បន្ទាប់ពីរុះរើសំណង់ខុសច្បាប់៤៩​ខ្នងរួចមក អាជ្ញាធរស្រុកបន្ទាយស្រីផ្អាកបណ្តោះអាសន្ន តែទុករយៈពេល៧ថ្ងៃអោយម្ចាស់សំណង់ផ្សេងទៀតរុះរើដោយខ្លួនឯង

177
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ អាជ្ញាធរស្រុកបន្ទាយស្រីបានទុកពេល៧ថ្ងៃ ដើម្បីអោយប្រជាពលរដ្ឋសង់ទីលំនៅក្នុងភូមិនានា ឃុំត្បែង ស្រុកបន្ទាយស្រី រុះរើសំណង់ដោយខ្លួនឯង ។ការដែលអាជ្ញាធរស្រុកបន្ទាយស្រីអោយប្រជាជនដែលតាំងទីលំនៅខុសច្បាប់លើដីរដ្ឋរុះរើដោយខ្លួនឯងនេះ គឺជាសេចក្តីជូនដំណឹងលើកទី២ បន្ទាប់ពីសេចក្តីជូនដំណឹងលើកទី១ រុះរើអស់ចំនួន៤៩ខ្នងរួចមកហើយ។

យោងតាមសេចក្តីជូនដំណឹងរបស់អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានកំណត់រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែវិច្ឆិកាជាកំណត់ត្រូវរុះរើដោយខ្លួនឯង ។សេចក្តីជូនដំណឹងបានបញ្ជាក់ដែរថា អោយបញ្ឈប់ជាបន្ទាន់ផងដែរនៅសកម្មភាពសាងសង់សំណង់ថ្មីឬ បន្ថែមលើសំណង់ចាស់ លើដីសាធារណៈរបស់រដ្ឋបន្តទៀត។

ក្នុងសេចក្តីជូនដំណឹងលើកទី២ដែរនោះ បានបញ្ជាក់ថាតំបន់ដែលហាមឃាត់នោះទី១ស្ថិតនៅចំណុចចំបក់៣ដើម ក្នុងភូមិត្បែងលិច , ទី២ស្ថិតនៅចំណុចអូរបុស្សព្រាល ក្នុងភូមិស្រះខ្វាវ ក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ អាជ្ញាធរមូលដ្ឋានស្រុកបន្ទាយស្រី ដែលដឹកនាំបញ្ជារដោយតំណាងអាយ្យាការអមសាលាដំបូងខេត្តសៀមរាប ចុះរុះរើសំណង់ខុសច្បាប់ នៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី បានចំនួន៤៩ខ្នង ហើយក៏ផ្អាកបណ្តោះអាសន្នដោយទុករយៈពេល៧ថ្ងៃដូចសេចក្តីជូនដំណឹងខាងលើ។

សមត្ថកិច្ចនៅទីនោះនិយាយថា សំណង់ខុសច្បាប់ដែលសាងសង់លើដីរដ្ឋនៅចំនុចខាងលើមានចំនួនរាប់រយខ្នងឯណោះ ដែលមិនទាន់បានរុះរើ ព្រោះថានេះជាសំណង់ធ្វើទាំងបំពានលើដីរដ្ឋជាបន្តបន្ទាប់រាប់ឆ្នាំមកហើយ ដែលអាជ្ញាធរបរាជ័យជាបន្តបន្ទាប់ ក្នុងការរុះរើសំណង់ខាងលើ។

តំបន់នោះដែរកន្លងមកក៏មានរឿងរ៉ាវអាជ្ញាធរដែនដីជាដើមបណ្តឹង ប្តឹងមកតុលាការហើយឈានដល់ការចាប់មេក្លោងដែលបំផុសអោយប្រជាពលរដ្ឋចាប់ដីរដ្ចំនួន៤ទៅ៥នាក់ដាក់ពន្ធនាគារ ហើយប្រជាជនដែលខុសច្បាប់ទាំងនោះក៏លើកគ្នាមកតុលាការខេត្តសៀមរាប ដើម្បីទាមទារអោយមានការដោះលែងមេក្លោងទាំងនោះទៀតផង៕B/