បន្ថែម​លើ​កាតព្វកិច្ច​ការពារ​ទេ​, សមត្ថកិច្ច​ត្រូវ​មើលថែ​បង្គោល​ខណ្ឌសីមា​ឱ្យបាន​គង់វង្ស​

753

(​កំពត​)៖ បន្ថែម​ពីលើ​កាតព្វកិច្ច​ការពារ​ទឹកដី សមត្ថកិច្ច​ព្រំដែន​ត្រូវ​ឃ្លាំមើល និង​ថែរក្សា​បង្គោល​ខណ្ឌសីមា​ន​ឱ្យនៅ​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​យូរអង្វែង​។ នេះ​ជាការ​ក្រើនរំលឹក​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​។​

​ក្រោយពី​ការចុះពិនិត្យ​សកម្មភាព​បោះបង្គោល​បំពេញបន្ថែម ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម នា​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ដែល​អមដំណើរ​ដោយ លោក​ចាន់ ចេស្តា អភិបាល​ខេត្តកំពត នៅ​ល្ងាច​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន បាន​មានប្រសាសន៍​ទៅកាន់​កម្លាំង​ការពារ​ព្រំដែន​គោក​ឈរជើង ក្នុង​ខេត្តកំពត​ថា ជាមួយ​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹកដី កម្លាំង​យោ​ធោ និង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ត្រូវ​ឃ្លាំមើល​ជាប្រចាំ នូវ​បង្គោល​ខណ្ឌសីមា​ដែល​បាន​បោះ​រួចរាល់​។ ជា​មោទនភាព​ណាស់ ដែល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន កម្ពុជា​សម្រេចបាន​នូវ​ការបោះបង្គោល​ព្រំដែន​គោក ប្រកបដោយ​ភាពជោគជ័យ​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា ការទទួលបាន​លទ្ធផល​វិជ្ជមាន​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ អាស្រ័យ​លើក​ត្តា​ចម្បងៗ​មួយចំនួន ដូចជា បញ្ហា​សន្តិភាព ការស្រុះស្រួល​គ្នា​រវាង​ប្រទេស​ដែលជា​សម​ភាគី​ទាំងពីរ ក្នុង​ស្មារតី​ភាត​រៈ ដោយ​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ​ផ្នែក​ការទូត​ជាដើម​។ ដូច្នេះ កម្លាំង​សមត្ថកិច្ច​ទាំងអស់ ក៏ដូចជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ថែរក្សា​បង្គោល​ខណ្ឌសីមា​ទាំងនោះ ឱ្យនៅ​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ច្រើន​ជំនាន់​បន្តទៅ​មុខ​។​

​សូមបញ្ជាក់ថា​ភូមិសាស្ត្រ នៃ​ខេត្តកំពត​ជាប់​ព្រំប្រទល់​ជាមួយ​ទឹកដី​ប្រទេស​វៀតណាម មាន​ប្រវែង​៤២,៣​គីឡូម៉ែត្រ​។ រយៈ​ប្រវែង​នេះ ត្រូវ​បោះបង្គោល​ព្រំដែនគោល​ធំៗ​១៩​កន្លែង ក្នុងនោះ​បានធ្វើ​ហើយ​រួចរាល់​ចំនួន​១៨​បង្គោល ក្រោម​ការចំណាយ​ពី​ភាគី​វៀតណាម​។ ដោយឡែក​បង្គោល​បំពេញបន្ថែម​ចំនួន​៧០ បានធ្វើ​រួចរាល់​៦០​បង្គោល​ហើយ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់ជូន​កងវិស្វកម្ម​ដែលមាន​ជំនាញ​ច្បាស់លាស់​ជា​អ្នក​សាងសង់​។ ជាមួយគ្នានេះ ដែរ​ក៏​នៅមាន​បង្គោល​តម្រុយ​ចំនួន​បួន​បន្ថែមទៀត​ដែល​បានធ្វើ​ហើយ​រួចរាល់​ជា​ស្ថាពរ​៕L ដោយ​៖ បូកគោ