បទ​សម្ភាស​ន៍រវាង​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​និង​កាសែត​រស្មី​កម្ពុជា​

2307
ចែករម្លែក
  • 141
    Shares

​ដោយ​: សុផល​, វិសាល / ​​ភ្នំពេញ ៖ លោក អូ ណាក់ យ៉ុង ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ បានអនុញ្ញាត​ឱ្យ​កាសែត​រស្មី​កម្ពុជា ដែលជា​កាសែត​ដ៏​ធំ​មួយ​មាន​អាយុកាល​ជាង​២០​ឆ្នាំ ចូលជួប​សម្ភាស​នៅឯ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​
​ ​
​កិច្ច​សម្ភាស​របស់លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ជាមួយ​លោក ញ៉ែម សុផល អ្នកយក​ពត៌មាន​ជាន់ខ្ពស់​នៃ​កាសែត​រស្មី​កម្ពុជា និង​លោក ហ៊ូ ពុធ​វិសាល ជំនួយការ​និពន្ធ​នាយក​រស្មី​កម្ពុជា ផ្តោតទៅលើ កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការ​ផ្តល់ជំនួយ ចលនា​ភូមិ​ថ្មី និង​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​។​

​ខ្លឹមសារ​នៃ​បទ​សម្ភាស មាន​ដូចខាងក្រោម​៖

​រស្មី​កម្ពុជា : ខ្ញុំ​ឮថា ឯកឧត្តម​ធ្លាប់​ធ្វើការ​នៅ​កម្ពុជា​កាលពី​អតីតកាល តើ​ឯកឧត្តម មាន អារម្មណ៍​យ៉ាងណាដែរ ក្នុងការ​បំពេញបេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​ម្តងនេះ​?
​ឯកអគ្គរដ្ឋទូត​កូរ៉េ : ខ្ញុំ​ធ្លាប់​ធ្វើការ​ជាទី​ប្រឹក្សា​នៅ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​អស់​រយៈពេល​៤​ឆ្នាំ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០០៤​រហូតដល់​ខែ​កម្ភៈ​ឆ្នាំ​២០០៨​។ ខ្ញុំ​បាន​ត្រលប់មក​កម្ពុជា​វិញ បន្ទាប់ពី​រយៈពេល​១០​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចាក​ចេញពី​កម្ពុជា​។ ​​ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង​មោទនភាព​ដោយ​បំពេញបេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ដែលមាន​កំណើនសេដ្ឋកិច្ច​៧-៨% ជា​បន្តបន្ទាប់​កាលពី​១០​ឆ្នាំកន្លងមក ព្រមទាំង​មាន​ប្រវត្តិសាស្ត្រ​ត្រចះត្រចង់​។​​ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​មាន​អគារ​ខ្ពស់ៗ​ជាច្រើន ដែល​មិនដែល​ឃើញ​កាលពី​អតីតកាល ព្រមទាំង​មា​នស​ណ្ឋា​ការ និង​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ជាច្រើន​តាម​ដងផ្លូវ​។ ខ្ញុំ​មាន​អារម្មណ៍​រំភើបចិត្ត ដោយ​មើលឃើញ​ភាព​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ដោយផ្ទាល់​ភ្នែក​របស់ខ្ញុំ​។ ​​ខ្ញុំ​គិតថា កម្ពុជា​បានសម្រេច​កំណើនសេដ្ឋកិច្ច ទាំង​ខាង​បរិមាណ​ផង និង​ខាង​គុណភាព​ផង ក្នុងពេល​ឆាប់ៗ​នេះ​។ ហើយ​ក្នុង​ង​ដំណើរការ​នោះ កូរ៉េ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ដោយ​សម្រប​នឹង​ភាពជាក់ស្តែង​របស់​កម្ពុ​ជា​ដោយ​ឈរលើ​មូលដ្ឋាន​បទពិសោធ​រប​ស់​កូរ៉េ​។​

​រស្មី​កម្ពុជា : ​កម្ពុជា​និង​កូរ៉េ​បាន​កសាង​ទំនាក់ទំនង​ការទូត​ឡើងវិញ​បាន​២១​ឆ្នាំ​ហើយ​។ តើ​ឯកឧក​ឧ​ត្ត​ម​គិត​យ៉ាងដូចម្តេច​នូវ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​បច្ចុប្បន្ន ហើយ​មាន​ទស្សនវិស័យ​យ៉ាងណាដែរ​ក្នុងការ​ធ្វើ​ឲ្យ​រីកចម្រើន​នូវ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ទៅ​ថ្ងៃ​ខាងមុខ​?
​ឯកអគ្គរដ្ឋទូត​កូរ៉េ ​: ២១​ឆ្នាំមុន គឺ​កាលពី​ឆ្នាំ​១៩៩៧​បន្ទាប់ពី​កសាង​ទំនាក់ទំនង​ការទូត​ឡើងវិញ​ហើយ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរបាន និង​កំពុងតែ​ពង្រីក​យ៉ាង​ឆាប់រហ័ស​លើ​ច្រើន​វិស័យ​។ ជា​លទ្ធផល ចំនួន​ទឹកប្រាក់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​លើសពី ៨៦០​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ចំណែក​ការវិនិយោគ​របស់​កូរ៉េ​មក​កម្ពុជា មាន​សារុប​រហូតដល់​៤៦០០​លាន​ដុល្លារ​។ ហើយ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​កូរ៉េ​ចំនួន​១៧៥ កំពុងធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។ ​​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក៏មាន​សកម្មភាព​យ៉ាងសកម្ម​ដែរ ដោយមាន​អ្នកដំណើរ​របស់​ប្រទេស​ទាំងពីរ​ចំនូ​ន​៤០​ម៉ឹ​ន​នាក់ និង​មាន​ជើងយន្តហោះ​ត្រង់​ចំនូ​ន​២៥​ជើង​ជា​រៀងរាល់​សប្តាហ៍​។ មាន​ពលករ​កម្ពុជា​៦.៥​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​កូរ៉េ​, ប្រជាជន​កម្ពុជា​ប្រមាណ​៨​ពាន់​នាក់​បាន​រៀបការ​ជាមួយ​ប្រជាជន​កូរ៉េ​ផងដែរ​។ ​​រដ្ឋាភិបាល​កូរ៉េ​កំពុងតែ​អនុវត្តន៍ គោលនយោបាយ​ទិសដៅ​តំបន់​ខាងត្បូង​ថ្មី (New Southern Policy) ​ដើម្បី​លើកកម្ពស់​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន ហើយ​ដោយមាន​មូលដ្ឋាន​ដូចនេះ យើង​អាច​រំពឹង​បានដែរ​ថា ទំនាក់ទំនង​ប្រទេស​កូរ៉េ និង​កម្ពុជា​នឹងមាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​។ រដ្ឋាភិបាល​កូរ៉េ​នឹង​អនុវត្តន៍​គម្រោង​ផ្សេងៗ​រយៈពេល​មធ្យម និង​វែង​ជាច្រើន ដើម្បី​អនុវត្តន៍ “​សហគមន៍​សន្តិភាព​ដោយ​ផ្តោតជាសំខាន់​លើ​មនុស្ស​” ដែលមាន​ការភ្ជាប់​ទឹកចិត្ត​មនុស្ស និង​មនុស្ស​រវាង​ប្រជាជន​ទាំងពីរ​។ ដូចដែល​ខ្ញុំ​បាន​ជំរាបជូន​រួចហើយ​ប្រជាជន​ទាំងពីរ​កំពុងតែ​មានកា​រ​ផ្លាស់ប្តូ​រលើ​ផ្នែក​ផ្សេងៗ​ជាច្រើន​ដូច្នេះ​គ្រោង​នឹង​គ្រប់គ្រង​នូវ​ការផ្លាស់​ប្កូ​រ​នេះ​ឲ្យ​មាន​សម​ទិ្ធ​ផល​ជាក់ស្តែង​ព្រមទាំង​ខិតខំ​ប្រឹងប្រែង​ឲ្យ​មានការ​ផ្លាស់ប្តូរ​នេះ​កាន់តែ​សកម្ម​។​

​រស្មី​កម្ពុជា : ​កូរ៉េ បាន និង​កំពុងតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ កូរ៉េ​កំពុងតែ​ឧបត្ថម្ភ​លើ​វិស័យ​ជាច្រើន​ដល់​កម្ពុជា តើ​ក្នុងចំណោម​នោះ​កូរ៉េ​បានផ្តល់​ការឧបត្ថម្ភ​លើ​វិស័យ​ណា​ច្រើនជាងគេ​?​ហើយ​នៅ​ថ្ងៃ​ខាងមុខ កូរ៉េ​មាន​គម្រោង​ជួយ​គាំទ្រ​ដល់​គម្រោង​ណាខ្លះ​នៅ​កម្ពុជា​?​ហើយ​គិតថា​តើ​គម្រោង​ណា​មា​នស​ក្ត​នុព​ល​ខ្លាំង​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្ពុជា​?
​ឯកអគ្គរដ្ឋទូត​កូរ៉េ ​: រដ្ឋាភិបាល​កូរ៉េ​បាន និង​កំពុងតែ​ជួយ​គាំទ្រ​ដល់​ការសម្រេច​គោលដៅ ក្នុង​ការតភ្ជាប់​ជាមួយនឹង​អាស៊ាន និង​កំណើន​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ កន្លងមក តាមរយៈ ជំនួយ អភិវឌ្ឍ​ផ្លូវការ (ODA)​កូរ៉េ​បាន និង​កំពុងតែ​ជួយឧបត្ថម្ភ​លើ​វិស័យ​ផ្សេងៗ​ដូចជា​ចរាចរណ៍ កា​អភិវឌ្ឍន៍ជនបទ ការ​គ្រាប់​គ្រង​ធនធានទឹក និង​សុខាភិបាល​ជាដើម ​។​ល​។ ​​រដ្ឋាភិបាល​កូ​រ៉​នឹង​បន្ត​ជួយឧបត្ថម្ភ​ដល់​កម្ពុជា​ដោយ​ផ្តោតជាសំខាន់​លើ​វិស័យ ដែល​អាច​រួមរស់​ជាមួយគ្នា​បាន គឺ វិស័យ​ចរាច​ណ៍ ថាមពល ការគ្រប់គ្រង​ធនធានទឹក​និង​បច្ចេកវិទ្យា IT​។ ទន្ទឹមគ្នា​នេះដែរ​កូរ៉េ​មាន​ចំណាប់អារម្មណ៍​លើ​ភាពជា​ដៃគូ​ជាមួយនឹង​វិស័យ​ឯកជន​នៅ​ថ្ងៃ​ខាងមុខ​។​ឧទាហរណ៍ ខ្ញុំ​គិតថា ត្រូវការ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​អាច​សន្សំសំចៃ​ថាមពល ដោយ​ប្រើ​ប្រឡាយ​ទន្លេមេគង្គ​ឬ​គម្រោង​សាងសង់​ទីក្រុង​រណប​ក្នុង​តំបន់​មិនទាន់​អភិវឌ្ឍន៍ ដើម្បី​រំសាយ​ការប្រមូល​ប្តុំ​លើសលប់​ក្នុង​ទីក្រុង​។​កាលពី​អតីតកាល​កូរ៉េ​ធ្លាប់​ទទួលបាន​ជោគជ័យ​ដោយ​សាងសង់​ទីក្រុង​រណប ហើយ​បច្ចុប្បន្ន ទីក្រុង​រណប​ទាំងអស់នោះ​និង​ទីប្រជុំជន​ត្រូវបាន​ត​ភ្ជាប់​ជា​តំបន់​ទីក្រុង​ធំ​មួយ​ជុំវិញ​រដ្ឋធានី​។​
​ចំណែក​ផ្នែក​វិនិយោគ​វិស័យ​ឯកជន , ក្នុងករណី​ភ្ជាប់​នូវ​ធនធានមនុស្ស​ដែល​សម្បូរបែប និង​ភាព​ចំហ​នៃ​សេដ្ឋកិច្ច​ដ៏​ខ្ពស់​របស់​កម្ពុជា ជាមួយនឹង​បច្ចេកវិទ្យា ទុន និង​បទពិសោធន៍​របស់​កូរ៉េ កិ​ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កូរ៉េ​-​កម្ពុជា ដោយ​បង្កើត​ប្រសិទ្ធភាព​ទ្វេរ​ដងនោះ អាច​នឹង​រីកចម្រើន​ជា​គំរូ​កិច្ចសហប្រតិបត្តិការ​ដ៏​ឆ្នើម​បំផុត​បាន​។​ស្ថានការណ៍​បច្ចុប្បន្ន​គឺ​ដូចជា​សហគ្រាស​ឯកជន​ជាច្រើន​កំពុងតែ​សង្កេតមើល​ស្ថានភាព​សិន​ដោយសារ​នៅតែមាន​ចំណុច​ខ្វះខាត ដូចជា​ថ្លៃ​អគ្គិសនី​យ៍​ខ្ពស់ ថ្លៃ​ដឹក​ជ​ន្ជូ​ញ​ខ្ពស់ជាង​ប្រទេសជិតខាង ទំលាប់​យកពន្ធ​ដែល​ខ្វះ​ការ​អនុវត្តតាម​បទដ្ឋាន​ពិតប្រាកដ និង​កង្វះ​តម្លាភាព​ជាដើម​។​ល​។​

​រស្មី​កម្ពុជា ​: កូរ៉េ​បាន​អនុវត្ត ចលនា​ភូមិ​ថ្មី​(SAEMAEUL) ក្នុង​ដំណើរការ​កំណើនសេដ្ឋកិច្ច​ជំហាន​ដំបូង​។ សូម​ឯកឧត្តម​ជួយ​ប្រាប់​អំពី​ប្រភព​របស់​ចលនា​ភូមិ​ថ្មី និង​គ​ន្លះ​នៃ​ជោគជ័យ​, ហើយ តើ​រដ្ឋាភិបាល​កូរ៉េ​កំពុងតែ​ផ្សព្វផ្សាយ​ដូចម្តេច​អំពី​ចលនា​ភូមិ​ថ្មី​នៅ​កម្ពុជា​? តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា​?
​ឯកអគ្គរដ្ឋទូត :​ ​ចលនា​ភូមិ​ថ្មី​របស់​កូរ៉េ គឺជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៃ​ដំណើការ​កំណើនសេដ្ឋកិច្ច​ដំបូង ដើម្បី​ជំនះ​ភាពក្រីក្រ គឺជា​ចលនា​កំណែទម្រង់​ស្មារតី​មួយ​ដែលមាន​ពាក្យស្លោក​ថា “​រួមគ្នា​រស់នៅ​ដោយ​ភាពសម្បូរ​” ”​យើង​ក៏​អាចធ្វើ​បានដែរ​”​ដោយមាន​គោលដៅ​ស្នូល​នៃ​យុទ្ធសាស្ត្រ​គឺ ការអនុវត្ត​គម្រោង​បង្កើន​ចំណូល​របស់​ស្រទាប់​ប្រជាជន​ក្រីក្រ​នៅ​តំបន់​ជនបទ និង​តំបន់​នេសាទ​។ កាលពី​ពេលនោះ​ដាំ​ភ្លាម​លក់​ភ្លាម​បាន ​ដោយសារ​ខ្វះ​ស្បៀងអាហារ​ធ្វើ​ឲ្យ​បង្កើន​ចំណូល​ដល់​ប្រជាកសិករ​ភ្លាម​។ ក៏ប៉ុន្តែ ស្ថានភាព​របស់​កម្ពុជា​បច្ចុប្បន្ន​មាន​ភាពខុសគ្នា ដោយសារតែ​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​ខ្វះ​ស្បៀងអាហារ ដូច្នេះ​ការបង្កើន​ចំនួន​ដាំ​ដំណាំ​កសិផល​មិន​បណ្តាល​ឲ្យ​មានការ​បង្កើន​ចំណូល​តែម្តង​ដូច​កូរ៉េ​កាលពី​អតីតកាល​នោះទេ​។​​ គម្រោង​ដែល​ផ្ទេរ​បច្ចេកវិទ្យា​របស់​ច​ល​នា​ភូមិ​ថ្មី​ដែល​រដ្ឋាភិបាល​កំពុងតែ​អនុវត្ត​និង​គម្រោង​អភិវឌ្ឍ ជនបទ មិនត្រូវ​ចាត់ទុកជា​គម្រោង​ដែលមាន​លក្ខណៈ​ដូចគ្នា​ទេ​។ ចលនា​ភូមិ​ថ្មី គឺជា​យុទ្ធនាការ ដែលមាន​ស្មារតី រួមគ្នា​រស់នៅ​ដោយមាន​ភាពសម្បូរ​ដោយ​ខ្លួនឯង​។ ​​ដើមឡើយ ចលនា​ភូមិ​ថ្មី គឺជា​គម្រោង​រយៈពេល​វែង​ក្នុង​ចំណុច​ជា​គម្រោង​កែសម្រួល​ចរិតលក្ខណៈ​របស់​ជន​បទ​ដែលមាន​ចំណុច​ស្នូល​ថា​ការបង្កើន​ចំណូល​និង កំណែទម្រង់​ស្មារតី មិនមែនជា​គម្រោង​ផ្តល់​ជំនួយឥតសំណង​ដែល​អាច​មើលឃើញ​ភ្លាមៗ​និង​ជា​គម្រោង​រយៈពេល​ខ្លី ដូចជា​ការកែលំអ​រប​រិ​ស្ថាន​រស់នៅ​ប្រចាំថ្ងៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជនបទ​ទេ​។​​ ការអនុវត្ត​ទាំងស្រុង​នូវ​គំរូ​ចលនា​ភូមិ​ថ្មី​របស់​កូ​រ៉​អតីតកាល គឺ​ពិបាក ត្រូវការ​កែប្រែ​ឲ្យ​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​ដើម្បី​ទទួលបាន​ជោគជ័យ​។ ត្រូវការ​ពង្រីក​បណ្តាញ​លក់​ដំណាំ​កសិផល​ក្នុង​ទីផ្សារ ​ដើម្បី​បង្កើន​ចំណូល​ជាក់ស្តែង​របស់​ប្រជាកសិករ​។ ក្នុងករណី​ត្រូវការ​ជា​ចាំបាច់ រាជរដ្ឋាភិបាល ឬ ក្រុមហ៊ុន​រដ្ឋ​ត្រូវ​ជួយ​ក្នុង​ការពង្រឹង​សកម្មភាព​ប្រមូល និង​លក់​ដំណាំ​កសិផល​។​

រស្មី​កម្ពុជា ​: ថ្មីៗ​នេះ​ស្ថានការណ៍​លើ​ឧ​ប​ថ្វិ​ប​កូរ៉េ កំពុងតែ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ព្រមទាំង​គ្រោង​នឹង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​កូរ៉េខាងត្បូង និង​ខាងជើង​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត និង កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង និង​អាមេរិក​នៅ​ខែក្រោយ​, សូមជួយ​រៀបរាប់​អំពី​អត្ថន័យ​និង​លទ្ធផល​ដែល​អាច​ស្មាន​បាន​។
​ឯកអគ្គរដ្ឋទូត : ថ្ងៃទី​២៧ ខែមេសា​នេះ​មាន​កិច្ចប្រជុំ​កំពូល​កូរ៉េខាងត្បូង​និង​ខាងជើង​បន្ទាប់មក​នោះ ក៏មាន​កិច្ចប្រជុំ​កូរ៉េខាងជើង និង​អាមេរិក​។ ប៉ុន្មាន​ខែ​មុន សារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ​ភាគច្រើន បាន​ស្មានថា កូរ៉េខាងជើង​មិន​លះបង់​អាវុធ​នុយក្លេអ៊ែរ​ដាច់ខាត​ចង់​តទល់​នឹង​អាមេរិក​ដោយ​ត្រូវបាន​ទទួលស្គាល់​ជា​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​។​តទៅទៀត​មានការ​ស្មាន​ដូច​គេ​ថា “​វិបត្តិ​នៃ​ខែមេសា​” គឺ ក្រោយពី​ចាប់​ផ្តើមធ្វើ​កិច្ចសន្ទនា​រវាង​ប្រទេស​កូរ៉េខាងត្បូង​និង​ខាងជើង​ដោយ​ឆ្លៀតឱកាស​កូរ៉េខាងជើង​ចូលរួម​ក្នុង​កីឡា​ការប្រកួត​អូឡាំពិក​ផ្យ​ង់​ឆាង​(Pyoung Chang) រដូវរងា​ហើយ​បើ​ចាប់ផ្តើម​សមយុទ្ធ​យោធា​កូរ៉េ និង​អាមេរិក​ក្នុង​ខែមេសា​បន្ទាប់ពី​ចប់​កីឡា​អូឡាំពិក ក៏​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ត្រូវបាន​បំផ្លាញ់​វិញ​។​​ ក៏ប៉ុន្តែ កូរ៉េខាងជើង​បច្ចុប្បន្ន​កំពុងតែ​បង្ហាញ​ឆន្ទៈ​ដែល​ចង់​ធ្វើការ​សន្ទនា​យ៉ាងសកម្ម ក៏ដូចជា​ការរំលាយ​ក​ម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​ជា​ដាច់​ខាត់​ចំពោះ​សហគមន៍​អន្តរជាតិ​។ ​កូរ៉េខាងជើង និង​អាមេរិក​ក៏​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​ដោយមាន​ឆន្ទៈ​ធ្វើការ​សន្ទនា​សកម្ម​គ្នា​ ព្រមទាំង​បង្ហាញ​ភាពស្មោះត្រង់​គ្នា​ក្នុងការ​បង្កើត​បរិយាកាស​ល្អ​ដើម្បី​ទទួលបាន​ជោគជ័យ​នៃ​កិច្ចសន្ទនា​។​​ តាមរយៈ​កិច្ចប្រជុំ​កំពូល​កូរ៉េខាងត្បូង​និង​ខាងជើង​រដ្ឋាភិបាល​កូរ៉េ មានបំណង​ចង់​បង្កើត​ស្លាក​សញ្ញា​ពិត​ប្រា​កកដ​មួយ​ដែល​បង្ហាញផ្លូវ​នៃ​ការរីកចម្រើន​ទំនាក់ទំនង​កូរ៉េខាងត្បូង​ និង​ខាងជើង​ប្រកបដោយ​និរន្តរភាព ការរំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​ការកសាង​ប្រព័ន្ធ​សន្តិភាព​ដោយ​និរន្ត​លើ​ឧ​ប​ទ្វិ​ប​កូរ៉េ​។​រដ្ឋាភិបាល​កូរ៉េ​មានបំណង​ចង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព តាមរយៈ​ការប្រកាស​បញ្ចប់សង្គ្រាម ដោយ​បញ្ចប់​ការផ្អាក​សង្គ្រាម​ដែល​បាន​ពន្យារពេល​អស់​រយៈ​ពេល​៦៥​ឆ្នាំ​កន្លងទៅ​។ ​​យើង​ត្រូវតែ​ទទួលបាន​ជោគជ័យ​លើ​កិច្ចប្រជុំ​កំពូល​កូរ៉េខាងត្បូង និង​ខាងជើង កូរ៉េខាងជើង និង​អាមេរិក ហើយ​ទើប​អាច​និយាយបានថា ទទួលបាន​ជោគជ័យ​តែម្តង​។ នៅ​ថ្ងៃ​ខាងមុខ​ទៀត​ទោះបី​សម្រេចការ​ព្រមព្រៀង​រវាង​កូរ៉េខាងត្បូង​និង​ខាងជើង​កូរ៉េខាងជើង​និង​អាមេរិក​ក៏ដោយ យើង​ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​របស់​បណ្តា​ប្រទេស​ជុំវិញ​យើង​ទាំងអស់ ក្នុង​ដំណើរការ អនុវត្ត​កិច្ចព្រមព្រៀង​នោះ​។​​ ខ្ញុំ​យល់ដឹង​ច្បាស់​អំពី​ដំណើរការ និក​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ដែល​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ក្នុងស្ថានភាព​ដ៏​លំបាក​នោះ​។ កម្ពុជា និង​កូរ៉េ យល់ដឹង​ច្បាស់​បំផុត​នូវ​សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព ដូច្នេះ​ប្រទេស​ទាំងពីរ​មាន​ក្តី​ស្រឡាញ់គ្នា​ទៅវិញទៅមក​ជាពិសេស​។ ​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ក៏​ធ្លាប់​លើកឡើង​ច្រើនលើក​រួចហើយ​ថា អាច​នឹង​កាត់បន្ថយ​ភាព​តានតឹង និង​ក្តីបារម្ភ​ពី​ពិភពលោក ក៏ដូចជា​តំបន់​ផងដែរ ដោយមាន​ការ​ស្វា​គម​កិច្ចប្រជុំ​កំពូល​រវាង​ង​កូរ៉េ​ទាំងពីរ និង​រវាង​កូរ៉េខាងជើង​និង​អាមេរិក​។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ និង​ចំណាប់អារម្មណ៍​លើ​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េខាងត្បូង និង​ខាងជើង កូរ៉េខាងជើង និង​អាមេរិក​។​
​ថ្ងៃទី​២៧ ខែមេសា សារព័ត៌មាន​នឹង​ផ្សព្វផ្សាយ​ផ្ទាល់ ឆាក​ដែល​ឯកឧត្តម មូ​ន ចេ អ៊ី​ន ប្រ​ធានា​ធិ​ប​តិ​នៃ​សាធារណរដ្ឋ​កូរ៉េ និង គីម ចង អ៊ឹ​ន មេដឹកនាំ​កូរ៉េខាងជើង​ជួបគ្នា​ដំបូង​។ សូម​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ផងដែរ មេត្តា​បន្ត​ជួយផ្តល់​ការគាំទ្រ និង​ចំណាប់អារម្មណ៍​៕B

លោក អូ ណាក់ យ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា និងអ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា (រូបថត ៖ សុផល)