បន្ត​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ពេល​គ្រោះថ្នាក់​ចរាចរណ៍​អត់​ថមថយ​

120
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង កាលពី​ថ្ងៃទី​១១​ខែសីហា បាន​ចុះ​ត្រួតពិនិត្យ តាមដាន​វាយតម្លៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​កងកម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត និង​ស្រុក​អូរជ្រៅ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ឃុំ​កូប​ស្រុក​អូរជ្រៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ​ដោយ​ទោចក្រយានយន្ត គឺ​ត្រូវតែ​ពាក់មួក​ពាក់​សុវត្ថិភាព​ដែល​អាចជួយ​ការពារ​ក្បាល​របស់​លោកអ្នក បើសិន​ដួល​បោក​ក្បាល​។ ជាងនេះទៅទៀត ច្បាប់​តម្រូវ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ទាំង​អ្នកបើកបរ​និង​អ្នករួមដំណើរ​។ ហើយ​ម៉ូតូ​១​គ្រឿង​អាច​បើកបរ និង​ជិះ​រួម​ដំណើរ​បានតែ​២​នាក់​។ តែបើ​៣​នាក់​បាន​ត្រឹម​ក្មេង​អាយុ​៣​ឆ្នាំ​ចុះ​។ ចំពោះ​៣​ឆ្នាំ​ឡើង ក៏ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ផងដែរ​។ ចំណែកឯ​បើកបរ​រថយន្ត ទាំង​អ្នកបើក​និង​អ្នករួមដំណើរ ក៏ត្រូវ​តែ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​។​

​នាឱកាស​នោះ លោកស្នងការ ស្នងការរង បាន​បំពាក់​ពួក​សុវត្ថិភាព និង​ធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ងំ​ណើ​រ​ជិះ​ម៉ូតូ និង​អ្នករួមដំណើរ មិន​ពាក់មួក​សុវត្ថិភាព​។​

​យោងតាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​បង្ហាញថា​៖ ចាប់​ពីថ្ងៃ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពីថ្ងៃ​ទី​១៩​ខែកក្កដា​មកទល់​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០១៩ សមត្ថកិច្ច​រកឃើញថា អ្នកប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ រកឃើញ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ចំនួន​៥,៥៧៦​នាក់ និង​អ្នករួមដំណើរ ចំនួន​៣,៤១១​នាក់​។​

​រីឯ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​សប្តាហ៍​កន្លងមកនេះ កើតមាន​ចំនួន​៦​ករណី​លើ​២​ករណី បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៦​នាក់ លើ​២​នាក់ បើ​ធៀប​នឹង​រយ​:​ពេល​ដូចគ្នា​ក្នុង​ខែ​មុន​។ គឺ​កើនឡើង​៤​នាក់​ស្មើនឹង​២០០%, របួសធ្ងន់​ចំនួន​២​នាក់ ស្មើនឹង​១០០%,​របួសស្រាល​ចំនួន​២​នាក់ កើនឡើង​ចំនួន​២​នាក់​ស្មើ​នឹ​១០០% ។​ផ្នែក​សម្ភារៈ​ក៏​ខូចខាត​យ៉ាងច្រើន​៕