បន្ថែមជំនាញដល់មន្រ្តីត្រួតពិនិត្យ ឧស្សាហកម្មភាពយន្ត

191
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ដើម្បីអោយសា្នដៃភាពយន្តដែលផលិតចេញមកមានគុណភាពទាំងសាច់រឿង និងបច្ចេកទេស និងក្នុងគោលបំណងពង្រឹងការងារគ្រប់គ្រងវិស័យភាពយន្តនៅព្រះ រាជាណាចក្រកម្ពុជាឲ្យមានប្រសិទ្ធិភាព សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយ និរន្តរភាព ភាពជឿទុកចិត្តក្នុងផ្តល់សេវាសាធារណៈលើវិស័យភាពយន្តឲ្យ កាន់តែ ល្អប្រសើរឡើង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពមន្រ្តីត្រួតពិនិត្យ ឧស្សាហកម្មភាពយន្ត» កាលពីថ្ងៃ សុក្រ ទី៦ កញ្ញា ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់ពី ក្រោមអធិបតីភាព លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាន ថ្លែងថា ការពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្តនាថ្ងៃនេះ គឺត្រូវ អញ្ជើញមន្ត្រីគ្រប់គ្រងភាពយន្តពីការិយាល័យវប្បធម៌និងវិចិត្រសិល្បៈគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ព្រមទាំងមន្ត្រីមកពីមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល ដើម្បីមកជជែកពិភាក្សាផ្លាស់ប្តូរយោបល់អំពី តួនាទី ភារកិច្ចនិងការទទួលខុសត្រូវ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត ការងារ របស់មន្ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបន្ថែមថា លោជឿជាក់ថា មន្ត្រីគ្រប់គ្រងត្រួតពិនិត្យឧស្សាហកម្មភាព យន្តរបស់​​ ពិសេសមន្ត្រីនៅតាមមូលដ្ឋាន នឹងទទួលបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍នានាដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ សំដៅលើក កម្ពស់ ប្រសិទ្ធការងារគ្រប់គ្រងវិស័យភាពយន្ត និងការផ្តល់សេវា សាធារណៈ លើវិស័យ ភាពយន្តឲ្យកាន់តែមានឲ្យកាន់តែមានភាពល្អប្រសើរ ជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានភាពយន្ត ក្នុងរយៈពេល៥ឆ្នាំ។ គិតចាប់ពី ឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៨ ចំណូលដែលប្រមូលបានមកពីការផ្តល់សេវាសាធារណៈ លើវិស័យភាពយន្តមានការរីកឡើងគួរអោយកត់សម្គាល់ពោលនៅក្នុងឆ្នាំ ២០១៤ ថវិការដែលប្រមូលបានជាង៧៣លានរៀល ចំណែកឆ្នាំ ២០១៨ បានប្រមាណងជាង ៩០០លានរៀល។

ជាមួយគ្នានេះ ចំនួនទស្សនិកជនដែលចូលទស្សនាភាពយន្តតាមរោងភាព យន្តនានាបានកើនឡើងប្រមាណជាង ៥លាននាក់នៅទូទាំងប្រទេស ហើយចំណូលពី ការលក់សំបុត្រកុនមានចំនួនប្រហែលជាង ១៥លានដុល្លារក្នុងមួយឆ្នាំ។ដោយពិនិត្យ ឃើញនូវការកំណើននៃតម្រូវការសេវាសាធារណៈលើវិស័យភាពយន្តមានការកើនគួរឲ្យកត់សម្គាល់នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានភាពយន្តបាន ដាក់អាទិភាពជាដំបូងលើការលើកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាព មន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្ត និងមន្ត្រីដែលផ្តល់សេវាសាធារណៈ ឲ្យកាន់តែ មានសមត្ថភាពគ្រប់គ្រាន់ តាមរយៈការកសាងចំណេះដឹង ជំនាញ និងលទ្ធភាព បំពេញការងាររបស់មន្ត្រីរាជការ និងធ្វើការផ្លាស់ប្តូរជាបណ្តើរៗនូវអកប្បកិរិយា ផ្នត់គំនិត និងឥរិយាបថក្នុងការបំពេញការងាររបស់មន្ត្រីរាជការ ឲ្យប្រែក្លាយ ពីអ្នកត្រួតត្រា ទៅជាអ្នកគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាជន ៕

#