៅប្រទេសកូរ៉េ ហើយប្រជាជនកូរ៉េក៏អាចសាកល្បងទទួលទានផ្លែស្វាយដ៏មានឱជារសពីកម្ពុជាបានផងដែរ។
រដ្ឋាភិបាលកូរ៉េកំពុងតែអនុវត្តគម្រោងពង្រីកនិងពង្រឹងសហគមន៍ជនបទកម្ពុជា និងផ្តល់ជំនួយសម្រាប់ការបង្កើតប្រព័ន្ធឃ្លាំងស្តុកអង្ករ តាមរយៈអង្គការ កយកា(KOICA) និង កូព្យា(KOPIA) ។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំនេះ ស្ថានទូតកូរ៉េគ្រោងនឹងប្រារព្ធកម្មវិធីផ្សព្វផ្សាយម្ហូបអាហារដែលកែច្នៃពីដំណាំកសិផលកម្ពុជានៅភ្នំពេញ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើងម្តងរួចមកហើយកាលពីឆ្នាំមុនក្នុងគោលបំណងដើម្បីណែនាំម្ហូបអាហារកូរ៉េ ដែលផលិតពីកសិផលដ៏មានគុណភាពខ្ពស់របស់កូរ៉េដល់ប្រជាជនកម្ពុជា។
ទាក់ទងនឹងសន្តិភាពដែលជាកត្តាស្នូលចុងក្រោយក្នុងចំណោម3Pនៃគោលនយោបាយទិសដៅខាងត្បូងថ្មីគឺរដ្ឋាភិបាលកូរ៉េ នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងគុណតម្លៃ បទបញ្ញាត្តិ និងប្រព័ន្ធពហុភាគីព្រមទាំងកាត់បន្ថយនូវការជំទាស់ក្នុងតំបន់អាស៊ី។ ទន្ទឹមគ្នានេះ ក៏នឹងរួមចំណែកក្នុងការកសាងរចនាសម្ព័ន្ធតំបន់ប្រកបដោយភាពអនុគ្រោះ តម្លាភាព និងភាពបើកចំហផងដែរ។
កាលពីឆ្នាំមុនកម្ពុជា បានស្វាគមន៍ និងគាំទ្រដល់ការប្រារព្ធកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដូចនេះខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជាមិត្តល្អតែងបាននិងកំពុងជួយគាំទ្រដោយគ្មានការប្រែប្រួលដល់ការកសាងសន្តិភាព ប្រកបដោយនិរន្តរភាពលើឧបទ្វីបកូរ៉េ។ កាលពីឆ្នាំមុនសិក្ខាសាលាស្តីពីស្ថានភាពនៃឧបទ្វីបកូរ៉េត្រូវប្រារព្ធឡើងក្រោមកិច្ច សហការគ្នារវាងស្ថានទូតកូរ៉េ និងវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព(CICP) ហើយឆ្នាំនេះ យើងក៏នឹងបន្តនូវកិច្ចសហការគ្នានេះផងដែរ។
កូរ៉េ និងកម្ពុជាកំពុងតែចូលរួមសកម្មភាពកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO)របស់អង្គការសហប្រជាជាតិ(UN) ដូច្នេះរដ្ឋាភិបាលកូរ៉េនឹងបន្តធ្វើការផ្លាស់ប្តូរ និងសហការលើវិស័យPKOរវាងប្រទេសទាំងពីរ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលមិនសូវមានការសហការគ្នាកាលពីពេលកន្លងទៅ ដូចជា ការចែករំលែក នូវវិធីសាស្ត្រស៊ើបអង្កេតបទល្មើសតាមបណ្តាញអ៊ីនធើណែតដ៏ឆ្នើមរបស់កូរ៉េជាដើម ខណៈដែលបទល្មើសតាមបណ្តាញអ៊ីនធើណែតនេះ កំពុងតែបន្តកើនឡើងជាលំដាប់ស្របគ្នាជាមួយនឹងការវិវត្តន៍នៃបច្ចេកវិទ្យា។
រស្មីកម្ពុជាៈ តើមានកិច្ចព្រមព្រៀងឬឯកសារ ចំនួនប៉ុន្មានដែលនឹងត្រូវចុះហត្ថលេខា ក្នុង អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតី មូន ចេ អ៊ីននាពេលនេះ?
លោក អូ ណាក់យ៉ុងៈ ប្រទេសទាំងពីរកំពុងតែរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និង អនុស្សរណៈយោគយល់គ្នាមួយចំនួនស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឧស្សាហកម្ម និងការជំរុញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម។
ក្រោយកិច្ចប្រជុំកំពូលនឹងមានកម្មវិធីប្រកាសលទ្ធផលរួមនៃកិច្ចប្រជុំកំពូលចំពោះសារព័ត៌មាន។ហេតុដូច្នេះសូមមេត្តារង់ចាំទស្សនាលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ នាថ្ងៃទី១៤ ខែមីនាខាងមុខនេះ៕Ha/v