បន់ស្រន់​សូម​ឲ្យ​ធ្វើបាន ជោគជ័យ​ក្នុង​ការរំដោះ​ចិញ្ចើមផ្លូវ​

215
ចែករម្លែក

អាជ្ញាធរ​ខណ្ឌ ៧​មករា ក្នុង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ លែង​ឈរ​បក់ផ្សែង​ទៀតហើយ ហើយ​ការអនុគ្រោះ​ឲ្យ​បងប្អូន​អាជីវករ ក៏ដូចជា​ប្រជា ពលរដ្ឋ ធ្វើ​អាជីវកម្ម​ទៅលើ​ចិញ្ចើមផ្លូវ​មួយ​ភាគបី​នៃ​ចិញ្ចើមផ្លូវ​នោះ​ក៏​លែង​ឲ្យ​មាន​ទៀត ដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហៀក ចាន់​លាង អភិបាលរងខណ្ឌ​៧​មករា​ក្នុង ពេលដែល​លោក លឹម សុភា អភិបាលខណ្ឌ​៧​មករា ដឹកនាំ​កម្លាំងចម្រុះ​ចុះ​រៀបចំ សណ្តាប់ធ្នាប់ នៅតាម​បណ្តោយ​ផ្លូវ​នេ​រុ​ហ៍ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​ព្រឹក ថ្ងៃទី​២៤ កក្កដា​កន្លងទៅ​។​
​ ​
អាជ្ញាធរ​ខណ្ឌ​៧​មករា​លែង​ឲ្យ​អ្នកលក់​ឡាន​និង​អ្នកលក់​ម៉ូតូ​នៅ​អម​សងខាង​ផ្លូវ​នេ​រុ​ហ៍ ចន្លោះ​ពី​ផ្សារ​ដេប៉ូ​មក​ស្តុ​ប​អាងទឹក​អូឡាំពិក ព្រមទាំង​ផ្លូវ​ចន្លោះ​ពី​វត្ត​មហាមន្ត្រី​ដល់ ស្តុ​ប​ពេទ្យ​ចិន ក្នុង​រាជធានី​ភ្នំពេញ តាំង​លក់​ឡាន និង​ម៉ូតូ លើ​ចិញ្ចើមផ្លូវ​ហៀរ​ស្ទើរតែ មកដល់​ទ្រូងផ្លូវ ដូច​មុន​ទៀតហើយ​។ ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃនេះ គេ​ឃើញ​ក្រុម​អ្នក លក់​ឡាន និង​ម៉ូតូ​ទាំងនោះ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បម្រាម​ថ្មី​នេះ​។​

​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ ត្រូវបាន​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ជាប្រចាំ​ក្នុង​បំណង​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ទុក​ចំណែក​ចិញ្ចើមផ្លូវ សម្រាប់​ថ្មើរជើង​ផង​។​
​ ​
​យ៉ាងណាក៏ដោយ វិធានការ​រំដោះ​ចិញ្ចើមផ្លូវ​របស់​អាជ្ញាធរ​ខ​ណ្ឌ ៧​មករា ថ្មី​ចុងក្រោយ នេះ មិនមែនជា​លើក​ទី​១​ទេ​។ ពោលគឺ​កន្លងមក អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា អាជ្ញាធរ​ខណ្ឌ ពិសេស​ខណ្ឌ ៧​មករា បានរៀបចំ​សណ្តាប់ធ្នាប់​លើ​កំណាត់​ផ្លូវ​ចន្លោះ ពី​វត្ត​មហាមន្ត្រី ទៅកាន់​ស្តុ​ប​ពេទ្យ​ចិន ច្រើនលើកច្រើនសារ​មក​ហើយ​។ តែ​បាន​តែមួយ ដង្ហើម ក្រុម​អ្នកលក់​ម៉ូតូ​គិរី​រម្យ បន្ត​ដាក់តាំង​ម៉ូតូ លើ​ចិញ្ចើមផ្លូវ​ហៀរ​ដល់​ទ្រង់​ផ្លូវ​ដដែល​។​

​ក៏ប៉ុន្តែ​លើក​នេះ អាជ្ញាធរ​ខណ្ឌ ៧​មករា លែង​ធម៌​ក្តៅ​ដោយ​ក្នុងពេល​រៀបចំ​សណ្ដាប់ ធ្នាប់ លើ​កំណាត់​ផ្លូវ​ទាំងពីរ​នេះ ដោយ​ប្រើប្រាស់​ជា​រូបភាព​ទ្រង់ទ្រាយ​ធំ​ពោលគឺ​បន្ទាប់ ពី​បាន​ជូនដំណឹង​ឲ្យ​ក្រុម​អ្នកលក់​ឡាន រក​ទីតាំង​ថ្មី រយៈពេល​ពីរ​សប្តាហ៍​រួចមកហើយ តែបើ​ពួកគាត់ នៅតែ​មិន​អនុវត្តតាម ទើប​អាជ្ញាធរ​ខណ្ឌ ៧​មករា​ចុះ​អនុវត្ត​ដោយ​ធ្វើការ ស្ទួ​ច​រថយន្ត​តាំង​លក់​ទាំងនោះ យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​តែម្ដង​។ ម៉ូតូ​ក៏​ដូចគ្នា បើ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ក៏ត្រូវ​លើកដាក់​ឡាន​ដឹក​យកទៅ​ទុក​នៅ សាលាខណ្ឌ​ដែរ​។​

​មិនមាន​អ្វី​ធ្វើ​មិនបាន​នោះទេ​។ ពោលគឺ​ឲ្យ​តែ​អាជ្ញាធរ​សមត្ថកិច្ច​អនុវត្ត​ច្បាស់លាស់​នូវ វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ ដោយ​មិនមាន​យកលុយ ដាក់​ខែ​ពី​ក្រុម​អ្នកលក់​ឡាន អ្នកលក់​ម៉ូតូ​ទាំងនោះ គឺ​ច្បាស់​ជា​អនុវត្តបាន​នូវ​វិធាន​ការរំដោះ​ចិញ្ចើមផ្លូវ​មិនថាតែ នៅ​កំណាត់​ផ្លូវ​ចន្លោះ​ពី​ផ្សារ​ដេប៉ូ ទៅ​ស្តុ​ប​អាងទឹក និង​ចិញ្ចើមផ្លូវ​ចន្លោះ​ពី​វត្ត​មហាមន្ត្រី ដល់​ស្តុ​ប​ពេទ្យ​ចិន​នោះទេ​។​

​វិធានការ​រឹតបន្តឹង​របស់​អាជ្ញាធ​រ​ខណ្ឌ ៧​មករា​នេះ គួរតែ​ធ្វើ​ដូច​ភ្លៀងរលឹម​ហើយ​បើ​ក្រុម អ្នកលក់​ឡាន អ្នកលក់​ម៉ូតូ​តាម​ផ្ទះល្វែង​ទាំងនោះ នៅតែ​បំពាន ដាក់តាំង​ឡាន​តាំង ម៉ូតូ​លក់​លើ​ចិញ្ចឹម​ផ្លូវ​ទៀត​នោះ អាជ្ញាធរ​ខណ្ឌ ៧​មករា​ក៏​គួរតែ​ស្ទួ​ច​យក​ឡាន​ម៉ូតូ ទាំងនោះ ទៅ​រក្សាទុក មួយ​សប្តាហ៍​ពីរ​សប្តាហ៍​ធ្វើ​កិច្ចសន្យា​ម្តង​ជា​ពីរដង​ហើយ​បើ​នៅ តែ​បំពាន គឺ​គួរតែ​រឹបអូស​យក​ឡាន​ម៉ូតូ​នោះ ហើយ​ប្តឹង​ម្ចាស់​ឡាន​ម៉ូតូ​ទាំងនោះ ទៅ​តុលាការ​ថែម​ទៀតផង​។​

​កន្លងមក​ក្រុម​អ្នកលក់ដូរ​ដែល​ចេះតែ​រំលោភ​ចិញ្ចើមផ្លូវ​ទៅបាន​ក៏​ដោយសារតែ​អាជ្ញាធរ សមត្ថកិច្ច​យើង ធ្វើការ​ដូច​វែក​ចក ពោលគឺ​មាន​អាជ្ញាធរ​សមត្ថកិច្ច​មួយ​ចំនួន​តូច​យក លុយ​ពី​ក្រុម​អ្នកលក់ដូរ​ទាំងនោះ ហើយក៏​ធ្មេចភ្នែក និង​មិន​អនុវត្ត​នូវ​វិធានការ​តឹងរឹង​។ នៅពេល​ចៅហ្វាយក្រុង​ស្រែក ទើប​ភ្ញាក់រលឹក ចុះ​ស្រែក​មេក្រូ​រៀបចំ​សណ្តាប់ធ្នាប់​។ តែ​នៅពេល​មេ​រាង​ស្ងាត់ អាជ្ញាធរ​ថ្នាក់ក្រោម ក៏​ស្ងាត់​ដែរ​។

​ប៉ុន្តែ​យ៉ាងណាក៏ដោយ វិធានការ​របស់​អាជ្ញា​ធរ​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​លើក​នេះ គេ​សង្ឃឹមថា ជា​វិធានការ​ម៉ឺងម៉ាត់​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​សោ​ភណ្ឌ​ភាព ផ្លូវ​ផង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផង និង​ដើម្បី​ទុក​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក ថ្មើរជើង​ផង​។ សូម​ចូលរួម​ទាំងអស់គ្នា ទាំង​អ្នកលក់ដូរ ដែល​តែងតែ​រំលោភ​ចិញ្ចើមផ្លូវ និង​ចូលរួម​អនុវត្ត ឃ្លាំមើល​ពី​អាជ្ញាធរ​សមត្ថកិច្ច​ផងដែរ​៕ ដោយ​: ម៉េង​ឆៃ​