បន់ស្រន់​សុំ​ទឹកភ្លៀង​នៅពេល​ទីក្រុង​ទីប្រជុំជន​ឥណ្ឌូនេស៊ី​ពោរពេញ​ដោយ​ផ្សែង​អ័ព្ទ​

1592
ចែករម្លែក

​ជន​អ៊ីស្លាម​ឥណ្ឌូនេស៊ី​រាប់ពាន់នាក់​កាលពី​ថ្ងៃ​ពុធ​ទី​១១​កញ្ញា​បាន​បន់ស្រន់​សុំ​ទឹកភ្លៀង​នៅតាម​ទីប្រជុំជន​នានា​លើ​កោះ​ស៊ូ​ម៉ា​ត្រា​និង​ប័រ​ណេ​អូនៅ​ពេល​ភ្លើងព្រៃ​រាប់រយ​កន្លែង​កំពុង​​ឆាបឆេះ​បង្ក​ផ្សែង​រកខ្យល់​ដកដង្ហើម​មិន​បាន​ចំពេល​ប្រទេស​ស្ថិត​នេះ​ក្នុង​រដូវក្តៅ​ស្ងួត នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​Antara​បាន​រាយការណ៍​។​

​ភ្លើងព្រៃ​បាន​ឆេះ​ឬ​ត្រូវ​បាន​ដុត​អោយ​ឆេះ​នៅ​ផ្នែក​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​និង​ប័រណេ​អូ អស់​ពេល​ជាង​១​ខែ​មក​ហើយ ហើយ​រដ្ឋាភិបាល​បាន​បញ្ជូន​ទាហាន ប៉ូលិស​និង​បុគ្គលិក​ទីភ្នាក់ងារ​​គ្រោះមហន្តរាយ​សរុប​៩.០០០​នាក់​ទៅ​ប្រយុទ្ធ​នឹង​អណ្តាតភ្លើង​រាប់រយ​កន្លែង​។​

​ប្រទេសជិតខាង​ឥណ្ឌូនេស៊ី ដូចជា​សិង្ហ​បុរី​និង​ម៉ាឡេស៊ី បាន​ត្អូញត្អែរ​អំពី​ផ្សែង​អ័ព្ទ​ដែល​ពួក​គេ​ចោទប្រកាន់​ថា​មក​ពី​ឥណ្ឌូនេស៊ី តែ​ឥណ្ឌូនេស៊ី​នៅ​សប្តាហ៍​នេះ​បាន​និយាយថា​ខ្លួន​​មិន​ត្រូវ​បន្ទោស​ចំពោះ​ផ្សែង​អ័ព្ទ​នាពេលនេះ​ទេ ដោយសារ​តែ​រូបភាព​ផ្កាយរណប​បង្ហាញ​ភ្លើងព្រៃ​ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​ជិតខាង​ខ្លួន​ជាច្រើន​។​

​មនុស្ស​រាប់ពាន់​នាក់​នៅ​សហគមន៍​លើ​កោះ​ស៊ូ​ម៉ា​ត្រា ធ្វើ​ពិធី​បន់ស្រន់​តាម​ប្រពៃណី​អ៊ីស្លាម ដើម្បី​សុំ​ទឹកភ្លៀង​។​ពិធី​ស្រដៀង​គ្នា​ក៏​ត្រូវបាន​ធ្វើ​នៅ​ក្រុង​កាលី​ម៉ាន់​តាន់ នៃ​កោះ​ប័រណេ​​អូ កន្លែង​ដែល​ខ្យល់អាកាស​ឡើង​ដល់​កំរិត​គ្រោះថ្នាក់​ដល់​សុខភាព និង​សាលារៀន​ត្រូវ​បង្ខំ​បិទទ្វារ​។​

​បណ្តា​ព្រះវិហារ​អ៊ីស្លាម​នៅ​ម៉ាឡេស៊ី​ក៏​មាន​ការជំរុញ​អោយ​ធ្វើ​ពិធី​បន់ស្រន់​សុំ​ទឹកភ្លៀង​ផងដែរ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​Bernama​។​

​សូមបញ្ជាក់​ថា អាជ្ញាធរ​ឥណ្ឌូនេស៊ី កំពុង​ប្រើ​ឧទ្ធម្ភាគចក្រ​៣៧​គ្រឿង​ដើម្បី​ទម្លាក់​ទឹក​ពន្លត់ភ្លើង​២៣៩​លាន​លីត្រ ហើយ​ប្រើ​យន្តហោះ​បង្កើត​ពពក​សិប្ប​និមិត្ត​ដើម្បី​បង្កើត​ភ្លៀង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​បាន​និយាយថា មាន​ភ្លើងព្រៃ​៥.០៦២​ចំណុច ត្រូវ​បាន​សង្កេតឃើញ​នៅក្នុង​ខេត្ត​ចំនួន​៦​របស់​ឥណ្ឌូនេស៊ី គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​១១​កញ្ញា​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​ក៏​ចាត់វិធានការ​ប្តឹង​កសិក​រណា​ដែល​ដុត​ព្រៃ​ខុសច្បាប់​ដើម្បី​រាន​ដី​ដាំ​ដំណាំ​។​កន្លង​មក​មនុស្ស​១៧៥​នាក់​ត្រូវបាន​ប្តឹង​ពី​បទ​ព្រហ្មទណ្ឌ​ចំពោះ​ការដុត​ព្រៃ​​ខុសច្បាប់​ហើយ​ក្រុមហ៊ុន​ដំណាំ​ដូង​ប្រេង​៤​ក៏​ប្រឈម​បណ្តឹង​ពី​បទ​ធ្វេសប្រហែស​បង្ក​ភ្លើងព្រៃ​៕​ដោយ​៖​វាសនា​

មនុស្ស​រាប់ពាន់​នាក់​នៅ​សហគមន៍​លើ​កោះ​ស៊ូ​ម៉ា​ត្រា ធ្វើ​ពិធី​បន់ស្រន់​តាម​ប្រពៃណី​អ៊ីស្លាម ដើម្បី​សុំ​ទឹកភ្លៀង​