បន្ត​រំដោះ​ក្មេង​ជាប់​ក្នុង​ល្អាង​ភ្នំ​នៅ​ថ្ងៃទី​២ បន្ទាប់ពី​យក​ក្មេង​បាន​៤​នាក់​ចេញពី​រូង​

3070
ចែករម្លែក

អាជ្ញាធរថៃនិយាយថា នៅថ្ងៃចន្ទទី៩កក្កដាគេបានបន្តប្រតិបត្តិការរំដោះសមាជិកក្រុមបាល់ទាត់វ័យក្មេងថៃចេញពីល្អាងរូងភ្នំដែលត្រូវទឹកជន់លិច ក្រោយពីក្មេង៤នាក់ដំបូងត្រូវបានអ្នកមុជទឹកនាំចេញមកក្រៅដោយជោគជ័យកាលពីថ្ងៃអាទិត្យ។

គេបានអោយដឹងថា ក្មេង៤នាក់ដែលត្រូវបានជួយសង្រ្គោះ ឃ្លានខ្លាំងតែមានសុខភាពល្អទេនៅក្នុងមន្ទីរពេទ្យមួយក្នុងខេត្តឈៀងរ៉ៃ។

ចំណែករដ្ឋមន្រ្តីមហាផ្ទៃថៃ លោកអានុពង់ ផាវចិន្តា បានអោយដឹងថា ក្មេង៤នាក់ដែលត្រូវបាននាំចេញពីល្អាងថាំលួងកាលពីយប់ថ្ងៃអាទិត្យ ពេលនេះសម្រាកនៅមន្ទីរពេទ្យChiangrai Prachanukroh Hospital ក្នុងខេត្តឈៀងរ៉ៃ និងពួកគេមានសុខភាពល្អទេតែម៉ែឪនិងសាច់ញាត់នៅមិនទាន់ត្រូវបានអនុញ្ញាតអោយចូលជួបនៅឡើយទេ។

ប្រតិបត្តិការទី២បានចាប់ផ្តើមនៅម៉ោង១១ព្រឹកថ្ងៃចន្ទ និងវាត្រូវការពេលជាច្រើនម៉ោងដើម្បីនាំជនរងគ្រោះចេញមកក្រៅតែ អាជ្ញាធរបានផ្អាកការងារចូលនាំក្មេងទាំងនេះមួយរយៈពេលខ្លីកាលពីថ្ងៃចន្ទដើម្បីដាក់ធុងឧស្ម័នតាមផ្លូវចេញអោយបានគ្រប់។

ក្មេង៨នាក់និងគ្រូរបស់ពួកគេម្នាក់ស្ថិតនៅក្នុងល្អាងនៅឡើយ។ប្រតិបត្តិការនាំពួកគេចេញអាចបន្តធ្វើបានទាល់តែធុងខ្យល់អុកស៊ីសែនត្រូវបានគេដាក់នៅតាមផ្លូវជម្លៀសពួកគេរួចរាល់។

សូមបញ្ជាក់ថាក្មេង៤នាក់ដែលត្រូវនាំចេញពីរូងកាលពីថ្ងៃអាទិត្យ ៣នាក់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ និងម្នាក់ដឹកតាមរថយន្តពេទ្យ។

ពួកមន្រ្តីបាននិយាយថា វាអាចចំណាយពេល៤ថ្ងៃទើបអាចសង្រ្គោះក្មេង៨នាក់និងគ្រូរបស់គេចេញពីក្នុងល្អាងភាគខាងជើងថៃនេះបានអស់។

ក្រុមក្មេងបាល់ទាត់នេះបានជាប់ក្នុងល្អាងភ្នំចាប់តាំងពីថ្ងៃ២៣មិថុនា នៅពេលការធ្លាក់ភ្លៀងខ្លាំងបានជន់លិចរូងល្អាងភ្នំបីបួនកង់ជាហេតុនាំអោយពួកគេចេញមកក្រៅមិនកើត។

រំលឹកថា ពួក​អ្នក​មុជទឹក​ទាំង​ថៃ​និង​បរទេស​១៨នាក់បាន​ចូលក្នុង​ល្អាង​ថាំ​លួង​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃអាទិត្យ​ដើម្បី​ចាប់ផ្តើម​បេសកកម្ម​សង្គ្រោះ​ដ៏​គ្រោះថ្នាក់​ក្នុង​ការរំដោះ​ក្មេងប្រុស​១២​នាក់​​និង​គ្រូ​របស់គេ​ម្នាក់​។​

​មុននេះ​ពួក​មន្ត្រី​បាន​និយាយថា លឿន​បំផុត​ពេលដែល​អ្នក​នៅរ​ស់​ដំបូង​អាច​ចេញពី​រូង​គឺ​នៅ​ម៉ោង​៩​យប់ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ក្មេង​ដំបូង​បាន​​ចេញពី​ល្អាង​ភ្នំ​នៅ​ម៉ោង​៥:៣៧​ល្ងាច និង​ទី​ពីរ​នៅ​ម៉ោង​៥:៥០​ល្ងាច​ថ្ងៃអាទិត្យ។​

ការសង្រ្គោះថ្ងៃទី២នេះ ធ្វើឡើងដោយក្រុមអ្នកមុជទឹកដដែលដោយសារពួកគេស្គាល់និងស៊ាំនឹងផ្លូវទឹកស្រាប់៕ដោយ៖វាសនា

ក្រុមដដែលចូលសង្រ្គោះក្មេងនៅថ្ងៃទី២ ដោយសារពួកគេស្គាល់ផ្លូវចេញចូលស្រាប់

#